សិស្ស​និង​និស្សិត​ប្រឈម​នឹង​ប៉ូលិស​នៅ​ក្នុង​ការ​តវ៉ា​រឿង​សុវត្ថិភាព​ចរាចរ​នៅ​បង់ក្លាដែស

និស្សិត​បង់ក្លាដែស​បញ្ឈប់​រថយន្ត​មួយ​គ្រឿង​ដើម្បី​ពិនិត្យ​មើល​បណ្ណ​បើកបរ​របស់​អ្នកបើកបរអំឡុង​បាតុកម្ម​មួយ​ក្នុង​ទីក្រុង​ Dhaka ប្រទេស​បង់ក្លាដែស​កាលពីថ្ងៃទី​០៤ សីហា ២០១៨។

កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ សិស្ស និង​និស្សិត​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​នឹង​ប៉ូលិស​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស នៅ​ក្នុង​អំឡុង​ពេល​ការ​តវ៉ា​ថ្ងៃ​ទី ៧ អំពាវនាវ​ឲ្យ​មាន​ការ​ពង្រឹង​ច្បាប់​ចរាចរ​ឲ្យ​បាន​ប្រសើរ​ជាង​មុន និង​ឲ្យ​មាន​ការ​ការពារ​បន្ថែម​ទៀត​ចំពោះ​អ្នក​ដំណើរ​ថ្មើរ​ជើង​នៅ​ជិត​សាលារៀន។

ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក និង​ដំបង​ដើម្បី​បំបែក​អ្នក​តវ៉ា​រាប់​រយ​នាក់​នៅ​ក្នុង​តំបន់ Dhanmondi នៃ​រដ្ឋធានី​ដាកា នៅ​ពេល​ដែល​អ្នក​តវ៉ា​គប់​ដុំ​ថ្ម​ដាក់​ប៉ូលិស។ សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​បាន​បង្ហាញ​ថា មនុស្ស​ជា​ច្រើន​នាក់​បាន​រង​របួស។

អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បាន​និយាយ​ថា ប៉ូលិស​បាន​បាញ់​គ្រាប់​កាំភ្លើង​កៅស៊ូ​ដាក់​អ្នក​តវ៉ា ប៉ុន្តែ ប៉ូលិស​បាន​បដិសេធ​ថា​ពួកគេ​មិន​បាន​បាញ់​នោះ​ទេ។

ការ​តវ៉ា​នេះ​បាន​ចាប់ផ្ដើម​តាំង​ពី​ថ្ងៃ​ចន្ទ​មក​នៅ​ក្នុង​ទីក្រុង​ដាកា បន្ទាប់ពី​និស្សិត​សាកលវិទ្យាល័យ​ពីរ​នាក់​ត្រូវ​បាន​រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​ជា​ប្រចាំ​មួយ​គ្រឿង​បុក​ឲ្យ​ស្លាប់ នៅ​ពេល​ដែល​រថយន្ត​ក្រុង​នេះ​ប្រញាប់​ទៅ​ដឹក​អ្នក​ដំណើរ។

បន្ទាប់ពី​ហេតុការណ៍​នេះ​បាន​កើត​ឡើង​មក សិស្ស និង​និស្សិត​នានា​បាន​ចេញ​មក​តវ៉ា​តាម​ដង​ផ្លូវ ជា​ពិសេស​នៅ​ក្នុង​តំបន់​ដែល​គ្រោះថ្នាក់​កើត​ឡើង​ញឹកញាប់ ដោយ​ពួកគេ​បាន​ឆែកឆេរ​ប័ណ្ណ​បើកបរ​របស់​អ្នក​បើក​រថយន្ត បញ្ជា​ចរាចរ​ដោយ​ខ្លួន​ឯង ហើយ​ករណី​ខ្លះ​ទៀត ពួកគេ​បាន​បែងចែក​គន្លង​ចរាចរ​ទៀត​ផង។

គណៈកម្មាធិការ​ជាតិ​បង់ក្លាដែស​ទទួល​បន្ទុក​កិច្ចការ​ការពារ​ការ​ដឹក​ជញ្ជូន ផ្លូវ​គោក និង​ផ្លូវ​ដែក បាន​រក​ឃើញ​ថា អ្នក​ដំណើរ​ថ្មើរ​ជើង​ជាង ៤ ពាន់ ២ រយ​នាក់ បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ​កាល​ពី​ឆ្នាំ​មុន ដែល​ភាគ​ច្រើន​បណ្ដាល​មក​ពី​ការ​បើកបរ​ធ្វេស​ប្រហែស៕