សន្ទស្សន៍ទីផ្សារភាគហ៊ុនអាស៊ីមានភាពចម្រុះ នៅថ្ងៃពុធនេះ នៅពេលដែលការព្រួយបារម្ភទាក់ទិននឹងសំណើច្បាប់សន្តិសុខជាតិរបស់ចិនសម្រាប់ទីក្រុងហុងកុង លុបលើសុទិដ្ឋិនិយមអំពីការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩។
សន្ទស្សន៍ភាគហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ចុះ ០,៨% នៅល្ងាចថ្ងៃពុធនេះ។ ចំណែកឯសន្ទស្សន៍ភាគហ៊ុននៅទីក្រុងសៀងហៃវិញ បានធ្លាក់ចុះ ០,៣%។ សន្ទស្សន៍ភាគហ៊ុន S&P/ASX នៅទីក្រុងស៊ីដនីបានធ្លាក់ចុះ ៥ ពិន្ទុ នៅថ្ងៃពុធនេះ ប៉ុន្តែមិនមានការប្រែប្រួលសំខាន់ណាមួយលើភាគរយជាទូទៅនោះទេ។
សន្ទស្សន៍ភាគហ៊ុន Nikkei របស់ជប៉ុន បានបញ្ចប់ការជួញដូរប្រចាំថ្ងៃរបស់ខ្លួន នៅថ្ងៃពុធនេះ ដោយកើនឡើងចំនួន ០,៧%។ រីឯសន្ទស្សន៍ភាគហ៊ុន TSEC របស់តៃវ៉ាន់វិញបានកើនឡើង ០,១% ហើយសន្ទស្សន៍ភាគហ៊ុន KOSPI របស់ទីក្រុងសេអ៊ូល បានកើនឡើង ១,៤ ពិន្ទុ ប៉ុន្តែមិនមែនការប្រែប្រួលណាមួយលើភាគរយជាទូទៅទេ។
សហរដ្ឋអាមេរិក និងបណ្ដាបស្ចិមប្រទេសដទៃទៀត បានប្រឆាំងទៅនឹងសំណើច្បាប់សន្តិសុខជាតិនេះ ដែលច្បាប់នេះមានគោលបំណងរារាំង និងដាក់ទោសលើសកម្មភាព «ផ្ដាច់ឯករាជ្យ ផ្ដួលរំលំរដ្ឋអំណាច ឬក៏ភេរវកម្ម»។
ក្រុមពាណិជ្ជកម្មនានាបានបញ្ជាក់ការព្រួយបារម្ភថា សំណើច្បាប់នេះនឹងធ្វើឲ្យចុះខ្សោយដល់ឋានៈរបស់ទីក្រុងហុងកុង ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសាកលលោក។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានគំរាមចាត់វិធានការប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំង ប្រសិនបើសំណើច្បាប់នេះត្រូវបានអនុម័ត ដែលករណីនេះបានបន្ថែមនូវភាពតានតឹងបន្ថែមទៀតដល់ទំនាក់ទំនងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេបំផុតទាំងពីរ នៅលើពិភពលោកនេះ៕