ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និង​កម្ពុជា​ព្រមព្រៀង​បន្ត​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ឆបោក​អនឡាញ


រូបឯកសារ៖ លួសត្រូវបានហ៊ុមព័ទ្ធរបងនៃបរិវេណនៃអគារឈ្មោះ Great Wall Park ដែលអាជ្ញាធរបានរកឃើញថាជាកន្លែងជួញដូរមនុស្ស ចាប់ជម្រិត និងធ្វើទារុណកម្ម នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២។
រូបឯកសារ៖ លួសត្រូវបានហ៊ុមព័ទ្ធរបងនៃបរិវេណនៃអគារឈ្មោះ Great Wall Park ដែលអាជ្ញាធរបានរកឃើញថាជាកន្លែងជួញដូរមនុស្ស ចាប់ជម្រិត និងធ្វើទារុណកម្ម នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២។

ក្រោយ​ការ​ចេញ​របាយ​ការណ៍​របស់​ក្រសួងការ​បរទេស​សហ​រដ្ឋ​អាមេរិក​ដែល​បាន​បង្ហាញ​ពី​វឌ្ឍនភាព​តិចតួច​ក្នុង​ការ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ ក្រុម​មន្ត្រី​នៃ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​នៅ​ទីក្រុង​ភ្នំពេញ​ បាន​ជួប​ពិភាក្សា​ជាមួយ​ក្រុម​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​កម្ពុជា​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ឧក្រិដ្ឋ​កម្ម​មួយ​នេះ។ ​

ក្នុង​ជំនួប​មួយ​កាលពី​ថ្ងៃ​ទី​៩​ ខែ​សីហា​ អ្នកស្រី ​Aleks Zittle ​អនុប្រធាន​ស្តីទី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ​និង​អ្នកស្រី​ ជូ ប៊ុនអេង ​អនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញ​ដូរ​មនុស្ស ​បាន​ជួប​ប្រជុំ​ពិភាក្សា​ផ្លាស់ប្តូរ​ព័ត៌មាន​លើ​ការ​អនុវត្ត​ច្បាប់​រួម​គ្នា​រវាង​កម្ពុជា​ អាមេរិក។​ អ្នក​ស្រី ​Zittle​ ក៏​បាន​ឱ្យ​ដឹង​ពី​បំណង​ក្នុង​ធ្វើការ​ជាមួយ​ដៃ​គូ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ពង្រឹង​លើ​ការ​ស៊ើប​អង្កេត​ និង​ការ​កាត់​ទោស​ជន​ល្មើស​ជួញដូរ​ និង​កិច្ចការ​ផ្សេង​ទៀត​ ក្នុង​នោះ​គឺ​ការ​បង្កើន​កិច្ច​សហការ​ប្រឆាំង​នឹង​សកម្ម​ភាព​ឆបោក​តាម​បណ្តាញ​អ៊ីនធឺណិត។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​នៅ​រាជធានី​ភ្នំពេញ។

អ្នកស្រី ​Zittle ​ត្រូវ​បាន​ស្រង់​សម្តី​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​ថា៖​ «យើង​ចង់​ធ្វើ​ការ​ជាមួយ​ដៃ​គូ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ពង្រឹង​លើ​ការ​កំណត់​អត្ត​សញ្ញាណ​ ការ​ស៊ើប​អង្កេត​ និង​ការ​កាត់​ទោស​ជន​ល្មើស​ជួញ​ដូរ​ ពង្រឹង​ការ​ការពារ​ជនរង​គ្រោះ​ និង​ទប់ស្កាត់​នូវ​ការ​ជួញ​ដូរ​មនុស្ស​ ព្រម​ទាំង​បង្កើន​កិច្ច​សហការ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​អ៊ីនធឺណិត»។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ ភាគី​ទាំងពីរ​ក៏​បាន​ព្រមព្រៀង​គ្នា​បន្ត​កិច្ច​សហ​ប្រតិបត្តិ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ សកម្ម​ភាព​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ និង​តាម​ទីកន្លែង​ប្រព្រឹត្ត​សកម្ម​ភាព​ទាំង​នោះ​ ដែល​បាន​រីកសាយ​ភាយ​ទាំង​នៅ​ក្នុង​តំបន់​ និង​ជុំវិញ​សាកល​លោក​ បង្ក​ឱ្យ​មាន​ជន​រងគ្រោះ​ជា​លក្ខណៈ​សាកល ​រួម​ទាំង​សហ​រដ្ឋ​អាមេរិក។​

ជំនួប​រវាង​អ្នកស្រី​ Aleks Zittle ​និង​រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​ អ្នកស្រី​ ជូ ប៊ុនអេង​ កើត​ឡើង​បន្ទាប់​ពី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​បាន​ចេញ​របាយ​ការណ៍​ចុង​ក្រោយ​មួយ​ស្តីពី​ការ​ជួញ​ដូរ​មនុស្ស ​ដោយ​បាន​បង្ហាញ​ថា​ ប្រទេស​កម្ពុជា​បន្ត​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទាប​បំផុត ​ពាក់ព័ន្ធ​នឹង​ការ​ចាត់​វិធាន​ការ​លុប​បំបាត់​ ឬ​ទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស​ដែល​នាំ​ឱ្យ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​កម្រិត ​៣ ​ឬ ​Tier 3។ ​ចំណាត់​ថ្នាក់​នេះ​ត្រូវ​បាន​ដាក់​មក​លើ​ប្រទេស​កម្ពុជា​ជា​ច្រើន​ឆ្នាំ​មក​ហើយ។​

បើ​តាម​របាយ​ការណ៍​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០២៤ ​ប្រតិបត្តិ​ការ​ឆបោក​អនឡាញ​ស្ថិត​នៅ​ក្នុង​ចំណុច​ស្នូល​នៃ​ការ​វាយ​តម្លៃ​ស្តីពី​ស្ថាន​ភាព​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា។ ​អំពើ​ពុក​រលួយ​ និង​ការ​ពាក់ព័ន្ធ​របស់​មន្ត្រី​រដ្ឋាភិបាល​ក៏​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​ការ​វាយ​តម្លៃ​ចំណាត់​ថ្នាក់​កម្រិត​ទី​៣​នៃ​ការ ​រីក​ចម្រើន​តិចតួច​ទៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស។​

រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​អ្នកស្រី​ ជូ ប៊ុនអេង ​និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស ​ប្រាប់​វីអូអេ​ថា ​ជា​រៀង​រាល់​ឆ្នាំ​ សហ​រដ្ឋ​អាមេរិក​តែង​ប្រកាស​អំពី​ការ​ផ្តល់​កិច្ច​សហការ​ និង​ការ​គាំទ្រ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ ប៉ុន្តែ​បែរជា​ផ្តល់​ថវិកា​ទៅ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល ​មិន​ផ្តល់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា។​

អ្នកស្រី​បន្ថែម​ថា ​រដ្ឋាភិបាល​កម្ពុជា​ក៏​មិន​ទាន់​យល់​អំពី​របៀប​នៃ​ការ​វាយ​តម្លៃ​លើ​ស្ថានភាព​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ ដោយសារ​ក្រោយ​ការ​សហការ​រវាង​ប្រទេស​ទាំង​ពីរ​ដើម្បី​ឆ្លើយ​តប​នឹង​អំពើ​ឧក្រិដ្ឋ​កម្ម​នេះ​ កម្ពុជា​នៅ​តែ​បន្ត​ទទួល​បាន​ចំណាត់​ថ្នាក់​ទាប​ក្នុង​របាយ​ការណ៍​ស្តីពី​ការ​ជួញ​ដូរ​មនុស្ស​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក។​

អ្នកស្រី​ថ្លែង​ថា៖​ «បើតាម​យើង​ដឹង​គឺ​សហ​រដ្ឋ​អាមេរិក​បាន​គេហៅ​ថា​ ផ្តល់​ថវិកា​មួយ​ចំនួន​ ដែល​គាត់​ចាត់​ទុក​ថា ជា​ថវិកា​ជួយ​មក​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា។​ ប៉ុន្តែ​ថវិកា​ទាំង​អស់​ហ្នឹង​មិន​បាន​ឱ្យ​មក​រដ្ឋាភិបាល​ទេ ​អ៊ីចឹង​ប្រើប្រាស់​តាម​គម្រោង​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល។​ អ៊ីចឹង​ដែល​កន្លង​មក​ ​យើង​តែង​តែ​សួរ​ថា​ តើ​កិច្ច​សហ​ប្រតិបត្តិ​ការ​ដែល​ខាង​សហ​រដ្ឋ​អាមេរិក​ព្យាយាម​នៅ​ក្នុង​ការ​និយាយ​អំពី​កិច្ច​សហការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា ​តើ​រូបភាព​បែប​ណា?​ ពីព្រោះ​រៀង​រាល់​ឆ្នាំ​ ការ​វាយ​តម្លៃ​បន្ទាប់​ពី​ថា​ ​បង្កើន​កិច្ច​សហការ​ ការ​គាំទ្រ​ ឬ​បំពេញ​ចន្លោះ​ខ្វះខាត​ បែរ​ជា​វា​ធ្លាក់​លេខ»។​

ទោះ​យ៉ាង​ណា​ អ្នកស្រី​ថា​ ភាគី​កម្ពុជា​នៅ​បន្ត​រង់ចាំ​មើល​ថា​ តើ​នឹង​មាន​ការ​សហការ​យ៉ាង​ណា​ទៀត​ នៅ​ពេល​ខាង​មុខ​ ក្រោយ​ជំនួប​កាលពី​ថ្ងៃទី​៩​សីហា។​

ក្នុង​ការ​ចាត់​ថ្នាក់​កម្ពុជា​នៅ​កម្រិត​ ៣​ ឬ ​Tier 3​ របាយ​ការណ៍​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ បាន​លើក​ឡើង​អំពី​ការ​ពាក់ព័ន្ធ​របស់​មន្ត្រី​កម្ពុជា​ខ្លះ​នៅ​ក្នុង​សកម្ម​ភាព​ដែល​មាន​ទំនាក់​ទំនង​នឹង​ការ​ជំរុញ​ឱ្យ​មាន​ការ​ជួញ​ដូរ​ តួយ៉ាង​នៅ​ក្នុង​អំពើ​ឧក្រិដ្ឋ​ឆបោក​តាម​បណ្តាញ​អ៊ីនធឺណិត។​

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក ​អំ សំអាត​ យល់​ឃើញ​ថា​ កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​ Tier 3 ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដែល​បាន​បង្ក​ផល​ប៉ះពាល់​លើ​មុខ​មាត់​រដ្ឋាភិបាល។ ​លោក​ថា​ ដំណាល​គ្នា​នេះ​ក៏​មាន​សេចក្តី​រាយ​ការណ៍​មួយ​ចំនួន​អំពី​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ ហើយ​ប្រទេស​ខ្លះ​ដូច​ជា​ឥណ្ឌា​ ​ក៏​បាន​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​បញ្ហា​នេះ។​

លោក​បន្ថែម​ថា​ អំពើ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​កំពុង​ក្លាយ​ជា​ការ​បង្អាក់​ដំណើរ​របស់​ទេសចរ​បរទេស​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា​ ហើយ​ក៏​បាន​ធ្វើ​ឱ្យ​វិនិយោគិន​រារែក​ ក្នុងការ​មក​បណ្តាក់​ទុន​រក​ស៊ី​នៅ​កម្ពុជា។​

បើ​តាម​លោក ​អំ សំអាត​ រដ្ឋាភិបាល​កម្ពុជា​គួរ​មាន​ការ​ឆ្លើយ​តប​ឱ្យ​បាន​ហ្មត់ចត់​លើ​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ដែល​ជា​រូបភាព​ថ្មី​មួយ​នៃ​ការ​ប្រព្រឹត្ត​អំពើ​ជួញ​ដូរ​មនុស្ស​តាម​បច្ចេកវិទ្យា​ទំនើប​ ហើយ​ដែល​កំពុង​ធ្វើ​ឱ្យ​ប្រទេស​មួយ​ចំនួន​ព្រមាន​ពលរដ្ឋ​ខ្លួន​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ពេល​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា។​

លោក​ថ្លែង​ថា៖​ «ទីមួយ​ គឺ​ប៉ះពាល់​ទៅ​ដល់​មុខមាត់​នៃ​ប្រទេស​កម្ពុជា​យើង។​ ទីពីរ​ គឺ​ទាក់ទង​ជាមួយ​នឹង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ដែល​ចូល​មក​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា។ ​ទីបី​ គឺ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ទីបួន​គឺ​ទាក់​ទង​នឹង​សន្តិសុខ​ សុវត្ថិភាព​សម្រាប់​កម្ពុជា​យើង​ផងដែរ»។​

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​លើក​ឡើង​ទៀត​ថា ​ អាជ្ញាធរ​កម្ពុជា​គួរតែ​ទទួល​បាន​ការ​បណ្តុះ បណ្តាល​ជំនាញ​ដែល​អាច​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា​តាម​ប្រព័ន្ធ​អនឡាញ​ ហើយ​ជន​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ ទោះ​ជា​មន្ត្រី​មាន​ឋានៈ​បែប​ណា​ក៏​ត្រូវ​តែ​ទទួល​ការ​ផ្តន្ទាទោស​ ហើយ​មន្ត្រី​អនុវត្ត​ច្បាប់​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​សកម្មភាព​ជួញ​ដូរ​មនុស្ស​ ដើម្បី​កាត់​បន្ថយ​ភាព​ស្មុគស្មាញ​ក្នុង​ដំណើរ​ការ​ស៊ើប​អង្កេត​ និង​ទប់​ស្កាត់​បទល្មើស។

តាម​របាយ​ការណ៍​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក ​ការ​បន្ត​ទទួល​បាន​កម្រិត ​៣ ​ក្នុង​កិច្ច​ខិតខំ​លុប​បំបាត់​ និង​ទប់​ស្កាត់​ការជួញ​ដូរ​មនុស្ស​ ធ្វើ​ឱ្យ​កម្ពុជា​ដែល​ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត​នេះ​ខាត​ប្រយោជន៍​មួយ​ចំនួន។​

ផល​ប្រយោជន៍​មួយ​ចំនួន​ដែល​កម្ពុជា​នឹង​ខាតបង់​ គឺ​សហ​រដ្ឋ​អាមេរិក​នឹង​មិន​ផ្តល់​ជំនួយ​ខ្លះ​ដែល​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​កិច្ចការ​មនុស្ស​ធម៌ ​និង​ពាណិជ្ជ​កម្ម​ ហើយ​មូលនិធិ​ខ្លះ​ដែល​ផ្តល់​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ដើម្បី​ចូលរួម​កម្មវិធី​ផ្លាស់​ប្តូរ​សិក្សា​ និង​វប្បធម៌​អាច​ត្រូវ​បាន​ដក​មក​រក្សា​ទុក​វិញ។ ​ធនាគារ​ ពហុភាគី​ និង​មូលនិធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ​អាច​ច្រាន​ចោល​ប្រាក់​កម្ចី ​ឬ​ការ​ប្រើប្រាស់​ផ្សេងៗ​ទៀត​នៃ​ស្ថាប័ន​មូលនិធិ​នានា​ចំពោះ​ប្រទេស​ដែល​គេ​ចាត់​ចូល​កម្រិត​៣ ​វៀរ​លែង​តែ​កិច្ចការ​មនុស្ស​ធម៌ ​កិច្ចការ​ពាក់ព័ន្ធ​ពាណិជ្ជ​កម្ម​ និង​ជំនួយ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ជាក់​ស្តែង៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG