ប៉ូឡូញ​គ្រោង​រៀបចំ​ការ​ថ្លែង​ជា​សាធារណៈ​ដំបូង​បង្អស់​របស់​លោក Trump ក្នុង​ទ្វីប​អឺរ៉ុប

លោក​ប្រធានាធិបតី Donald Trump ថ្លែង​ក្នុង​សន្និសីត​កាសែត​មួយ​ជាមួយ​នឹង​លោក Andrzej Duda ប្រធានាធិបតី​ប៉ូឡូញ នៅ​វិមាន Royal Castle ក្នុង​ក្រុង Warsaw កាលពី​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​ការ​ជាមួយ​នឹង​ប្រទេស​ប៉ូឡូញ ដើម្បី​ដោះស្រាយ​សកម្មភាព និង​ឥរិយាបថ​បំផ្លិចបំផ្លាញ​របស់​ប្រទេស​រុស្ស៊ី។ លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា សហរដ្ឋ​អាមេរិក​ប្ដេជ្ញា​ធានា​នូវ​សន្តិភាព និង​សន្តិសុខ​នៅ​ក្នុង​តំបន់​ភាគ​ខាង​កើត និង​ភាគ​កណ្ដាល​នៃ​ទ្វីប​អឺរ៉ុប។

លោក Trump បាន​ថ្លែង​ក្បែរ​ប្រធានាធិបតី​ប៉ូឡូញ​លោក Andrzej Duda នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​ប៉ូឡូញ និង​បាន​សរសើរ​សម្ព័ន្ធមិត្ត​អង្គការ​អូតង់​ថា​មាន​សារៈសំខាន់​សម្រាប់​រារាំង​ជម្លោះ​មិន​ឲ្យ​កើត​ឡើង។

លោក Trump បាន​រិះគន់​សមាជិក​ខ្លះ​នៃ​អង្គការ​អូតង់ ថា​មិន​បាន​ចំណាយ​ថវិកា​ឲ្យ​បាន​គ្រប់គ្រាន់​ទៅ​លើ​វិស័យ​យោធា​របស់​ពួកគេ និង​បាន​បញ្ជាក់​ថា ប្រទេស​ប៉ូឡូញ​ជា​សម្ព័ន្ធមិត្ត​មួយ​របស់​អង្គការ​អូតង់​ដែល​បំពេញ​កាតព្វកិច្ច​គ្រប់គ្រាន់​នៅ​ក្នុង​ការ​ចំណាយ​ថវិកា​សម្រាប់​ផ្នែក​យោធា។

បន្ទាប់​ពី​នោះ​មក លោក Trump បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​មួយ ដោយ​បាន​ប្រាប់​មេដឹកនាំ​នានា​ថា សហរដ្ឋ​អាមេរិក​មិន​ចង់​ឃើញ​មាន​ឧបសគ្គ​ច្រើន​លើ​ផ្នែក​ពាណិជ្ជកម្ម​ថាមពល​នោះ​ទេ ហើយ​សហរដ្ឋ​អាមេរិក​ចង់​ឃើញ​ប្រទេស​នីមួយៗ​បង្កើត​ធនធាន​ថាមពល​ផ្សេងៗ​ឲ្យ​បាន​ច្រើន។

បន្ថែម​ពី​នេះ​ទៀត លោក Trump គ្រោង​នឹង​ថ្លែង​សុន្ទរកថា​សាធារណៈ​សំខាន់​មួយ​ដំបូង​បង្អស់​នៅ​ទីលាន Krasinski ក្នុង​រដ្ឋធានី​វ៉ាសូវី ប្រទេស​ប៉ូឡូញ។

សេតវិមាន​បាន​បញ្ជាក់​ថា នៅ​ក្នុង​សុន្ទរកថា​ជា​សាធារណៈ​នោះ លោក​ប្រធានាធិបតី Trump នឹង​បញ្ជាក់​សារ​ជា​ថ្មី​អំពី​ការ​ប្ដេជ្ញា​របស់​លោក​ចំពោះ​គោលការណ៍​នៃ​ការ​ការពារ​រួម​គ្នា​របស់​អង្គការ​អូតង់ ប៉ុន្តែ​ក៏​នឹង​ថ្លែង​អំពី​ការ​ទាមទារ​របស់​លោក​ចំពោះ​ប្រទេស​ជា​សមាជិក​អង្គការ​អូតង់​ផ្សេងៗ​ឲ្យ​រួម​ចំណែក​ថវិកា​បន្ថែម​ទៀត​ដល់​អង្គការ​អូតង់៕