ក្រុមប៉ូលីសនៅក្នុងទីក្រុង Ferguson រដ្ឋ Missouri នៃសហរដ្ឋអាមេរិកបាននិយាយថា បុរសម្នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅថ្ងៃច័ន្ទនេះ ក្រោយពីត្រូវបានប៉ូលីសបាញ់ នៅក្នុងការបាញ់កាំភ្លើងតទល់គ្នាមួយ ក្រៅពីការដើរធ្វើបាតុកម្មដោយសន្តិវិធិមួយ ដើម្បីរំឭកខួបមួយឆ្នាំនៃការបាញ់សម្លាប់យុវជនជំទង់ស្បែកខ្មៅគ្មានអាវុធម្នាក់ដោយប៉ូលីសស្បែកសម្នាក់។
លោក John Belmar ប្រធានប៉ូលីសសង្កាត់ St. Louis បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតស្លៀកសម្លៀកបំពាក់ធម្មតាបានតាមឃ្លាំមើលបុរសម្នាក់ ដែលពួកគេបារម្ភថាមានអាវុធ ហើយថាបន្ទាប់មកបុរសនេះមានទាក់ទិននឹងការបាញ់កាំភ្លើង៤០ឬ៥០គ្រាប់រវាងមនុស្សពីរក្រុម នៅមុនពេលគាត់បាញ់កាំភ្លើងជាច្រើនដងដាក់ឡានប៉ូលិសគ្មានសញ្ញាមួយគ្រឿង។
ប្រធានប៉ូលីសរូបនេះបាននិយាយថាអ្នកស៊ើបអង្កេតទាំងបួននាក់នោះក៏បានបាញ់តវិញហើយបុរសនោះក៏ដួល។
កាសែត St. Louis Post-Dispatch បានរាយការណ៍ថា ឳពុកបុរសនេះបានប្រាប់ថាបុរសនេះមានឈ្មោះ Tyrone Harris, Jr. អាយុ១៨ឆ្នាំ ហើយថាបុរសនេះជាមិត្តភ័ក្តិ «ជិតស្និទ្ធ» របស់ Michael Brown ជាជំទង់១៨ឆ្នាំដែលត្រូវបានបាញ់ស្លាប់ដោយប៉ូលិសក្នុងក្រុង Ferguson កាលពីឆ្នាំទៅមិញ។
លោក Belmar បាននិយាយប្រាប់សន្និសីទកាសែតមួយថា ការរាលដាលនៃអំពើហិង្សាជា «ឧបសគ្គមួយដល់ការផ្លាស់ប្តូរជាវិជ្ជមាន» ដោយលោកបានគូសបញ្ជាក់ថា ការបាញ់កាំភ្លើងនេះគ្មានទាក់ទិនជាមួយក្រុមជនដែលធ្វើបាតុកម្មទេ៕