សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី​៦នាក់​ត្រូវ​បាន​ដោះលែង​ក្រោយ​ពី​​ផ្តិតមេដៃ​លើ​កិច្ចសន្យា

រូបឯកសារ៖ អ្នកស្រី ​ង៉ែត ឃុន តំណាង​សហគមន៍​ថ្លែង​នៅ​​ក្នុង​​យុទ្ធនាការ​«ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​»​ សប្ដាហ៌ទី​១៥​ ដើម្បី​ទាមទារ​យុត្តិធម៌​ជូន​ដល់​ឃាតកម្ម​របស់​លោក​កែម ឡី​ និង​មន្រ្តី​សិទ្ធិមនុស្ស​នៃ​អង្គការ​អាដហុក​ មន្រ្តី.គ.ជ.ប នៅ​រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦។ ​(ឡេង ឡែន/VOA)

លោក​យាយ ​Momy ​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​ពីរ​ដង ​និង​ធ្លាប់​រង​ការ​វាយ​ដំ​ពី​អាជ្ញាធរ​​ ​បាន​និយាយ​ថា លោក​យាយ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ នៅពេល​លោក​យាយ​ដើរ​ចូល​ក្នុង​វត្ត​ ដើម្បី​យក​ប៉ោងៗ​មក​ធ្វើ​ពិធី​ទាមទារ​ឲ្យ​ដោះ​លែង​លោក​ស្រី​​ទេព វន្នី​ សកម្មជន​ដីធ្លី​ក្នុង​សហគមន៍​បឹងកក់​ និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ឃុំ។​

អាជ្ញាធរ​ខ័ណ្ឌ​ដង្កោបាន​បង្ខំ​ឲ្យ​សកម្មជន​ទាំង​ប្រាំមួយ​នាក់​ ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ការ​តវ៉ា​នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស ធ្វើ​កិច្ច​សន្យា​ឈប់ប្រមូលផ្តុំ​គ្នា​ដោយ​គ្មាន​ការ​អនុញ្ញាត​ មុន​អនុញ្ញាត​ឲ្យ​ពួកគេ​ទទួល​បាន​សេរីភាព​ឡើង​វិញ។​ ​នេះ​បើតាម​ការ​បញ្ជាក់​ពីសកម្មជន​ដីធ្លី​ក្នុង​សហគមន៍បឹងកក់។​

អ្នក​ទាំង​ប្រាំ​មួយ​នាក់​នោះត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​បរិវេណ​វត្ត​មួយ​នៅ​ក្បែរ​ពន្ធនាគារ​ព្រៃ​ស ហើយ​ត្រូវ​បាន​ដោះ​លែង​កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​ បន្ទាប់​ពី​ការ​សួរ​នាំ​យក​ចម្លើយ​អស់​ជា​ច្រើន​ម៉ោង។

លោក​យាយ​ង៉ែត ឃុន​ វ័យ​៧៧​ឆ្នំា​ ដែល​គេ​ស្គាល់​ថា​ ​យាយ​ Momy​ ស្ថិត​ក្នុង​ចំណោម​មនុស្ស​ប្រាំមួយ​នាក់​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នោះ។​ លោក​យាយ​បាន​ប្រាប់​ VOA ​ នាថ្ងៃ​អង្គារ​នេះ​ថា​ លោក​យាយ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ នៅពេល​លោក​យាយ​ដើរ​ចូល​ក្នុង​វត្ត​ ដើម្បី​យក​ប៉ោងៗ​មក​ធ្វើ​ពិធី​ទាមទារ​ឲ្យ​ដោះ​លែង​លោក​ស្រីទេព វន្នី​ សកម្មជន​ដីធ្លី​ក្នុង​សហគមន៍​បឹងកក់​ និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ឃុំ។​

លោក​យាយ ​Momy ​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​ពីរ​ដង ​និង​ធ្លាប់​រង​ការ​វាយ​ដំ​ពី​អាជ្ញាធរ ​បាន​និយាយ​ថា​ អាជ្ញាធរ​បាន​សួរ​ចម្លើយ​លោក​យាយ​អំពី​សកម្មភាព​តវ៉ា​ ចំនួន​មនុស្ស​ចូល​រួម​ និង​ឈ្មោះ​មនុស្ស​ចូលរួម​នៅ​ក្នុង​សកម្មភាព​តវ៉ា​នោះ។​ លោក​យាយ​បន្តថា​ ក្រោយ​មក​ អាជ្ញាធរ​បាន​បង្ខំ​ឲ្យ​លោក​យាយ​ផ្តិត​មេដៃ​លើ​កិច្ច​សន្យា​ថា​ នឹង​មិន​ប្រមូល​ផ្តុំ​ដោយ​គ្មាន​ការ​អនុញ្ញាត ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​សេរីភាព​មក​វិញ។​

លោក​យាយ​បាន​ហៅ​ការ​បងំ្ខ​នេះ​ថា​ ជា​ការ​ធ្វើព្យាយាម​ធ្វើឲ្យ​លោក​យាយ​មាន​ការ​ខ្លបខ្លាច​នឹង​មិន​ហ៊ាន​តវ៉ា​ទៀត​ តែ​លោក​យាយ​និយាយ​ថា៖​

«នេះ​ធ្វើ​នេះឲ្យ​ខ្ញុំ​ខ្លាច​ ឲ្យ​ខ្ញុំ​មិន​ហ៊ាន​ចេញ​ គឺ​ខ្ញុំ​អត់​មាន​ថា ​ខ្លាច​ទេ។​ វាធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ឈឺ​ចាប់​រឹត​កាន់​តែ​ខ្លាំង។ ខ្ញុំរឹត​តែ​លែង​ខ្លាច​ស្លាប់​ទៀត​ ច៎ា»។​

លោក​យាយ​បន្ថែម​ថា​ ទោះបី​ជាលោក​យាយ​បាន​ផ្តិត​មេដៃ​លើ​កិច្ច​សន្យា​រួច​ហើយ​ក៏​ដោយ​ ក៏​អាជ្ញាធរ​មិន​បាន​ដោះ​លែង​លោក​យាយ ​និង​មនុស្ស​៥នាក់ផ្សេង​ទៀត​ភ្លាមៗ​នោះ​ទេ​ គឺ​អាជ្ញាធរ​បាន​បន្ត​ឃុំខ្លួន និង​សួរ​ចម្លើយលោក​យាយ​ ហើយនឹងមនុស្ស​៥នាក់​ទៀត​មក​ពី​សហគមន៍​ថ្ម​គោល​ អស់​រយៈពេល​ជាង​២៤​ម៉ោង​ ​ទើប​មាន​ការ​ដោះ​លែង។​

ក្រុម​សកម្មជន​ដីធ្លី​មកពី​សហគមន៍​បឹង​កក់ ​ថ្ម​គោល​ ​និងបូរី​កីឡា​ ​ហើយ​និង​សហគមន៍​នានា​ផ្សេង​ទៀត​បាន​ទៅ​ជួបជុំ​គ្នា​នៅ​មុខ​មណ្ឌល​អប់រំ​កែប្រែ​ទី​ពីរ​ ក្នុង​ខ័ណ្ឌ​ដង្កោ​ ដើម្បី​បញ្ជាក់​ទឹកចិត្ត​រក​ យុត្តិធម៌​ជូនលោក​ស្រី​ទេព វន្នី​ ​ជ័យ​លាភី​រង្វាន់​ស្រ្តី​ជា​អ្នក​ដឹកនាំ​របស់​អង្គការ​ Vital Voices ​ក៏​ដូចជាសកម្មជន​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។​

លោក ​ជឹម ស៊ីថា​ អធិការ​នគរបាល​ខ័ណ្ឌ​ដង្កោ​ ​បាន​ប្រាប់​ ​VOA ​ថា​ ​អាជ្ញាធរ​មិន​បាន​ចាប់​បង្ខំ​ក្រុម​អ្នក​តវ៉ា​ដែល​អាជ្ញាធរ​ឃាត់​ខ្លួន​នោះ​ ឲ្យ​ចុះ​កិច្ច​សន្យា​នោះ​ទេ។ ​លោក​ថា​ ​អាជ្ញាធរ​ក៏​មិន​បាន​បិទ​សិទ្ធិ​ពលរដ្ឋក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ដែរ។​ ​ប៉ុន្តែ​ការ​ជួបជុំ​តវ៉ា​ទាំងអស់​ត្រូវ​តែ​រៀបចំ​ឡើង​ឲ្យ​ស្រប​ទៅ​តាម​ច្បាប់។

«អត់​ទេ​ គ្រាន់​តែ​ថា​ យើង​ការ​ប្រមូល​ផ្តុំ​អី ​ឲ្យ​មាន​ច្បាប់​ មាន​អី​អញ្ចឹងទៅ​ណ៎ា។ ​ តែ​យើង​ដើរ​ធ្វើ​អីៗ​... អត់​មាន​ច្បាប់​ទម្លាប់​ហែ​អ៊ី​អញ្ចឹង ​វា​អត់​ត្រូវ​ ឲ្យ​មាន​ច្បាប់​មាន​ទម្លាប់​អ៊ីអញ្ចឹង​ទៅ​ណា​បង»។​

អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​និយាយ​ថា​ ​រដ្ឋាភិបាលបាន​ព្យាយាម​គាប​សង្កត់​សិទ្ធិសេរីភាព​ប្រជា​ពលរដ្ឋ​បង្កើត​បញ្ហា​ប្រឈម​មុខដាក់​គ្នា​ ជា​ជាង​ព្យាយាម​រក​ដំណោះ​ស្រាយ​មក​បញ្ចប់​បញ្ហា ដែល​ទាក់​ទិន​ការ​រំលោភ​បំពាន​សិទ្ធិ​ទាម​ទារ​រក​យុត្តិធម៌​ និង​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ដីធ្លី។​ ពួក​គេបន្តថា ​ បើ​ការ​ចាប់​ចង​នៅ​បន្ត​កើត​មាន​ទៀត​នោះ​ ​សកម្ម​ភាព​តវ៉ា​នឹង​មិន​ចុះ​ថមថយ​ឡើយ​ ហើយ​នឹង​នៅតែ​បន្ត​កើត​មាន​ដដែល​ជា​ដដែល​ផង​ដែរ៕