ភ្នំពេញ — អំឡុងពេលមានវត្តមាននៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន រដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានប្រាប់ប្រមុខការទូតរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនត្រង់ៗថា ការបោះឆ្នោតបែបពហុបក្ស ដែលត្រូវបានធ្វើឡើងជាប្រចាំ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ មកនៅកម្ពុជានោះ គឺត្រូវបានវាយតម្លៃថា ភាពសេរីនិងយុត្តិធម៌ ដោយអ្នកសង្កេតការណ៍ក្នុងស្រុកនិងក្រៅប្រទេស។
ការអត្ថាធិប្បាយបែបនេះ ត្រូវបានធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍មួយស្តីពីជំនួបខាងក្រៅកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ានរវាងលោក ប្រាក់ សុខុន និងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២។
ស្ថាបនិកនៃគណបក្ស «កែទម្រង់កម្ពុជា» លោក អ៊ូ ច័ន្ទរ័ត្ន ទទួលស្គាល់ថា ខណៈពេលមានការបោះឆ្នោតជារៀងរាល់អាណត្តិនៅកម្ពុជាក៏ពិតមែន ក៏ប៉ុន្តែលោកថា មានការបោះឆ្នោតខ្លះ «មិនបានឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋ» នោះទេ ដោយបានសំដៅទៅលើការបោះឆ្នោតជាតិកាលពីឆ្នាំ ២០១៨ នៅពេលដែលគណបក្សសង្រ្គោះជាតិមិនអាចចូលរួមប្រកួតប្រជែងបាន។
លោកសង្កេតឃើញថា រាល់ការបោះឆ្នោត គេតែងតែឃើញមានការតវ៉ាពីមជ្ឈដ្ឋានសង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួន ដោយសារការមិនមានជំនឿទុកចិត្តពេញលេញលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
លោកបានថ្លែងថា៖ «ក្រៅពីនោះ យើងសង្កេតឃើញថា មានការសង្ស័យ មានការចោទប្រកាន់ទៅលើការលួចបន្លំសន្លឹកឆ្នោតជាដើម មានការទិញដូរជាដើមហ្នឹង វាច្រើន។ មិនមែនតែមតិជាតិទេ មតិអន្តរជាតិក៏គេនៅតែជំរុញក្នុងការបោះឆ្នោតឱ្យមានភាពសេរី និងយុត្តិធម៌នោះ»។
ដំណាលគ្នានេះដែរ អតីតតំណាងស្ត្រគណបក្សសង្គ្រោះជាតិរូបនេះបានជំរុញឱ្យមានការកែទម្រង់គ.ជ.ប ពាក់ព័ន្ធនឹងវត្តមានរបស់អតីតមន្រ្តីជាន់ខ្ពស់ពីគណបក្សនយោបាយក្នុងស្ថាប័នបោះឆ្នោតជាតិមួយនេះ។
បើតាមលោក អ៊ូ ច័ន្ទរ័ត្ន មន្រ្តីទាំងនោះទំនងជាអាចមាននិន្នាការ ឬចេតនាជួយដល់គណបក្សនយោបាយ ដែលខ្លួនធ្លាប់បានបម្រើការកាលពីពេលមុនមក។ លោកក៏បានស្នើឱ្យមានការកែតម្រូវច្បាប់បោះឆ្នោត និងច្បាប់ស្តីពីគណបក្សនយោបាយ ជាពិសេសច្បាប់ពាក់ព័ន្ធនឹងការរំលាយគណបក្សនយោបាយផងដែរ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បាននិយាយថា រាល់ការរកឃើញផ្សេងៗពីអង្គការសង្គមស៊ីវិល ជុំវិញភាពមិនប្រក្រតីនានាអំឡុងពេលការបោះឆ្នោត ជារឿយៗ ត្រូវបានច្រានចោលដោយមន្ត្រីរដ្ឋាភិបាល។
លោកបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការផ្តោតលើលក្ខខណ្ឌ ៦ ចំណុចស្នើដោយអង្គការសង្គមស៊ីវិលពាក់ព័ន្ធនឹងការលើកកម្ពស់សិទ្ធិក្នុងចូលរួមការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
លោកបានថ្លែងថា៖ «បើសិនជាដំណើរការកន្លងមក បោះឆ្នោតហ្នឹង វាមានភាពឯករាជ្យ មានអីទាំងអស់ហ្នឹង គឺអាចយក ៦ ចំណុចហ្នឹង វាយតម្លៃទៅឯករាជ្យភាពប៉ុណ្ណា អាស្រ័យលើការវាយតម្លៃ របស់អ្នកពាក់ព័ន្ធទាំងអស់ ឬក៏សាធារណជន គេអាចមើលឃើញបាន ហើយគេអាចឱ្យតម្លៃបាន»។
មន្រ្តីសង្គមស៊ីវិលរូបនេះបានបន្ថែមថា រដ្ឋាភិបាលគួរជំរុញឱ្យមានជំនឿទុកចិត្តឡើងវិញពីគ្រប់ភាគីពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ ដោយធានាថា ការបោះឆ្នោតគឺ ត្រូវរៀបចំឡើងប្រកបដោយឯករាជ្យភាព សេរី និងយុត្តិធម៌ពិតប្រាកដ ក៏ដូចជា ការស្នើឱ្យមានការចូលរួមរបស់សហគមន៍ ឬអង្គការអន្តរជាតិ ដែលមានបច្ចេកទេស និងជំនាញសមស្របក្នុងការសង្កេតការណ៍ការបោះឆ្នោត។
គួររំឭកឡើងវិញផងដែរថា សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ចុះកាលពីថ្ងៃទី ១៤ ខែឧសភា បានឱ្យដឹងថា ក្នុងជំនួបក្រៅកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ានជាមួយរដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់ សុខុន នោះ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានជំរុញឱ្យរដ្ឋាភិបាលទីក្រុងភ្នំពេញ ទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងឡាយដែលត្រូវបានជំរុញពីក្រោយដោយហេតុផលនយោបាយប្រឆាំងនឹងអ្នកនយោបាយគណបក្សជំទាស់ និងអនុញ្ញាតឱ្យពួកគេចូលរួមដោយសេរីនៅក្នុងការបោះឆ្នោតនាពេលខាងមុខផងដែរ៕