រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយនៅថ្ងៃចន្ទនេះថា ការផ្ដល់នូវការជួយជ្រោមជ្រែងណាមួយគឺពិតជាមានសារៈសំខាន់ណាស់ដើម្បីសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលជា«អាទិភាពដ៏ចម្បងបំផុត»សម្រាប់សហរដ្ឋអាមេរិក។ លោកក៏បានជំរុញផងដែរឲ្យប៉ាឡេស្ទីន«វិលមកកាន់ការចរចានយោបាយឡើងវិញ»។
លោក Pompeo បាននិយាយនៅក្បែររដ្ឋមន្ត្រីការបរទេសហ្ស៊កដានីលោក Ayman Safadi នៅក្នុងទីក្រុងអាម៉ាន់ ប្រទេសហ្ស៊កដានីថា៖ «យើងនឹងបន្តធ្វើការដើម្បីសន្តិភាពនៅក្នុងក្ដីសង្ឃឹមដ៏អស្ចារ្យដើម្បីផ្ដល់នូវលទ្ធផលដ៏ល្អបំផុតសម្រាប់ប្រទេសអ៊ីស្រាអែល និងប្រជាពលរដ្ឋប៉ាឡេស្ទីន»។
លោក Pompeo បានបញ្ជាក់ថា វាអាស្រ័យលើភាគីទាំងពីរនៅក្នុងការសម្រេចជាចុងក្រោយអំពីដំណោះស្រាយត្រឹមត្រូវមួយ ហើយសហរដ្ឋអាមេរិកបើកចំហទទួលយក «លទ្ធផលដែលទំនងជានឹងកើតឡើងណាមួយ» នៃដំណោះស្រាយរវាងភាគីទាំងពីរ។
លោក Safadi បានហៅការដោះស្រាយជម្លោះដែលអូសបន្លាយអស់រយៈពេលជាយូរមកហើយរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីននេះថាជាគន្លឹះសំខាន់សម្រាប់ «សន្តិភាពដ៏ឋិតថេរ និងទូលំទូលាយ» សម្រាប់តំបន់មជ្ឈិមបូព៌ា។ លោកបាននិយាយថា សម្រាប់ប្រទេសហ្ស៊កដានី ដំណោះស្រាយរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនគឺជាដំណោះស្រាយតែមួយគត់ដែលត្រូវធ្វើ។
ដំណើរទស្សនកិច្ចរបស់លោក Pompeo លើកនេះបានធ្វើឡើង បន្ទាប់ពីប្រជាពលរដ្ឋប៉ាឡេស្ទីនបានតវ៉ាអស់រយៈពេលពេញមួយខែនៅក្នុងតំបន់ Gaza ដែលការតវ៉ានោះបានក្លាយជាហិង្សា ដោយក្នុងនោះ កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនប្រហែល ៤០ នាក់។ ប៉ាឡេស្ទីនបានចោទប្រកាន់អ៊ីស្រាអែលថាបានប្រើកម្លាំងហួសហេតុពេក។ ចំណែកឯអ៊ីស្រាអែលវិញ បានបញ្ជាក់ថា ខ្លួនគ្រាន់តែការពារព្រំដែនរបស់ខ្លួន និងវាយប្រហារលើអ្នកបង្កហេតុតែប៉ុណ្ណោះ៕