លោកអ៊ុក ហៃសិលា ប្រធានផ្នែកស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាថ្ងៃព្រហស្បតិ៍នេះ បានច្រានចោលការចោទប្រកាន់ដែលថាក្រុមមន្ត្រីរបស់លោកបានវាយអ្នកស្រី Marga Bujosa Segado អ្នកស្រាវជ្រាវជនជាតិអេស្ប៉ាញដែលត្រូវបាននិរទេសចេញពីប្រទេសកម្ពុជាកាលពីខែសីហា ពាក់ព័ន្ធទៅនឹងការចូលរួម«យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ»។
ឧត្តមសេនីយ៍ទោអ៊ុក ហៃសិលា និយាយថា អ្នកស្រី Marga ទំនងជាបានប្រើប្រាស់គ្រឿងញៀន ដោយលោកសំអាងទៅលើកាយវិការ និងសាច់ឈាម។
លោកបន្តទៀតថា អ្នកស្រី Marga Bujosa Segado ត្រូវបានចាប់ខ្លួន និងបណ្តេញចេញពីកម្ពុជា ព្រោះអ្នកស្រីចូលរួមយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ និងយុទ្ធនាការផ្សេងៗទៀតជាមួយសកម្មជនសហគមន៍បឹងកក់។ យុទ្ធនាការទាំងនោះមានដូចជាការតវ៉ាទាមទារឱ្យដោះលែងសកម្មជនការពារសិទ្ធិលំនៅដ្ឋាន គឺលោកស្រីទេព វន្នី និងអ្នកស្រីបូវ សោភា និងទាមទារឱ្យមានការស៊ើបអង្កេតដោយឯករាជ្យស្វែងរកឃាតករសម្លាប់លោកកែម ឡី អ្នកវិភាគនយោបាយជាដើម។ អ្នកស្រី Marga Bujosa Segado ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៦ ខែសីហា។
អ្នកស្រី Marga សរសេរសំបុត្រមួយច្បាប់ផ្ញើរទៅកាសែតក្នុងស្រុកមួយនាពេលថ្មីៗនេះ ដោយអះអាងថា ក្រុមមន្ត្រីអន្តោប្រវេសន៍វាយដំទៅលើរូបអ្នកស្រីក្នុងកំឡុងពេលអ្នកស្រីត្រូវបានគេឃុំខ្លួន។
ឆ្លើយតបនឹងសំណួរ VOA អំពីអំពើហិង្សានេះ លោកអ៊ុក ហៃសិលា និយាយថា ក្រុមមន្ត្រីរបស់លោកមិនបានធ្វើអ្វីទៅលើរូបអ្នកស្រី Marga ទេ ក្នុងកំឡុងពេលឃុំខ្លួនអ្នកស្រី។ ម្យ៉ាងវិញទៀត លោកអះអាងថា ការណ៍ដែលក្រុមមន្ត្រីរបស់លោកលុបចោលរូបភាពក្នុងទូរស័ព្ទរបស់អ្នកស្រី គឺដោយសារលោកបារម្ភអំពីសុវត្ថិភាពរបស់ក្រុមមន្ត្រីក្រោមឱវាទរបស់លោក ខ្លាចថា នឹងមានការធ្វើមន្តអាគមអូមអាមដែលនាំឲ្យមានគ្រោះថ្នាក់។
ក្រុមអង្គការសិទ្ធិមនុស្សលីកាដូក៏ដូចជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ពុំទាន់អាចបញ្ជាក់បានទៅលើករណីថា តើអ្នកស្រាវជ្រាវជនជាតិអេស្ប៉ាញរូបនេះពិតជាត្រូវបានក្រុមមន្ត្រីអន្តោប្រវេសន៍វាយទៅលើរូបគាត់មែន ឬយ៉ាងណានោះឡើយ៕