ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក៖ ​ពលរដ្ឋ​ខ្លួន​ខាតបង់​ ១០០​លាន​ដុល្លារ​ក្នុង​អំពើ​ឆបោក​តាម​អន​ឡាញ​មាន​ប្រភព​នៅ​កម្ពុជា


រូបឯកសារ៖ រូបភាពចេញផ្សាយដោយអគ្គនាយកដ្ឋានអន្ដោប្រវេសន៍បង្ហាញ​ជនជាតិ​បង់ក្លាដែស​ដែលត្រូវបាន​ជួយ​សង្គ្រោះ​ពី​ករណី​ឆបោក​ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។ (រូបថតដោយអគ្គនាយកដ្ឋានអន្ដោប្រវេសន៍)
រូបឯកសារ៖ រូបភាពចេញផ្សាយដោយអគ្គនាយកដ្ឋានអន្ដោប្រវេសន៍បង្ហាញ​ជនជាតិ​បង់ក្លាដែស​ដែលត្រូវបាន​ជួយ​សង្គ្រោះ​ពី​ករណី​ឆបោក​ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។ (រូបថតដោយអគ្គនាយកដ្ឋានអន្ដោប្រវេសន៍)

ប្រតិបត្តិ​ការ​បោក​ប្រាស់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ​និង​ការ​ជួញដូរ​មនុស្ស​ពាក់ព័ន្ធ​ឧក្រិដ្ឋ​កម្ម​បាន​ប្រែ​ក្លាយ​ទៅ​ជា​បញ្ហា​ក្នុង​តំបន់ ​និង​ពិភពលោក​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ​ហើយ​ពលរដ្ឋ​អាមេរិកាំង​បាន​ខាតបង់​ជាង​១០០​លាន​ដុល្លារ​ទៅ​លើ​ការ​បោក​ប្រាស់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​មាន​ប្រភព​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា។​

ការ​បញ្ជាក់​របស់​ស្ថានទូត​អាមេរិក​បែប​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​មាន​ជំនួប​រវាង​ អ្នកស្រី ​Aleks Zittle ​អនុ​ប្រធាន​ស្តីទី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ​និង​អ្នកស្រី​ ជូ ប៊ុនអេង ​អនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញ​ដូរ​មនុស្ស ​កាល​ពី​ថ្ងៃ​ទី​៩​ ខែ​សីហា ​ដោយ​បាន​ជួប​ប្រជុំ​ពិភាក្សា​ផ្លាស់ប្តូរ​ព័ត៌មាន​លើ​ការ​អនុវត្ត​ច្បាប់​រួម​គ្នា​រវាង​កម្ពុជា​ និង​អាមេរិក។​

អ្នក​នាំពាក្យ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​លោក Wesley Holzer ​ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉េល​ជា​ភាសា​អង់គ្លេស​ និង​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​នេះ ​ប្រតិបត្តិ​ការ​បោក​ប្រាស់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ​និង​ការ​ជួញដូរ​មនុស្ស​ពាក់ព័ន្ធ​ឧក្រិដ្ឋ​កម្ម​បាន​ក្លាយ​ទៅ​ជា​បញ្ហា​ក្នុង​តំបន់ ​និង​ពិភពលោក​ដែល​កំពុង​រីកធំ​ឡើង​ក្នុង​ប្រទេស​កម្ពុជា។​

លោក​បាន​លើក​ឡើង​ជា​ភាសា​អង់គ្លេស​ហើយ​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ខេមរ​ភាសា​ថា៖​ «ការ​ប៉ាន់ស្មាន​ជាទូទៅ​បង្ហាញ​ថា ​ពលរដ្ឋ​អាមេរិកាំង​បាន​ខាតបង់​ជាង​១០០​លាន​ដុល្លារ​ទៅ​លើ​ប្រតិបត្តិ​ការ​បោក​ប្រាស់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​មាន​ប្រភព​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា»។​

ជា​ផ្នែក​មួយ​នៃ​ការ​ព្យាយាម​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញ​ដូរ​មនុស្ស​ និង​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នេះ​ ​លោក ​Wesley​ បាន​បញ្ជាក់​ថា​ កាលពី​ឆ្នាំ​មុន​ រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​បាន​គាំទ្រ​ការ​បណ្តុះ​បណ្តាល​រយៈ​ពេល​១​ម៉ឺន​៨​ពាន់​ម៉ោង​សម្រាប់​សមភាគី​កម្ពុជា ​ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស ​និង​ការ​បោកប្រាស់​តាម​អ៊ីនធឺណិត។ ​វគ្គ​បណ្តុះ​បណ្តាល​នេះ​ចំណាយ​ទឹក​ប្រាក់​ជាង​៣៥​លាន​ដុល្លារ​ដែល​ផ្តល់​ដោយ​សហ​រដ្ឋ​អាមេរិក​ក្នុង​រយៈ​ពេល​២​ទសវត្សរ៍​ចុង​ក្រោយ​នេះ ​សម្រាប់​ការ​គាំទ្រ​ដល់​ជន​រងគ្រោះ​ដោយ​ការ​ជួញដូរ​នៅ​កម្ពុជា។ ​ កិច្ចការ​ភាគ​ច្រើន​ត្រូវ​បាន​អនុវត្ត​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក ​និង​អន្តរជាតិ​ដើម្បី​ជួយ​ជន​រងគ្រោះ​ទាំង​កម្ពុជា ​និង​បរទេស។​

ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​បាន​ចេញ​របាយ​ការណ៍​ចុង​ក្រោយ​មួយ​ស្តីពី​ការ​ជួញ​ដូរ​មនុស្ស ​ដោយ​បាន​បង្ហាញ​ថា​ ប្រទេស​កម្ពុជា​បន្ត​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទាប​បំផុត ​ពាក់ព័ន្ធ​នឹង​ការ​ចាត់​វិធាន​ការ​លុប​បំបាត់​ ឬ​ទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស​ដែល​នាំ​ឱ្យ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​កម្រិត ​៣ ​ឬ ​Tier 3។ ​ចំណាត់​ថ្នាក់​នេះ​ត្រូវ​បាន​ដាក់​មក​លើ​ប្រទេស​កម្ពុជា​ជា​ច្រើន​ឆ្នាំ​មក​ហើយ។​

បើ​តាម​របាយ​ការណ៍​របស់​ក្រសួង​ការបរទេស​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០២៤ ​ប្រតិបត្តិ​ការ​ឆបោក​អនឡាញ​ស្ថិត​នៅ​ក្នុង​ចំណុច​ស្នូល​នៃ​ការ​វាយ​តម្លៃ​ស្តីពី​ស្ថាន​ភាព​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា។ ​អំពើ​ពុក​រលួយ​ និង​ការ​ពាក់ព័ន្ធ​របស់​មន្ត្រី​រដ្ឋាភិបាល​ក៏​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​ការ​វាយ​តម្លៃ​ចំណាត់​ថ្នាក់​កម្រិត​ទី​៣​នៃ​ការ ​រីក​ចម្រើន​តិចតួច​ទៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស។​

រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ ​និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស ​អ្នកស្រី​ ជូ ប៊ុនអេង​ ប្រាប់​វីអូអេ​ថា ​អ្នកស្រី​បាន​ទទួល​ដំណឹង​អំពី​របាយ​ការណ៍​ដែល​សហ​រដ្ឋ​អាមេរិក​ថា​ ពលរដ្ឋ​ខ្លួន​បាន​ខាត​បង់​ថវិកា​ប្រមាណ​ជាង​១០០​លាន​ដុល្លារ​លើ​ការ​ឆបោក​តាម​អនឡាញ​ដែល​មាន​ប្រភព​នៅ​ប្រទេស​កម្ពុជា ​ប៉ុន្តែ​អ្នកស្រី​មិន​មាន​ព័ត៌មាន​លម្អិត​ជុំវិញ​ការ​ខាត​បង់​ថវិកា​នេះឡើយ។​

អ្នកស្រី​បន្ថែម​ថា​ ជន​រង​គ្រោះ​តាម​ប្រព័ន្ធ​អនឡាញ​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​ប្រភេទ​ រួម​មាន​អ្នក​ត្រូវ​បាន​គេ​ប្រើ​ប្រាស់ ​និង​អ្នក​ត្រូវ​គេ​ឆបោក ​ហើយ​ការ​ឆបោក​តាម​អនឡាញ​នោះ​មាន​ប្រភព​ជាច្រើន​ មិនមែន​មាន​តែ​កម្ពុជា​មួយ​ប៉ុណ្ណោះ​ទេ។​

អ្នកស្រី​ថ្លែង​ថា៖​ «ហើយ​ប្រសិន​បើ​មាន​ប្រភព​ពី​កម្ពុជា​តែ​មួយ​ម៉ាត់​ហ្នឹង​ យើង​ក៏​អត់​ដឹង​ថា ​ប្រភព​ណា​ដែរ​ ពីព្រោះ​ដូច​យើង​ដឹង​ហើយ​ថា​ ការ​ទាក់ទង​នេះ​តាម​ប្រព័ន្ធ​អនឡាញ។​ អ៊ីចឹង​បាន​ថ្ងៃ​មុន​យើង​ជជែក​គ្នា​ជា​មួយ​នឹង​ស្ថានទូត​ [អាមេរិក]​ គឺ​យើង​ត្រូវ​ការ​សហការ​គ្នា​ក្នុង​ការ​ធ្វើការ​ផ្តល់​ទន្និន័យ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ដូច​ថា​ ច្បាស់​ប៉ុណ្ណា​ដែល​អាច​ស្រាវជ្រាវ​រក​ឃើញ​ ដើម្បី​ឱ្យ​យើង​ធ្វើការ​សហការ​ជាមួយ​គ្នា»។​

ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​ជំនួយ​របស់​សហ​រដ្ឋ​អាមេរិក​លើ​ការ​ប្រយុទ្ធ​ការ​ជួញដូរ​មនុស្ស ​និង​ការ​ឆបោក​តាម​អនឡាញ ​ដែល​មិន​បាន​ផ្តល់​ដោយ​ផ្ទាល់​មក​កាន់​រដ្ឋាភិបាល​ប៉ុន្តែ​បែរ​ជា​ធ្វើការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល ​អ្នកស្រី ​ជូ ប៊ុនអេង​ ថ្លែង​ថា ​ជំនួយ​សហ​រដ្ឋ​អាមេរិក​មិន​ដែល​ត្រូវ​បាន​ផ្តល់​មក​កាន់​រដ្ឋាភិបាល​កម្ពុជា​ឡើយ ​បើទោះ​បី​ជា​សហ​រដ្ឋ​អាមេរិក​ថា​ ជំនួយ​នេះ​គឺ​ស្ថិត​ក្នុង​កិច្ច​សហ​ប្រតិបត្តិ​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​និង​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ក៏​ដោយ។​

អ្នកស្រី​លើក​ឡើង​ថា៖​ «អាហ្នឹង​តាំង​ពី​ដើម​មក ដូច​មិនមែន​ឥឡូវ​ហ្នឹង​ទេ!​ យើង​តាំង​ពី​គេ​ហៅ​ថា​ ទោះ​បី​យើង​កំពុង​អត់​ឃ្លាន​យ៉ាង​ណា​ ​ជំនួយ​ហ្នឹង​មិន​មក​កម្ពុជា​ជា​រដ្ឋាភិបាល​ទេ​ សុខចិត្ត​យក​ទៅ​ជួយ​នៅ​តាម​ព្រំដែន​ ជួយ​តាម​ប្រទេស​ផ្សេងៗ។​យើង​ធ្លាប់​ដឹង​ហើយ​តើ​រឿង​ហ្នឹង!​ ហើយ​បើ​ចង់​ដឹង​ទាល់​តែ​សួរ​ទៅខាង​សហ​រដ្ឋ​អាមេរិក​ខ្លួន​ឯង។ សួរ​កម្ពុជា​ម៉េច​ដឹង?»

យ៉ាងណាមិញ​ អ្នកស្រី ​ជូ ប៊ុនអេង ​អះអាង​ថា ​រដ្ឋាភិបាល​កម្ពុជា​តែង​តែ​ទទួល​ស្វាគមន៍​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​សម្រាប់​ការ​ធ្វើ​កិច្ច​សហ​ប្រតិបត្តិ​ការ​ដោយ​មិន​មាន​ការ​អើសរើង​ឡើយ។​ អ្នកស្រី​បញ្ជាក់​ទៀត​ថា ​កម្ពុជា​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សហ​ប្រជាជាតិ​ថា​ ជា​ប្រទេស​ដែល​សកម្ម​ក្នុង​ការ​ឆ្លើយ​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​និង​ការ​ឆបោក​តាម​ប្រព័ន្ធ​តាម​អនឡាញ​ផង​ដែរ។​

អ្នក​នាំពាក្យ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​លោក ​Wesley Holzer​ មិន​ទាន់​ឆ្លើយ​តប​សំណួរ​របស់​សំឡេង​សហ​រដ្ឋ​អាមេរិក​តាម​សារ​អ៊ីមែល​នៅ​ថ្ងៃ​អង្គារ​នេះ​ទេ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក ​អំ សំអាត​យល់​ ថា ​ក្នុង​ស្ថាន​ភាព​ដែល​កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណាត់​ថា្នក់​កម្រិត​៣ ​ឬ Tier 3​ នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​មក​លើ​មុខមាត់​របស់​ប្រទេស​កម្ពុជា​ ស្រប​ពេល​មាន​ការ​ព្រួយ​បារម្ភ​ពី​ភាគី​ឥណ្ឌា​លើ​បញ្ហា​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ​និង​មាន​ការ​ជូន​ដំណឹង​ផ្សេងៗ​អំពី​ការ​ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​ខ្ញុំ​យល់​ឃើញ​ថា​ កម្ពុជា​យើង​គួរ​តែ​ពង្រឹង​បន្ថែម​នូវ​កិច្ចការ​ក្នុង​ការ​បង្រ្កាប​ និង​ការ​ទប់ស្កាត់​ការ​ជួញ​ដូរ​មនុស្ស​ឬ​ក៏​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ ពីព្រោះ​ផល​លំបាក​ដែល​កើត​ឡើង​យើង​ដឹង​ហើយ​ទី១​ទាក់ទង​នឹង​បញ្ហា​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ​ទី២​គឺ​ការ​វិនិយោគ​សម្រាប់​កម្ពុជា ​ទី៣​ទាក់ទង​នឹង​សន្តិសុខ​សុវត្ថិ​ភាព​សម្រាប់​កម្ពុជា​យើង»។​

បើ​តាម​លោក​អំ សំអាត​ ​ អាជ្ញាធរ​កម្ពុជា​គួរតែ​ទទួល​បាន​ការ​បណ្តុះ ​បណ្តាល​ជំនាញ​ដែល​អាច​បង្ក្រាប​បទ​ល្មើស​បច្ចេកវិទ្យា​តាម​ប្រព័ន្ធ​អនឡាញ​ ហើយ​ជន​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ ទោះ​ជា​មន្ត្រី​មាន​ឋានៈ​បែប​ណា​ក៏​ត្រូវ​តែ​ទទួល​ការ​ផ្តន្ទាទោស​ ហើយ​មន្ត្រី​អនុវត្ត​ច្បាប់​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​សកម្ម​ភាព​ជួញ​ដូរ​មនុស្ស​ ដើម្បី​កាត់​បន្ថយ​ភាព​ស្មុគ​ស្មាញ​ក្នុង​ដំណើរ​ការ​ស៊ើប​អង្កេត​ និង​ទប់​ស្កាត់​បទល្មើស។​

របាយ​ការណ៍​របស់​ក្រសួង​ការ​បរទេស​អាមេរិក​ស្តីពី​ការ​ជួញ​ដូរ​មនុស្ស​ប្រចាំ​ឆ្នាំ​២០២៤​បាន​បញ្ជាក់​ថា ​ការ​បន្ត​ទទួល​បាន​កម្រិត ​៣ ​ក្នុង​កិច្ច​ខិតខំ​លុប​បំបាត់​ និង​ទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស​ ធ្វើ​ឱ្យ​កម្ពុជា​ដែល​ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត​នេះ​ខាត​ប្រយោជន៍​មួយ​ចំនួន។​ ផល​ប្រយោជន៍​មួយ​ចំនួន​ដែល​កម្ពុជា​នឹង​ខាតបង់​ គឺ​សហ​រដ្ឋ​អាមេរិក​នឹង​មិន​ផ្តល់​ជំនួយ​ខ្លះ​ដែល​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​កិច្ចការ​មនុស្ស​ធម៌ ​និង​ពាណិជ្ជ​កម្ម​ ហើយ​មូលនិធិ​ខ្លះ​ដែល​ផ្តល់​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ដើម្បី​ចូលរួម​កម្មវិធី​ផ្លាស់​ប្តូរ​សិក្សា​ និង​វប្បធម៌​អាច​ត្រូវ​បាន​ដក​មក​រក្សា​ទុក​វិញ។ ​ធនាគារ​ ពហុភាគី​ និង​មូលនិធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ​អាច​ច្រាន​ចោល​ប្រាក់​កម្ចី ​ឬ​ការ​ប្រើប្រាស់​ផ្សេងៗ​ទៀត​នៃ​ស្ថាប័ន​មូលនិធិ​នានា​ចំពោះ​ប្រទេស​ដែល​គេ​ចាត់​ចូល​កម្រិត​៣ ​លើក​លែង​តែ​កិច្ចការ​មនុស្ស​ធម៌ ​កិច្ចការ​ពាក់ព័ន្ធ​ពាណិជ្ជ​កម្ម​ និង​ជំនួយ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ជាក់​ស្តែង។​

សេចក្តី​ថ្លែង​ការណ៍​រួម​របស់​ស្ថានទូត​អាមេរិក ​និង​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​៩​ ខែ​សីហា ​បញ្ជាក់​ថា​ អាមេរិក​ទន្ទឹង​រង់ចាំ​ការ​បន្ត​ការ​ចូលរួម​ជាមួយ​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ប្រតិបត្តិ​ការ​បោកប្រាស់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​ធ្វើ​ទុក្ខ​បុកម្នេញ​ដល់​មនុស្ស​ជុំវិញ​ពិភពលោក​ រួមទាំង​នៅ​កម្ពុជា ​និង​សហ​រដ្ឋ​អាមេរិក៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG