គណបក្ស​នយោបាយ​ថា​នឹង​ប្រយ័ត្នប្រយែង​ពេល​ឃោសនា​ ក្រោយ​សារ​ព្រមាន​របស់​នាយករដ្ឋមន្ត្រី​រឿង​គប់​ស្បែក​ជើង

រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន លើកដៃនៅមុខក្រុមអ្នកសារព័ត៌មាន ពេលលោកបានទៅដល់វិមានរដ្ឋសភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០១៨។

ភ្នំពេញ — គណបក្ស​នយោបាយ​មួយ​ចំនួន​ដែល​កំពុង​ត្រៀម​ខ្លួន​ចូលរួម​ការ​បោះឆ្នោត​ក្រុមបឹ្រក្សា​ឃុំ​សង្កាត់​អាណតិ្ត​ទី​ ៥ ​បាន​បង្ហាញ​មតិ​រៀងៗ​ខ្លួន​ជុំវិញ​ប្រតិកម្ម​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន​ សែន​ចំពោះ​ការ​គប់​ស្បែក​ជើង​មក​លើ​រូប​លោក ​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពី​សប្តាហ៍​មុន។

កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ ​ក្នុង​ពិធី​សំណេះសំណាល​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ​ប្រឆាំង​ជំងឺ​ឆ្លង​រាតត្បាតកូវីដ១៩ ​ក្នុង​ទី​ក្រុង​ភ្នំពេញ ​លោក​ ហ៊ុន ​សែន​ ផ្តល់​ការ​អត្ថាធិប្បាយលើ​ទម្រង់​នៃ​ការ​ប្រើប្រាស់​សិទ្ធិ​បញ្ចេញ​មតិ​ជុំវិញ​ការ​គប់​ស្បែក​ជើង​មក​លើ​រូប​លោក​នៅ​ក្នុង​ទឹកដី​អាមេរិក។

លោក​នាយករដ្ឋមន្ត្រីបាន​ថ្លែង​យ៉ាង​ដូច្នេះ៖ «បើ​សិន​អាមេរិក​ចាត់​ទុក​ថា​រឿង​នេះ​វា​ជា​សិទ្ធ​បញ្ចេញ​មតិ ​ប្រហែល​ជា​រឿង​នេះ​នឹង​កើត​នៅ​គ្រប់​ប្រទេស​ទាំង​អស់​ រាប់​ទាំង​កម្ពុជា​ អ៊ីចឹង​ក្រុម​អ្នក​ដែល​ប្រឆាំង​ ហ៊ុន​ សែន​ ត្រៀម​ត្រូវ​ក្បាល​នឹង​ស្បែក​ជើង។ ​រឿង​នេះ​មិន​មែន​ជា​រឿង​តូច​តាច​ទេ​សូម​សហរដ្ឋ​អាមេរិក​គិតគូរ​ឱ្យ​បាន​ច្បាស់​គ្រាន់​តែ​ជម្រាប​ទៅ​អាមេរិក​ថា​ រឿង​ករណី​បែប​នេះ​កើត​នៅ​កម្ពុជា​សូម​កុំ​បន្ទោស​កម្ពុជា​ដូច្នេះ​ក្រុម​ប្រឆាំង​នៅ​កម្ពុជា​ក៏​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន»។

​ការ​មាន​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​បែបនេះ​ ធ្វើ​ឡើង​ស្រប​ពេលការ​ឃោសនា​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ អាណត្តិ​ទី ​៥ ​នេះ ​កំពុង​ខិតជិត​ចូល​មក​ដល់ ពោល​គឺ​ចាប់​ផ្តើម​នៅ​ថ្ងៃ​សៅរ៍​ ទី​ ២១ ​ខែ​ឧសភា​នេះ​ ហើយ​ការ​បោះឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ​ទី​ ៥​ ខែ​មិថុនា ​ឆ្នាំ​២០២២។

ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​លោក​ យ៉េង​ វីរៈ​ បាន​មាន​ប្រសាសន៍​ថា​ ចំពោះ​ការ​គប់​ស្បែកជើង​លើ​លោក​នាយករដ្ឋមន្ត្រី​ និង​ការ​ឃោសនា​បោះឆ្នោត​ជា​រឿង​២​ដាច់​ដោយ​ឡែក​ពី​គ្នា​ ក៏​ប៉ុន្តែ​សំខាន់​បំផុត ​គឺ​អាជ្ញាធរ​មូលដ្ឋាន និង​រដ្ឋាភិបាល​ត្រូវ​ធានា​សុវត្ថិភាព​ជូន​ប្រជា​ពលរដ្ឋ​ក្នុង​ពេល​ឃោសនា ​និង​ការ​បោះឆ្នោត។

លោក​ យ៉េង​ វីរៈ​ ថ្លែង​ថា៖ «ទោះ​ជា​គាត់​និយាយ​ មិន​និយាយ​ពាក្យ​ នេះ​ក៏​ដោយ​ ក៏​ជា​ទូទៅ​ក្នុង​នាម​គណបក្ស​នយោបាយ​ដែល​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​ ក៏​យើង​នៅ​តែ​ទាមទារ​ឱ្យអាជ្ញាធរ​មាន​សមត្ថកិច្ច​ ឱ្យ​រដ្ឋាភិបាល​ហ្នឹង ​ត្រូវ​តែ​ធ្វើ​ម៉េច​ផ្តល់​បរិយាកាស​ដែល​ប្រកប​ដោយ​សុខ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ ជាពិសេស​ជុំវិញ​ឱកាស​ក្នុង​ការ​ឃោសនា​បោះឆ្នោត​នេះ។ ​វា​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល»។

ព័ត៌មាន​ទាក់ទង៖ លោក​ ហ៊ុន សែន​ ព្រមាន​ថា ​សុវត្ថិភាព​មេបក្ស​ប្រឆាំង​អាច​ស្ថិត​ក្នុង​ស្ថានភាព​គួរ​ឱ្យ​បារម្ភ​ ក្រោយ​លោក​​រង​ការ​គប់​ដោយ​ស្បែក​ជើង​នៅ​អាមេរិក

ជាមួយ​គ្នា​នេះ​ដែរ​ អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន​លោក​ សុន ​ឆ័យ​ បាន​ឱ្យ​ដឹង​ថា ​លោក​បាន​ណែនាំ​ឱ្យ​សកម្មជន​គណបក្ស​របស់​លោក​ទាំង​អស់​ធ្វើ​ការ​ឃោសនា​គ្រប់​រូបភាព​ណា​ក៏​ដោយ​ចៀសវាង​ការ​ជេរ​ប្រមាថ​មេដឹកនាំ ​ដើម្បី​កុំ​ឱ្យ​មាន​អំពើ​ហិង្សា​ណា​មួយ​កើត​ឡើង​ជា​យថាហេតុ។

លោក​បញ្ជាក់​ថា៖ «រឿង​ ២ ​ដាច់​ពី​គ្នា ​រឿង​១​ រឿង​អ្នក​ដែល​ចង់​បង្ក​ការ​លំបាក​ដល់​យើង​ មួយ​ទៀត​ខ្លួន​យើង​ដែរ​ជា​គណបក្ស​ដែល​អាច​នឹង​រង​គ្រោះ​ថ្នាក់​ហ្នឹង​ ខ្ញុំ​ប្រុង​ប្រយ័ត្ន​ត្រូវ​ការពារ​ កុំ​ឱ្យ​លេស​ណា​មួយ​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​ពួក​យើង​ខ្ញុំ។ គឺ​យើង​ណែនាំ​សកម្មជន​ទាំង​អស់​ឱ្យ​រក្សា​ភាព​ថ្លៃថ្នូរ​ទាំង​ការ​ប្រើ​ប្រាស់​ហ្វេសប៊ុក​របស់​ខ្លួន​ ធ្វើ​ម៉េច​កុំ​ឱ្យ​ពាក់ព័ន្ធ​អំពើ​នៃ​ការ​ប្រមាថ​នៃ​ថ្នាក់​ដឹកនាំ​របស់​យើង​នាំ​រូបភាព​ណា​ក៏​ដោយ»។

​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​រាជធានី​ខេត្ត ​ចំនួន​ ២៥​ មាន​ឃុំ​សង្កាត់​ចំនួន​ ១.៦៥២​ ហើយ​ការ​បោះឆ្នោត​ក្រុមបឹ្រក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​ ៥ ​នេះ​មាន​គណបក្ស​នយោបាយ​ចំនួន​ ១៧​ បាន​ចុះ​ឈ្មោះ​ចូលរួម​ការ​បោះឆ្នោត​នេះ។ ​ក៏​ប៉ុន្តែ​គណបក្ស​ទាំង​នោះ​មិន​មាន​បេក្ខជន​នៅ​ទូទាំង​ឃុំ​សង្កាត់​ទាំង​អស់នោះ​ទេ ​លើកលែង​តែ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ​តែ​មួយគត់​ដែល​មាន​បេក្ខជន​នៅ​ទូទាំង​ឃុំ​សង្កាត់​ទាំង​អស់។

ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​លោក ​ញឹក ​ប៊ុនឆៃ ​បាន​មាន​ប្រសាសន៍​ថា ​លោក​មិន​បារម្ភ​ចំពោះ​ប្រតិកម្ម​ទៅ​នឹង​រឿង​ចោល​ស្បែកជើង​របស់​លោក​នាយក​រដ្ឋមន្រ្តី​នោះ​ទេ​ ក៏​ប៉ុន្តែ​លោក​ត្រូវ​តែ​មាន​ការ​ប្រុងប្រយ័ត្ន​បន្ថែម​នៅ​ពេល​ធ្វើ​ការ​ឃោសនា​បោះឆ្នោត។

លោក​បញ្ជាក់ប្រាប់​វីអូអេ​ថា៖ «ធម្មតា​ទេ ​អាហ្នឹង​ត្រូវ​មាន​ការ​ប្រយ័ត្នប្រយែង​ហើយ ​កុំ​ឱ្យ​វា​និយាយ​ទៅ​វា​ជ្រុល​ដូច​ខ្ញុំ​ថា​ វា​ខុស​នឹង​នីតិវិធី​ឬ​ក៏​អាច​ខុស​នឹង​ច្បាប់ ​ពេល​ខ្លះ​ទៅ​ដែល​ជា​ការណ៍​មួយ​ដែល​ធ្វើ​ឱ្យ​មាន​បញ្ហា​កើត​ឡើង​ ក៏​ប៉ុន្តែ​បើ​យើង​...អនុវត្ត​ទៅ​តាម​នីតិវិធី​ តាម​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ ​ច្បាស់​លាស់​ទៅ​ ខ្ញុំ​ជឿ​ថា​ ដូច​ជា​មិន​ត្រូវ​មាន​បញ្ហា​អី​ដែល​កើត​ឡើង​ទេ»។

នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ​វ័យក្មេង​កាល​ពី​ថ្ងៃ​អង្គារ​ដដែល​នោះ ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ​សែន ​ក៏​បាន​អំពាវនាវ​ផង​ដែរឱ្យ​ប្រជាពលរដ្ឋ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​សូម​រក្សា​ភាព​នឹងនរស្ងប់ស្ងាត់​ ហើយ​លោក​បញ្ជាក់​ថា ​លោក​មិន​គាំទ្រ​ ឬ​លើក​ទឹក​ចិត្ត​ឱ្យ​មាន​អំពើ​ហិង្សា​ណា​មួយ​កើត​ឡើង​នោះ​ឡើយ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ​អនុប្រធាន​គណបក្ស​កែ​ទម្រង់​កម្ពុជា​លោក​ អ៊ូ ​ច័ន្ទរ័ត្ន ​បាន​ឱ្យ​ដឹង​ថា​ការ​មាន​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្រ្តី​បង្ក​ឱ្យ​មាន​ការ​បារម្ភ​មួយ​កាន់​តែ​ខ្លាំង​ ពីព្រោះ​លោក​សង្កេត​ឃើញ​ថា​ ប្រសាសន៍​លោក​នាយករដ្ឋមន្ត្រី​ពិត​ជា​មាន​ប្រសិទ្ធភាព​ណាស់។

លោក​ អ៊ូ ​ច័ន្ទរ័ត្ន ថ្លែង​ថា៖​ «សូម​អបអរសាទរ​ការ​មាន​ប្រសាសន៍​របស់​សម្តេច​លោក​នាយករដ្ឋមន្រ្តី​ចុង​ក្រោយ​ដែល​មិន​បាន​លើក​ទឹក​ចិត្ត​ទេ ​ប៉ុន្តែ​ខ្ញុំ​ក៏​ពិបាក​ប៉ាន់ស្មាន​ដែរ​ ប្រសាសន៍​សម្តេចនាយករដ្ឋមន្រ្តី ​ជា​ទូទៅ​មាន​ប្រសិទ្ធភាព​ណាស់ ​រាល់​ពេល​ដែល​លោក​លើក​ឡើង​ច្រើន​តែ​មាន​អំពើ​ហិង្សា​កើត​ឡើង​ ដូច​កាល​ពី​រឿង​វាយ​តំណាងរាស្រ្ត​នៅ​ក្បែរ​រដ្ឋសភា​ជា​ដើម ​ហើយ​បើ​សិន​ជា​សម្តេច​នាយករដ្ឋមន្រ្តី​មាន​ប្រសាសន៍​បែប​នេះ​ វា​ជា​សារ​មួយ​ធ្វើ​ឱ្យ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មាន​ការ​ព្រួយ​បារម្ភ​ហើយ»។

នៅ​រាល់​ការ​បោះឆ្នោត​នៅ​កម្ពុជា​កន្លង​មក ​ក្រុម​អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​តែង​តែ​ធ្វើ​ការ​រិះគន់​ពាក់ព័ន្ធ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​អំឡុង​ពេលឃោសនា​បោះ​ឆ្នោត​ និង​ការ​បោះ​ឆ្នោត ​ក៏​ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ​ក៏​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​ តែង​តែ​ធ្វើ​ការ​អះ​អាង​ថា ​មាន​ភាព​យុត្តិធម៌ ​និង​សុក្រឹត៕