ប្រទេសប៉ូឡូញបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនកំពុងធ្វើការចរចាជាមួយស.រ.អា ដើម្បីដាក់ជាអចិន្ត្រៃយ៍នូវអាវុធអាមេរិកាំងធុនធ្ងន់នៅខាងក្នុងព្រំដែនរបស់ខ្លួន ជាផ្នែកមួយនៃផែនការមួយរបស់ស.រ.អា ដែលកំពុងត្រូវពិចារណាសម្រាប់បង្កើនវត្តមានរបស់ខ្លួននៅក្នុងប៉ែកខាងកើតនៃទ្វីបអឺរ៉ុប និងនៅក្នុងរដ្ឋក្នុងតំបន់សមុទ្របាល់ទិក ដើម្បីធ្វើឲ្យរាដល់លទ្ធភាពនៃការឈ្លានពានរបស់ប្រទេសរុស្សី។
ក្រសួងការពារប្រទេសប៉ូឡូញបាននិយាយថា ផែនការនេះនឹងអំពាវនាវឱ្យស.រ.អាដាក់ពង្រាយកងរថក្រោះប្រយុទ្ធ និងគ្រឿងឧបករណ៍ឯទៀតៗនៅក្នុងប្រទេសប៉ូឡូញ។ លោក Tomasz Siemoniak រដ្ឋមន្ត្រីការពារប្រទេសប៉ូឡូញបាននិយាយថា លោកបានពិភាក្សាផែនការនេះជាមួយក្រុមមន្ត្រីយោធាស.រ.អានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីខែមុន ហើយលោកបានទទួលការធានារ៉ាប់រងថា នឹងមានសេចក្តីសម្រេចមួយក្នុងពេលឆាប់ៗនេះ។
លោករដ្ឋមន្ត្រីការពារប្រទេសនៃរដ្ឋាភិបាលក្រុងវ៉ាសូវីបានមានប្រសាសន៍ថា «នេះជាជំហានមួយទៀតដើម្បីបង្កើនវត្តមានស.រ.អានៅក្នុងប្រទេសប៉ូឡូញ និងនៅក្នុងតំបន់»។បើសំណើនេះមានការយល់ព្រមពីលោករដ្ឋមន្ត្រីការពារប្រទេសស.រ.អា AshtonCarterនិងលោកប្រធានាធិបតីបារ៉ាក់អូបាម៉ា ស.រ.អានឹងរក្សាទុកយានយន្តសម្រាប់ប្រយុទ្ធ ហើយនឹងតាំងទីទាហាន៥ពាន់នាក់នៅក្នុងប្រទេសប៊ុលការីអេស្តូនី ឡាតវី លីទុយអានី រ៉ូម៉ានី ប៉ូឡូញ និងប្រហែលនៅក្នុងប្រទេសហុងគ្រីផងដែរ ដែលសុទ្ធតែជាប្រទេសធ្លាប់ឋិតនៅក្រោមឥទ្ធិពលសហភាពសូវៀត៕