រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា មានភស្តុតាងជាច្រើនបង្ហាញថា ជំងឺរាតត្បាតកូវីដ១៩ មានប្រភពមកពីមន្ទីរពិសោធន៍មួយនៅក្នុងទីក្រុង Wuhan ប្រទេសចិន មិនមែនមកពីផ្សារមួយកន្លែងនៅក្បែរនោះនោះទេ ប៉ុន្តែលោកបានបដិសេធមិនបញ្ជាក់ថាតើសហរដ្ឋអាមេរិកជឿថា វីរុសនេះត្រូវបានបញ្ចេញដោយឆន្ទៈ ឬក៏យ៉ាងណានោះទេ។
មន្ត្រីស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកបាននិយាយកាលពីសប្ដាហ៍មុនថា ខ្លួនកំពុងស៊ើបអង្កេតថាតើការផ្ទុះឡើងដំបូងបង្អស់នៃជំងឺកូវីដ១៩ នេះ គឺបណ្ដាលមកពីការប៉ះពាល់សត្វព្រៃ ឬក៏បណ្ដាលមកពីឧបទ្ទវហេតុកើតឡើងនៅមន្ទីរពិសោធន៍មួយកន្លែងនៃវិទ្យាស្ថានសិក្សាពីវីរុសនៃទីក្រុង Wuhan។
លោក Pompeo បានបញ្ជាក់នៅក្នុងកម្មវិធី «សប្ដាហ៍នេះ» របស់ទូរទស្សន៍ ABC News ថា៖ «ចូរចាំថា ប្រទេសចិនមានប្រវត្តិចម្លងមេរោគដល់ពិភពលោក និងមានប្រវត្តិដំណើរការមន្ទីរពិសោធន៍ដែលមិនស្របតាមស្ដង់ដារត្រឹមត្រូវ។ នេះមិនមែនជាលើកទីមួយទេ ដែលពិភពលោកជួបប្រទះនឹងវិបត្តិវីរុស ដោយសារតែការបរាជ័យនៅក្នុងមន្ទីរពិសោធន៍របស់ចិន»។
លោក Pompeo បាននិយាយថា មាន «ការជឿជាក់កម្រិតខ្ពស់» ដែលថា វីរុសនេះមានប្រភពមកពីមន្ទីរពិសោធន៍នៅទីក្រុង Wuhan របស់ចិន ដែលសិក្សាអំពីវត្តមាននៃវីរុសនេះនៅក្នុងសត្វប្រចៀវ។
លោក Pompeo បានបន្ថែមថា លោកឯកភាពជាមួយនឹងការមូលមតិគ្នារបស់សហគមន៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ដែលថា វីរុសនេះ «មិនមែនបង្កើតឡើងដោយមនុស្ស»។
ប៉ុន្តែ លោកបានរិះគន់ប្រទេសចិនថាបានពន្យារពេលជូនដំណឹងដល់ពិភពលោកអំពីហានិភ័យដែលកំពុងកើតឡើងដោយសារជំងឺកូវីដ១៩៕