ការិយាល័យបោះឆ្នោតប្រជាមតិនៅប្រទេសក្រិកបើកនៅថ្ងៃអាទិត្យនេះ តែគេនៅមិនទាន់ចាស់ទេថា តើជនជាតិក្រិកនឹងបោះឆ្នោតគាំទ្រការកាត់បន្ថយចំណាយដើម្បីទទួលបានការផ្តល់ប្រាក់សង្គ្រោះពីអឺរ៉ុប ឬបោះឆ្នោតបដិសេធការទាមទាររបស់សហភាពអឺរ៉ុប និងប្រថុយចាកចេញពីក្រុមប្រទេសចាយប្រាក់អឺរ៉ូឬទេ។
ការស្ទង់មតិមកដល់ថ្ងៃអាទិត្យនេះបង្ហាញសំឡេងឆ្នោតប្រកិតគ្នា ដែលគេពិបាកទស្សន៍ទាយ។ លោកនាយករដ្ឋមន្ត្រី Alexis Tsipras នៃប្រទេសក្រិកបានជំរុញឲ្យអ្នកបោះឆ្នោតបដិសេធលក្ខខណ្ឌ ដែលរួមមានការបន្ថែមពន្ធ និងការកាត់បន្ថយចំណាយ។
លោកនិយាយថា គ្មានសំឡេងឆ្នោតណានឹងធ្វើឲ្យប្រទេសក្រិកមានឱកាសល្អជាងក្នុងការចរចាជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុសហភាពអឺរ៉ុបទេ។ បន្ទាប់ពីលោកបានបោះឆ្នោតនៅព្រឹកថ្ងៃអាទិត្យនេះ លោក Tsipras និយាយថា គ្មានអ្នកណាម្នាក់អាចមិនអើពើនឹងសារអំពីសេចក្តីសម្រេចចិត្តរបស់ប្រជាជនទេ៕