លោក Pompeo នឹង​ធ្វើ​ទស្សនកិច្ច​​នៅ​អាស៊ី​ខាង​ត្បូង​ខណៈ​ភាព​តានតឹង​ជាមួយ​ចិន​កាន់តែ​ខ្លាំង​ឡើង

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo ពាក់​ម៉ាស់​មុខ ក្រោយ​ពី​លោក​បាន​ថ្លែង​នៅ​ឯ​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ២០២០។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo នឹង​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល​មួយ​សប្តាហ៍​ទៅកាន់​តំបន់​អាស៊ី​ខាង​ត្បូង​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​កំពុង​ទប់ទល់​នឹង​ប្រទេស​ចិន ទាក់ទិន​នឹង​ការ​ប្រឈម​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​និង​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។

មន្ត្រី​ការទូត​កំពូល​សហរដ្ឋ​អាមេរិក​រូប​នេះ នឹង​ធ្វើ​ដំណើរ​ទៅកាន់​រដ្ឋធានី​ញូវដែលី​នៃ​ប្រទេស​ឥណ្ឌា រដ្ឋធានី​កូឡំបូ​នៃ​ប្រទេស​ស្រីលង្កា រដ្ឋធានី​ម៉ាល​នៃ​ប្រទេស​ម៉ាល់ឌីវ និង​រដ្ឋធានី​ហ្សាការតា​នៃ​ប្រទេស​ឥណ្ឌូណេស៊ី ចាប់ពី​ថ្ងៃ​ទី ២៥ ដល់​ថ្ងៃ​ទី ៣០ ខែ​តុលា​នេះ។

លោក​រដ្ឋមន្ត្រី Pompeo បាន​ប្រាប់​អ្នក​កាសែត​កាលពី​ថ្ងៃ​ពុធ​ក្នុង​អំឡុង​ពេល​ធ្វើ​សន្និសីទ​កាសែត​នៅ​ឯ​ក្រសួង​ការបរទេស​ថា៖ «នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ខ្ញុំ​ក្នុង​ប្រទេស​នីមួយៗ ខ្ញុំ​នឹង​ពិភាក្សា​អំពី​បញ្ហា​ទ្វេភាគី​នានា ក៏ប៉ុន្តែ​ក៏​ធ្វើការ​ជាមួយ​នឹង​ប្រទេស​ទាំង​នោះ​ដើម្បី​ស្វែងរក​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដែល​យើង​អាច​ធ្វើ​ឲ្យ​ច្បាស់​ថា យើង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​ដើម្បី​រក្សា​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ឲ្យ​មាន​លក្ខណៈ​សេរី និង​បើក​ចំហ»។

លោក Pompeo បាន​បន្ថែម​ថា ជំនួប​របស់​លោក​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ក៏ «នឹង​មាន​ការ​ពិភាក្សា​អំពី​វិធី​ដែល​ប្រទេស​សេរី​អាច​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​រារាំង​ការ​គំរាមកំហែង​ដែល​បង្ក​ឡើង​ដោយ​គណបក្ស​កុម្មុយនីស្ត​ចិន​ផង​ដែរ»។

នៅ​ក្នុង​ប្រទេស​ឥណ្ឌា លោក Pompeo និង​រដ្ឋមន្ត្រី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​លោក Mark Esper នឹង​ចូលរួម​ជាមួយ​នឹង​សមភាគី​របស់​ពួកគេ​នៅ​ក្នុង​កិច្ច​សន្ទនា​ថ្នាក់​រដ្ឋមន្ត្រី​ប្រចាំ​ឆ្នាំ ២+២ រវាង​សហរដ្ឋ​អាមេរិក​និង​ឥណ្ឌា។ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ថា ការ​ពិភាក្សា​នឹង​ផ្ដោត​លើ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​សហរដ្ឋ​អាមេរិក​និង​ឥណ្ឌា និង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សន្តិសុខ។

នៅ​ក្នុង​ប្រទេស​ស្រីលង្កា លោក Pompeo បាន​បញ្ជាក់​ថា លោក​នឹង​សង្កត់​ធ្ងន់​អំពី​ការ​តាំងចិត្ត​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រទេស​ស្រីលង្កា​មាន​ភាព «ខ្លាំងក្លា» និង «អធិបតេយ្យភាព»។ ក្នុង​ពេល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ ប្រទេស​ស្រីលង្កា​មាន​លំហូរ​វិនិយោគ​ចិន​ចូល​ជា​បន្តបន្ទាប់។

រី​ឯ​ដំណើរ​ទស្សនកិច្ច​របស់​លោក Pompeo ទៅ​កាន់​ប្រទេស​ម៉ាល់ឌីវ​លើក​នេះ គឺ​ធ្វើឡើង​បន្ទាប់ពី​សហរដ្ឋ​អាមេរិក និង​ប្រទេស​ម៉ាល់ឌីវ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ផ្នែក​ការពារ​ជាតិ​កាល​ពី​ថ្ងៃ​ទី ១០ ខែ​កញ្ញា ដើម្បី «ពង្រឹង​ការ​ចូលរួម និង​កិច្ច​សហប្រតិបត្តិការ» លើ​ផ្នែក​សន្តិភាព​និង​សន្តិសុខ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។

ចំណែក​ឯ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​វិញ លោក Pompeo បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា លោក​នឹង​ពិភាក្សា​អំពី «បញ្ហា​ពាណិជ្ជកម្ម សន្តិសុខ និង​ការទូត» និង​បញ្ជាក់​អំពី​ទស្សនវិស័យ​របស់​ប្រទេស​ទាំង​ពីរ​ចំពោះ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​មាន​លក្ខណៈ​សេរី​និង​បើក​ចំហ នៅ​ក្នុង​ជំនួប​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​ឥណ្ឌូនេស៊ី ដែល​ក្នុង​នោះ​មាន​ទាំង​លោក​ប្រធានាធិបតី Joko Widodo ផង​ដែរ៕