កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រទេសប៉ូឡូញបានសម្តែងការស្វាគមន៍ជាផ្លូវការចំពោះកងទ័ពស.រ.អា.ដែលបានទៅដល់ប្រទេសនេះក្នុងសប្តាហ៍នេះ ដែលជាផ្នែកមួយនៃបេសកកម្មរបស់អង្គការអូតង់ ដែលមានគោលបំណងទប់ស្កាត់សកម្មភាពគឃ្លើនរបស់រុស្ស៊ីនៅក្នុងតំបន់នេះ។ លោកស្រី Beata Szydlo នាយករដ្ឋមន្ត្រី ប៉ូឡូញ និង លោក Antoni Macierewicz រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ បានចូលរួមក្នុងពិធីនៅទីក្រុង Zagan នៅភាគខាងលិចប្រទេសប៉ូឡូញ។
លោកស្រី Szydlo បាននិយាយតាមសម្តីដើមថា វត្តមានរបស់ទាហានអាមេរិកនៅប្រទេសប៉ូឡូញគឺជាជំហានមួយទៀតនៃយុទ្ធសាស្ត្ររបស់យើងដើម្បីធានាសុវត្ថិភាព និងសន្តិសុខសម្រាប់ប្រទេសប៉ូឡូញនិងសម្រាប់តំបន់នេះ។
លោកស្រីថ្លែងដូច្នេះក្រោយពីលោកស្រីប្រាប់ទាហានថា លោកស្រីសង្ឃឹមថា ពួកគេមានអារម្មណ៍ដូចនេះជាផ្ទះរបស់គេផ្ទាល់។
ក្រុមដំបូងនៃកងទ័ពអាមេរិកបានទៅដល់ប្រទេសប៉ូឡូញកាលពីថ្ងៃព្រហស្បតិ៍ ដោយធ្វើដំណើរចេញពីប្រទេសអាល្លឺម៉ង ។ លោក Dmitry Peskov អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង បាននិយាយថា ប្រតិបត្តិការនេះគឺជាការគំរាមកំហែងដល់ប្រយោជន៍និងសន្តិសុខរុស្ស៊ី។ អ្នកនាំពាក្យនេះនិយាយថា នេះជាការប្រកាសកាន់តែច្បាស់ក្រឡែត នៅពេលភាគីទី៣ពង្រឹងកងកម្លាំងរបស់ខ្លួននៅមាត់ទ្វារផ្ទះរុស្ស៊ី៕