រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ជួប​ពិភាក្សា​ជាមួយ​ក្រុម​មេដឹកនាំ​អារ៉ាប៊ីសាអូឌីត​អំពី​វិបត្តិ​អ៊ីរ៉ង់

លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នៅ​មូលដ្ឋាន​យោធា​រួម​ នៅ​ក្នុង​រដ្ឋ Maryland កាលពី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ មុន​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង Jeddah ប្រទេស​អារ៉ាប៊ីសាអូឌីត។

នៅ​ថ្ងៃ​ចន្ទ​នេះ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​ជួប​ជាមួយ​នឹង​ក្រុម​មេដឹកនាំ​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត ស្រប​ពេល​ដែល​លោក​ចង់​សហការ​សម្របសម្រួល​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​នានា​ទាក់ទិន​នឹង​ភាព​តានតឹង​កើន​ឡើង​ជាមួយ​នឹង​ប្រទេស​អ៊ីរ៉ង់។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​មួយ​ថ្ងៃ ដែល​ធ្វើ​ឡើង​បន្ទាប់ពី​ប្រទេស​អ៊ីរ៉ង់​បាន​បាញ់​ទម្លាក់​យន្តហោះ​ដ្រូន​មួយ​គ្រឿង​របស់​សហរដ្ឋ​អាមេរិក​មក លោក Pompeo បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Jeddah ប្រទេស​អារ៉ាប៊ីសាអូឌីត និង​បាន​ជួប​ជាមួយ​នឹង​ព្រះ​មហាក្សត្រ Salman នៅ​ឯ​ព្រះ​រាជ​វាំង​របស់​ព្រះ​អង្គ។

ក្រោយ​មក លោក Pompeo បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ Mohammed bin Salman។ នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ លោក Pompeo និង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម។

ទាំង​ប្រទេស​អារ៉ាប៊ីសាអូឌីត ក៏​ដូចជា​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម សុទ្ធតែ​គាំទ្រ​វិធានការ​តឹងតែង​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់ ដែល​ជា​គូ​ប្រជែង​នៅ​ក្នុង​តំបន់។

លោក Pompeo បាន​ប្រាប់​អ្នក​កាសែត​មុន​ពេល​លោក​ធ្វើ​ដំណើរ​ចាកចេញ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន​ថា ប្រទេស​អារ៉ាប៊ីសាអូឌីត និង​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម​គឺ​ជា «សម្ព័ន្ធមិត្ត​ដ៏​អស្ចារ្យ​ពីរ​ដើម្បី​ទប់ទល់​នឹង​ការ​ប្រឈម​ដែល​អ៊ីរ៉ង់​បង្ក​ឡើង‍‍»។

លោក​បាន​បន្ថែម​ថា៖ «យើង​នឹង​ពិភាក្សា​ជាមួយ​ពួកគេ​អំពី​វិធី​ដែល​ធ្វើ​ឲ្យ​ច្បាស់​ថា យើង​ទាំង​អស់​គ្នា​ជា​សម្ព័ន្ធមិត្ត​បែប​យុទ្ធសាស្ត្រ និង​អំពី​វិធី​ដែល​យើង​អាច​កសាង​សម្ព័ន្ធ​ភាព​សាកលលោក​មួយ»។

លោក​បាន​បន្ថែម​ថា សហរដ្ឋ​អាមេរិក​បង្កើត​សម្ព័ន្ធ​ភាព «មិន​ត្រឹមតែ​ជាមួយ​បណ្ដា​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រ​ពែក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជាមួយ​បណ្ដា​ប្រទេស​នៅ​ទ្វីប​អាស៊ី និង​ទ្វីប​អឺរ៉ុប​ណា ដែល​យល់​អំពី​ការ​ប្រឈម​នេះ និង​ដែល​ត្រៀម​ខ្លួន​តបត​វិញ​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់ ដែល​ជា​ប្រទេស​គាំទ្រ​អំពី​ភេរវកម្ម​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក»៕