ភរិយារបស់សកម្មជនគណបក្សភ្លើងទៀន នៅថ្ងៃពុធនេះ បានអះអាងថាការចាប់ខ្លួនស្វាមី និងកូនប្រុស ហើយចោទប្រកាន់ពីបទល្មើសនេសាទ ជារឿងអយុត្តិធម៌ ហើយអ្នកស្រីថាវាពាក់ព័ន្ធនឹងរឿងនយោបាយ។
លោក ហែម ឆិល អាយុ៣៥ឆ្នាំ ជាបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សភ្លើងទៀន ក្នុងឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ លោក និងកូនប្រុសរបស់លោក អាយុ១៥ឆ្នាំ ត្រូវបានអាជ្ញាធរចាប់ខ្លួន កាលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ហើយត្រូវបានតុលាការសម្រេចចោទប្រកាន់ និងឃុំខ្លួនក្នុងពន្ធនាគារ កាលពីថ្ងៃទី១៤ ខែមេសា។ ពួកគេទាំងពីរត្រូវបានចោទប្រកាន់រឿងប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់។ នេះបើតាមភរិយារបស់ក្រុមគ្រួសារ។
អ្នកស្រី វ៉ាន់ណា គ្រី ភរិយារបស់លោក ហែម ឆិល ប្រាប់វីអូអេនៅថ្ងៃពុធថាការចាប់ខ្លួនស្វាមី និងកូនរបស់អ្នកស្រី កើតឡើងនៅពេលស្វាមីកំពុងតែបូមទឹកក្នុងស្រះរបស់ខ្លួន ដើម្បីចាប់ត្រីមកធ្វើម្ហូបក្នុងពិធីបុណ្យចូលឆ្នាំ។ អ្នកស្រីហៅការចាប់ខ្លួនសមាជិកក្រុមគ្រួសាររបស់អ្នកស្រី «ជារឿងគ្រោងទុក» ហើយវាជា«រឿងអយុត្តិធម៌»មួយ។
អ្នកស្រីថ្លែងថា៖ «ចាប់គ្នាហ្វ្រីៗ ស្រះរបស់ខ្ញុំ អីរបស់ខ្ញុំទេ ហើយគេបូមទូទៅទាំងអស់ ហើយចាប់តែប្តីខ្ញុំ អីក៏រៀបគម្រោងល្អម្ល៉េះ ខ្ញុំឆ្ងល់នេះ! មុនដំបូងចាប់នៅរោង វាមានរោងជិតហ្នឹង រោងនៅត្រើយម្ខាង។ មុនដំបូងអ៊ំខ្ញុំទៅហ្នឹង នៅក្នុងរោងឡើងណែន ពេលប្តីខ្ញុំជញ្ជូនត្រីបានមួយជើង មកច្រោក (មកចាប់)បណ្តោយ ខ្ញុំឆ្ងល់ ដូចរៀបគម្រោងតាំងពីថ្មើរណាខ្ញុំអត់ដឹងដែរ»។
បើតាមអ្នកស្រី កូនប្រុសឈ្មោះ ពឹម ដារ៉ាន់ អាយុ១៥ឆ្នាំ ក៏ត្រូវបានចាប់ខ្លួនផងដែរកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ខណៈលោកកំពុងតែបើកកាណូត។
អ្នកស្រីបានការពារក្រុមគ្រួសារថាមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់ឡើយ ហើយតាំងពីដើមមកផ្ទះរបស់អ្នកស្រីក៏មិនមានឧបករណ៍ឆក់ត្រីនោះដែរ។
អ្នកស្រីបន្ថែមថា៖ «អត់មានប្រដាប់ឆក់ទេ ហើយនៅផ្ទះខ្ញុំក៏អត់ដែលមានប្រដាប់ឆក់ដែរ សួរសាកសាក្សីទាំងអស់ទៅ អង្គការលីកាដូគេទៅសួរហើយ ខ្ញុំអត់មានទេ។ ណាមួយប្តីខ្ញុំគាត់អត់ចេះទេ អត់ចេះរកនឹងអាឆក់ហ្នឹងបណ្តោយ។ ហើយកូនខ្ញុំអាតូចហ្នឹងគ្នាកំពុងបើកកាណូតទេ ហើយម៉េចក៏ចាប់គ្នា!»។
អ្នកនាំពាក្យសាលាដំបូងខេត្តពោធិ៍សាត់ អ្នកស្រី ផាន់ សុគន្ធថង ប្រាប់វីអូអេថាសកម្មជននិងកូនប្រុសរបស់លោកត្រូវបានចោទប្រកាន់តាមមាត្រា៩៨នៃច្បាប់ស្តីពីជលផល ដែលចែងថារូបវន្ត ឬនីតិបុគ្គលដែលប្រព្រឹត្តល្មើសនឹងច្បាប់នេះ ត្រូវផ្តន្ទាទោសពី៣ឆ្នាំទៅ៥ឆ្នាំចំពោះបទល្មើសជលផលថ្នាក់ទី១ ដែលជាការនេសាទដោយឧបករណ៍ឆក់ គ្រឿងផ្ទុះ និងសារធាតុពុលគ្រប់ប្រភេទ។
បើតាមអ្នកនាំពាក្យតុលាការខេត្តពោធិ៍សាត់ អាជ្ញាធរជំនាញជលផលជាអ្នកកសាងសំណុំរឿងនេះបញ្ជូនមកតុលាការ។
ចំណែកលោក ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ថ្លែងថាលោកមិនបានដឹងរឿងការចាប់ខ្លួននេះទេ។ ប៉ុន្តែលោកថាការចាប់អ្នកប្រព្រឹត្តបទល្មើសនេសាទជាវិធានការរបស់រដ្ឋាភិបាល។
លោកបញ្ជាក់ថា៖«បើសិនជាបទល្មើសបឹងទន្លេសាប បើយើងឆក់ត្រីខុសច្បាប់ អាហ្នឹងរាជរដ្ឋាភិបាលនឹងរឹតបន្តឹងពីការឆក់ត្រីខុសច្បាប់ហ្នឹង គឺឱ្យជាប់ពន្ធនាគារជាប់អី អាហ្នឹងជាបទបញ្ជារបស់រដ្ឋាភិបាល តែនៅក្នុងខេត្តខ្ញុំដូចអត់ទាន់មានចាប់ទេ»។
អ្នកស្រី មិត្ត សាមួន មន្ត្រីសម្របសម្រួលរបស់អង្គការលីកាដូប្រចាំខេត្តពោធិ៍សាត់បានជំរុញឱ្យតុលាការពិនិត្យករណីនេះឡើងវិញ ដោយសារការបូមទឹកស្រះចាប់ត្រីនេះ ក៏មានអ្នកភូមិផ្សេងធ្វើដូចគ្នា។
អ្នកស្រីប្រាប់វីអូអេថា៖«គ្រាន់តែស្នើសុំឱ្យ តុលាការសូមធ្វើការពិចារណាឡើងវិញទៅលើករណីហ្នឹង ព្រោះដោយសារតែការបូមស្រះរបស់គាត់ វានៅក្នុងដីរបស់គាត់។ ហើយម្យ៉ាងវិញទៀត ទាក់ទងទៅនឹងសកម្មភាពបែបហ្នឹង បើយើង មើលទៅវាមិនមែន មានតែគាត់ទេ វាច្រើន ហើយបើសិនការអនុវត្តច្បាប់ គឺត្រូវតែអនុវត្តឱ្យ ស្មើគ្នា។ អ៊ីចឹងមិនមែនអនុវត្តតែគាត់ ហើយអ្នកផ្សេងធ្វើដូចគាត់ដែរ អត់មានការទទួលខុស ត្រូវអីតិចសោះអ៊ីចឹង»។
គួរបញ្ជាក់ថាគណបក្សភ្លើងទៀនធា្លប់ឱ្យដឹងថានៅក្នុងខែមីនា ឆ្នាំ២០២២ សកម្មជនគណបក្សភ្លើងទៀនយ៉ាងតិច១០នាក់ ត្រូវបានប៉ូលិសមូលដ្ឋាន ហៅទៅសួរនាំដោយគ្មានបង្ហាញដីកា ឬបញ្ជាក់មូលហេតុអ្វីឡើយ៕