សមត្ថកិច្ច​កម្ពុជា​ឃាត់ខ្លួន​ជនបរទេស​ប្រមាណ​២០០​នាក់ សង្ស័យ​ថា​ប្រព្រឹត្ត​ល្បែង​អនឡាញ​ខុស​ច្បាប់

ជនជាតិបរទេស២០០នាក់ដែលភាគច្រើនជាជនជាតិចិនត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងសកម្មភាពល្បែងអនឡាញខុសច្បាប់ នៅរាជធានីភ្នំពេញ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ (រូបថតដោយ Fresh News)

មន្រ្តី​ជាន់​ខ្ពស់​ខាង​អន្តោ​ប្រវេសន៍​អះអាង​ថា​ សមត្ថ​កិច្ច​កម្ពុជា​កំពុង​ស៊ើប​អង្កេត​បន្ថែម​ពាក់ព័ន្ធ​នឹង​ជន​បរទេស​ប្រមាណ ​២០០ ​នាក់ ​ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​ចិន។​ ពួកគេ​ត្រូវ​បាន​ឃាត់​ខ្លួន​ ក្រោយ​សមត្ថ​កិច្ច​ចុះ​បង្រ្កាប​ទីតាំង​មួយ​កន្លែង​នៅ​ក្នុង​ខណ្ឌ​មានជ័យ ​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ពុធ។​

សារ​ព័ត៌មាន​ក្នុង​ស្រុក​ដូច​ជា​ Fresh News ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ​អាជ្ញាធរ​បាន​ចុះ​បង្រ្កាប​ទីតាំង​មួយ​កន្លែង ​ដោយ​ឃាត់​បាន​ជន​ជាតិ​ចិន ​និង​ជនជាតិ​ប៉ាគីស្ថាន​ជិត​២០០​នាក់​ ដោយ​សង្ស័យ​ពី​ការ​ប្រព្រឹត្ត​បទ​ល្មើស​ល្បែង​អនឡាញ​ខុស​ច្បាប់​ ស្ថិត​នៅ​សង្កាត់​ស្ទឹង​មានជ័យ​៣ ​ខណ្ឌ​មានជ័យ។​ សារ​ព័ត៌មាន ​Fresh News​ បាន​ចុះ​ផ្សាយ​ទៀត​ថា ​ការ​ចុះ​បង្រ្កាប​នៅ​ទីតាំង​នោះ​កើត​ឡើង​ ក្រោយ​អាជ្ញាធរ​ទទួល​បាន​ព័ត៌មាន​ពី​ជន​រងគ្រោះ​ដែល​បាន​ប្តឹង​ថា​ ខ្លួន​ត្រូវ​បាន​ចាប់​បង្ខាំង​នៅ​ក្នុង​អគារ។​

លោក ​សុខ សុមនា ​អ្នកនាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ មក​ដល់​ពេល​នេះ ​សមត្ថ​កិច្ច​ពាក់ព័ន្ធ​កំពុង​សាកសួរ​ជន​បរទេស​ទាំង​នោះ ​ហើយ​សមត្ថ​កិច្ច​ត្រៀម​បញ្ជូន​ពួក​គេ​ទៅ​ប្រទេស​កំណើត​វិញ។​

លោក​ថ្លែង​ថា៖​ «រាល់​ជន​ណា​ដែល​យើង​បាន​បង្រ្កាប​ហើយ​គឺ​យើង​ត្រូវ​អនុវត្ត​តាម​នីតិវិធី​ច្បាប់​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា​ហើយ។ ​អ៊ីចឹង​ទេ ​ជន​ជាតិ​ចិន​ដែល​[ឃាត់]​ហ្នឹង​គឺ​មិន​មាន​អ្វី​ទេ ​យើង​នឹង​បញ្ជូន​ពួក​គាត់​ចេញ​ហើយ។​ ហើយ​ចំពោះ​ការ​ប្រតិកម្ម​អី​នោះ​ក៏​ខាង​ភាគី​ចិន​ក៏​គោរព​ទៅ​តាម​ច្បាប់​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា​របស់​យើង​ដែរ»។​

អ្នក​នាំ​ពាក្យ​រូប​នោះ​អះអាង​ថា ​លោក​មិន​ទាន់​អាច​បញ្ជាក់​ពី​ចំនួន​ជន​ជាតិ​ចិន​ និង​ជនជាតិ​ប៉ាគីស្ថាន​ដែល​កម្លាំង​សមត្ថ​កិច្ច​ចុះ​បង្រ្កាប​ពី​បទ​ល្មើស​ល្បែង​អនឡាញ​ខុស​ច្បាប់​នេះ​នៅ​ឡើយ​ទេ។​

លោក ​សុខ វាសនា ​អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​ អន្តោ​ប្រវេសន៍ ​ប្រាប់​វីអូអេ​យ៉ាង​ខ្លី​ថា​ ​អាជ្ញាធរ​កំពុង​សាកសួរ​ជន​បរទេស​ទាំង​នោះ ​ហើយ​ត្រៀម​បញ្ជូន​ពួកគេ​ទៅ​ប្រទេស​កំណើត​វិញ។​

អ្នក​នាំពាក្យ​ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ ​លោក ​សំ វិច្ឆិកា ​បដិសេធ​មិន​អត្ថាធិប្បាយ​ ដោយ​ស្នើ​ឱ្យ​វីអូអេ​សួរ​អ្នក​នាំ​ពាក្យ​អគ្គស្នង​ការដ្ឋាន​នគរ​បាល​ជាតិ​វិញ។ ​វីអូអេ​ពុំ​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ឆាយ គឹមខឿន ​អ្នក​នាំពាក្យ​អគ្គ​ស្នង​ការដ្ឋាន​នគរបាល​ជាតិ​បាន​នៅ​ឡើយ​ទេ។​

ចំណែក​អ្នកស្រី​ ជូ ប៊ុនអេង​ រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ​និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ ប្រាប់​វីអូអេ​ថា​ អ្នកស្រី​មិន​បាន​ដឹង​អំពី​ការ​ចុះ​បង្រ្កាប​របស់​កម្លាំង​សមត្ថ​កិច្ច​ ហើយ​ឃាត់​ខ្លួន​ជន​បរទេស​ខាង​លើ​ឡើយ។ ​អ្នកស្រី​ស្នើ​ឱ្យ​ទាក់ទង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​វិញ។​

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​បិទ​ល្បែង​កាស៊ីណូ​អនឡាញ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​ ២០២០ ដោយ​អនុញ្ញាត​ឱ្យ​មាន​តែ​កាស៊ីណូ​លេង​ល្បែង​ផ្ទាល់​នៅ​នឹង​កន្លែង​តែ​ប៉ុណ្ណោះ។​

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក​ អំ សំអាត​ ប្រាប់​វីអូអេ​ថា​ បច្ចុប្បន្ន​នេះ​បញ្ហា​ល្បែង​អនឡាញ​ហាក់​បី​កើត​ជា​ហូរហែ​នៅ​តាម​អគារ​តូច​ធំ​ជា​ច្រើន​ ដែល​លោក​ថា​ ភាគ​ច្រើន​សុទ្ធ​សឹង​តែ​ជា​ជន​បរទេស។ ​លោក​បន្ត​ថា​ ការ​បើក​ល្បែង​អនឡាញ​ក៏​ជា​ផ្នែក​មួយ​នាំ​ឱ្យ​មាន​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ​ឬ​ហៅ​ថា ​Scam ​ដូច​ជា​ការ​ឆបោក​មនុស្ស​យក​មក​ធ្វើ​ការ​និង​ការ​បង្ខាំង​មនុស្ស​ជាដើម។​

លោក​បន្ថែម​ថា​ បញ្ហា​ល្បែង​អនឡាញ ​និង​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នៅ​តែ​ជា​ភាព​ចម្រូង​ចម្រាស​មួយ​សម្រាប់​កម្ពុជា។​

លោក​ថ្លែង​ថា៖​ «បច្ចុប្បន្ន​រឿង​ល្បែង​អនឡាញ​ និង​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នេះ​ វា​ជា​រឿង​ចម្រូង​ចម្រាស​ដ៏​ក្តៅ​គគុក​សម្រាប់​កម្ពុជា​យើង។​ អ៊ីចឹង​ វា​ប៉ះពាល់​ច្រើន​ទី១ ​វិស័យ​ទេសចរណ៍​ ទី ២ ​វិស័យ​វិនិយោគ ​ទី ៣​ វា​ទាក់​ទង​នឹង​សន្តិសុខ​ សុវត្ថិភាព​សង្គម​អី​ជា​ដើម​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​កេរ្តិ៍​ឈ្មោះ​នៃ​ប្រទេស​កម្ពុជា​យើង»។​

លោក​ អំ សំអាត​ ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ និង​រដ្ឋាភិបាល​ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ក្នុង​ការ​បង្រ្កាប​ ឱ្យ​មាន​ប្រសិទ្ធ​ភាព​ទៅ​លើ​ល្បែង​អនឡាញ​ បូក​រួម​ទាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ និង​លុប​បំបាត់​នូវ​រាល់​អំពើ​ពុក​រលួយ​គ្រប់​រូបភាព​ ហើយ​ក៏​ត្រូវ​សហ​ការ​ល្អ​ជា​មួយ​ប្រទេស​ជិត​ខាង​ដើម្បី​កំណត់​មុខ​សញ្ញា​ឧក្រិដ្ឋ​ជន។​

គួរ​បញ្ជាក់​ថា​ ជា​បន្ត​បន្ទាប់ ​ប្រទេស​កម្ពុជា​ត្រូវ​បាន​រាយ​ការណ៍​ថា​ ក្លាយ​ជា​កន្លែង​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ​(Scam) ​ដោយ​ប្រើ​ប្រាស់​កម្លាំង​ពល​កម្ម​បរទេស​ រហូត​មាន​សេចក្តី​រាយ​ការណ៍​អំពី​ការ​បង្ខាំង​ទុក​ពួក​គេ​មិន​ឱ្យ​មាន​សេរី​ភាព ​ការ​ធ្វើ​ទារុណ​កម្ម ​និង​ការ​ជំរិត​ទារ​ប្រាក់​ជា​ដើម។ ​ឧក្រិដ្ឋ​ជន​ដែល​ភាគ​ច្រើន​ជា​ជន​បរទេស​បាន​ជួល​អគារ ​ឬ​ទីតាំង​ពី​អ្នក​ជំនួញ​ដែល​ជា​ជន​ជាតិ​ខ្មែរ​ដើម្បី​ប្រព្រឹត្ត​អំពើ​ទាំង​នោះ។​

បើ​តាម​របាយ​ការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ (UNHCHR) ​ដែល​ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​សីហា​ ឆ្នាំ​ ២០២៣​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ មនុស្ស​ប្រមាណ​ជា​ ១០ ​ម៉ឺន​នាក់​ ដែល​ជា​ជន​បរទេស​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើ​ការងារ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នេះ​ក៏​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ចំនួន​ ៥​ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​រួម​មាន​កម្ពុជា ​ថៃ ​ឡាវ​ មីយ៉ាន់ម៉ា ​និង​ហ្វីលីពីន៕​