រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ថា​ហុងកុង​លែង​មាន​ស្វ័យភាព​ពី​ចិន​ដីគោក​ទៀត​ហើយ

រូប​ឯកសារ៖ លោក Mike Pompeo រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​ ថ្លែង​ក្នុង​អំឡុងពេល​ធ្វើ​សន្និសីទ​កាសែត​មួយ​ នៅ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី ២០ ខែឧសភា ឆ្នាំ​២០២០។

រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិកលោក​ Mike Pompeo កាល​ពី​ថ្ងៃ​ពុធ បាន​ជូន​ដំណឹង​ទៅ​សភា​សហរដ្ឋអាមេរិក​ថា រដ្ឋបាល​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ លែង​ចាត់​ទុក​ក្រុងហុងកុង​ថាជា​ដែនដី​ដែល​មាន​ស្វ័យភាព​ពី​ប្រទេស​ចិន​ដី​គោក​ទៀត​ហើយ។

លោក Pompeo បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «ហុងកុងលែង​បន្ត​ទទួល​បាន​នូវ​សិទ្ធិ​ក្រោម​ច្បាប់​សហរដ្ឋ​អាមេរិក​ ដូច​ពេល​ច្បាប់​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​អនុវត្ត​ចំពោះ​ហុងកុង​នៅ​មុន​ខែ​កក្កដា​ ឆ្នាំ​១៩៩៧​ទៀត​ហើយ»។​

ការ​ជូនដំណឹង​នេះ​នឹង​អនុញ្ញាត​ឲ្យ​សហរដ្ឋ​អាមេរិកដក​នូវ​លក្ខខណ្ឌ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​និង​ហិរញ្ញវត្ថុ​ពិសេស​ដែល​ខ្លួន​ផ្តល់​ឲ្យ​ក្រុង​ហុងកុង ចាប់​តាំង​ពី​អតីត​ដែនដី​អាណានិគម​អង់គ្លេស​នេះ​ត្រូវ​បាន​ផ្ទេរឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់ប្រទេស​ចិន​វិញ។

កាល​ពី​ថ្ងៃ​ពុធ ប៉ូលិសហុងកុង​បាន​ធ្វើ​ការ​ចាប់​ខ្លួនមនុស្ស​ជាង​៣០០​នាក់​ដែល​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​សេចក្តី​ព្រាង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ ដែល​រំពឹង​ថា​នឹង​ត្រូវ​គេ​អនុម័ត​នៅ​ថ្ងៃ​ព្រស្បតិ៍នេះ និង​សេចក្តី​ព្រាង​ច្បាប់​ដែល​នឹងដាក់​ទោស​ឧក្រិដ្ឋ​ចំពោះ​អ្នក​ដែល​មិន​គោរព​ភ្លេង​ជាតិ​ចិន៕