ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការសិក្សា​​បាន​រកឃើញ​អំពី​ទំនាក់​ទំនង​រវាង​អំពើ​ពុករលួយ​ និង​បដិវត្តន៍​នា​ពេល​ថ្មីៗ​នេះ


ពលរដ្ឋ​អេហ្ស៊ីប​រាប់​ពាន់​នាក់​ ធ្វើ​បាតុកម្ម​​នៅ​ទីលាន​ តាហៀរ​ ក្នុង​ទីក្រុង​ឡឺគែរ៍​ ប្រទេស​អេហ្ស៊ីប​ កាលពី​ថ្ងៃសុក្រ​ទី​ ០៨​ ខែមេសា​ ឆ្នាំ២០១១។​
ពលរដ្ឋ​អេហ្ស៊ីប​រាប់​ពាន់​នាក់​ ធ្វើ​បាតុកម្ម​​នៅ​ទីលាន​ តាហៀរ​ ក្នុង​ទីក្រុង​ឡឺគែរ៍​ ប្រទេស​អេហ្ស៊ីប​ កាលពី​ថ្ងៃសុក្រ​ទី​ ០៨​ ខែមេសា​ ឆ្នាំ២០១១។​

អង្គការ​មិន​រក​ប្រាក់​កម្រៃ​អន្តរជាតិ​មួយ​និយាយ​ថា ​ហានិភ័យ​ទាំងឡាយ​នៃ​អំពើ​ពុក​រលួយ​បាន​កើនឡើង​នៅ​ក្នុង​ប្រទេស ​អេហ្ស៊ីប ​និង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​ និង​ប្រទេស​ទាំងឡាយ​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក​ខាងជើង​ មុន​ពេល​មាន​ការប្រឆាំង​បះបោរ​របស់ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ឆ្នាំ​នេះ ​ដែល​បាន​វាយ​ប្រហារ​តំបន់​នេះ។

នាយក​គ្រប់គ្រង​នៃ​អង្គការ​សុចរិតភាព​សាកល​ ណាថានីញ៉ែល ​ហែលល័រ (Nathaniel Heller) បាន​ប្រដូច​អំពើ​ពុករលួយ​ទៅ​នឹង​រន្ធ​ពណ៌​ខ្មៅ​មួយ ខណៈពេល​ដែល​លោក​និយាយ​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន​ នៅក្នុង​ឱកាសចេញ​របាយការណ៍ថ្មី​មួយ។ លោក​និយាយ​ថា របាយការណ៍​ថ្មី​នេះ​ស្វែងរក​ការវាស់​វែង​នូវ​វិធានការ​តម្លាភាព​និង​អភិបាលកិច្ច​ល្អ ​ដែល​អាច​ប្រឆាំង​ទៅ​នឹង​អំពើ​ពុក​រលួយ។

លោក​ ហែលល័រ ​បាន​និយាយ​ថា ទិន្នន័យ​ស្តីពី​ការប្រឆាំង​ទៅ​នឹង​អំពើ​ពុករលួយ ​ដែល​ត្រូវ​បាន​ប្រមូល​ចងក្រង​នៅ​ក្នុង​ឆ្នាំ​២០១០សម្រាប់​ប្រទេស ​យ៉េមេន (Yemen) ​ម៉ារ៉ុក (Morocco) និង​តំបន់​ វែសត៍ប៊ែង (West Bank) បង្ហាញ​ថា ​ប្រទេស​ទាំងនេះ​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម​ ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​បញ្ហា​ប្រឈម​ទាំងឡាយ​ ដែល​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស ​អេហ្ស៊ីប មុន​ពេល​ការប្រឆាំង​បះបោរ​របស់​ប្រជា​ពលរដ្ឋនៅក្នុងប្រទេស​នេះ​នៅ​ក្នុង​ខែ​មករា។

«បើ​ពិនិត្យ​មើល​ត្រឡប់​ទៅ​ក្រោយ​វិញ​ នៃ​ការវាយតម្លៃ​ជា​ច្រើន​ឆ្នាំ​ទៅ​លើ​ប្រទេស​ទាំងឡាយ​ដូចជា​ អេហ្ស៊ីប ​យ៉េមេន ​ម៉ារ៉ុក ​និង​តំបន់​ វែសត៍ប៊ែង ​យើង​មើល​ឃើញ​ការធ្លាក់​ចុះ​ជា​សន្សឹមៗ ​ដែល​ស្ទើរតែ​មាន​លក្ខណៈ​ជា​សាកលនៅ​ក្នុង​តំបន់​នេះ ​និង​សម្រាប់​ប្រទេស​ស្ទើរតែ​ទាំងអស់​ ដែល​ត្រឡប់​ថយ​ក្រោយ​វិញ​យ៉ាងតិច​បំផុត​ទៅ​ឆ្នាំ​២០០៦។ នៅ​ក្នុង​ប្រទេស ​អេហ្ស៊ីប​ ជា​ពិសេស ​យើង​បាន​ឃើញ​ដំណើរ​ធ្លាក់​ចុះសន្សឹមៗ​នេះ ពី​ស្ថានភាព​មួយ​ដែល​ជា​បញ្ហា​ប្រឈម​យ៉ាងខ្លាំងក្លា​រួច​ទៅ​ហើយ ខណៈ​ពេល​ដែល​វា​បាន​ឈាន​ទៅ​រក​ការប្រឆាំង​នឹង​អំពើ​ពុករលួយ​និង​តម្លាភាព​ ទៅ​ស្ថានភាព​មួយ​ដែល​បាន​ក្លាយ​ទៅ​ជា​ស្ថានភាព​ដ៏យ៉ាប់យ៉ឺន​មិន​គួរ​ឱ្យ​ជឿ»។

ការសិក្សា​ថ្មី​នេះ​បាន​រកឃើញ​ថា ប្រទេស​ អេហ្ស៊ីប យ៉េមេន ម៉ារ៉ុក និង​ វែសត៍បែង មិន​បាន​សាទរ​ទៅ​លើ​វិធានការ​ទាំងឡាយ ​ដែល​ជំរុញ​ឱ្យ​មាន​ការការពារ​ប្រឆាំង​ទៅ​នឹង​អំពើ​ពុក​រលួយ​ទេ ​ដូចជា​ត្រូវមាន​ សារព័ត៌មាន​ឯករាជ្យ​មួយ តម្លាភាព​នៃ​ទ្រព្យ​សម្បត្តិ​របស់​មន្រ្តី​រដ្ឋាភិបាល​ជាន់ខ្ពស់ ​និង​ការធ្វើ​សវនកម្មប្រកប​ដោយ​ប្រសិទ្ធភាព​ទៅ​លើ​កម្មវិធី​ទាំងឡាយ​របស់​រដ្ឋាភិបាល ​ដើម្បី​ធានា​ឱ្យ​បាន​ថា ​ថវិកានឹង​មិន​ត្រូវ​បាន​បង្វែរ​ខុស​គោលដៅ។

អង្គការ​សុចរិតភាព​សាកល​ បាន​បង្កើត​ឡើង​នូវ​ការវាយ​តម្លៃ​ថ្នាក់​ជាតិ​ចំនួន​២០៧ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក។ នៅពេល​នោះ ប្រទេស អ៊ីស្រាអែល ​និង​ប្រទេស​ អារ៉ាប់​រួម គឺ​ជា​ប្រទេស​តែ​ពីរ​គត់​ ដែលការសិក្សា​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​និង​អាហ្រ្វិក​ខាងជើង ​រកឃើញ​ថាបាន​ជៀសផុតពី​ការចាត់​ថ្នាក់​ «ខ្សោយ​ណាស់» ទៅ​លើ​ការការពារ​ទប់ស្កាត់​អំពើ​ពុក​រលួយ។

«នៅ​ក្នុង​ករណីមួយ​ចំនួន​ វា​មិនមាន​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ទេ ​ចំពោះ​អ្វី​ដែល​កំពុងតែ​កើត​មាន​ឡើង។ ខ្ញុំ​គិត​ថា យើង​កំពុង​តែ​ច្បាប់​ផ្តើម​មើល​ឃើញ​ភស្តុតាង​ពិត​ប្រាកដ​នៃ​ចំណុច​បែកបាក់មួយ នៅ​ពេលដែល​ប្រជា​ពលរដ្ឋ​មិន​អាច​ដោះស្រាយ​ជាមួយ​នឹង​ផែនការ​មួយ​ ដែល​ការទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ស្ទើរតែ​ស្មើ​សូន្យ ​និង​គ្មាន​មធ្យោបាយ​ក្នុង​ការស្វែង​រក​ដំណោះស្រាយ​ចំពោះ​ការរំលោភ​អំណាច»។

វា​មិន​ត្រឹម​តែ​តំបន់​មជ្ឈិម​បូព៌ា​ប្រទេស​និង​អាហ្រ្វិក​ខាងជើង​នោះ​ទេ ដែល​ធ្វើ​ឱ្យ​អង្គការ​មិន​រក​ប្រាក់​កម្រៃ​មួយ​នេះ ​ដែល​មាន​មូលដ្ឋាន​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​មាន​ការខ្វល់ខ្វាយ។

អង្គការ​សុចរិតភាព​សាកល​និយាយថា មាន​ការរីកចម្រើន​នៅ​ក្នុង​ប្រទេស​អឺរ៉ុប​ខាងកើត ​ដូចជា​ប្រទេស ប៊ុលហ្ការី (Bulgaria) រ៉ូម៉ានី (Romania) និង ប៉ូឡូញ (Poland) ខណៈពេល​ដែល​ប្រទេស​ទាំង​នេះ​ខិតខំ​ដើម្បី​បំពេញ​តម្រូវការ​ នៅ​ក្នុងការ​ចូលជា​សមាជិក​សហភាព​អឺរ៉ុប​និង​អង្គការ​ណាតូ។ ប៉ុន្តែ លោក​ ហែលល័រ​ បាន​និយាយ​ថា ​នៅ​ពេល​ដែល​ប្រទេស​នេះ​បាន​ចូល​ទៅ​ក្នុង​ប្លុក​អន្តរជាតិ​ទាំង​នេះ ពួកគេ​មាន​អារម្មណ៍​ថា មាន​សម្ពាធ​តិចតួច​នៅ​ក្នុងការរក្សា​ការបង្កើន​ការប្រឆាំង​អំពើ​ពុករលួយ​និង​តម្លាភាព។

«ហើយ​កាលពី​បីបួន​ឆ្នាំ​មុន​ យើង​បាន​ទស្សទាយ​ថា យើង​នឹង​មើលឃើញ​ទិន្នន័យ​ទាំង​នេះនឹង​មាន​ការធ្លាក់​ចុះពីមួយពេល​ទៅ​មួយពេល ​ខណៈពេល​ដែល​រង្វាន់​និង​គ្រឿង​លើក​ទឹកចិត្ត​បាន​រលាយ​បាត់។ នៅ​ពេលដែល​យើង​ពិនិត្យមើល​ទៅលើ​ទិន្នន័យ​នៅក្នុង​ឆ្នាំនេះ ចាប់ពី​លទ្ធផល​ឆ្នាំ​២០១០​សម្រាប់​ប្រទេស រ៉ូម៉ានី ប៊ុលហ្ការី និង ប៉ូឡូញ ជាពិសេស ជាអកុសល​យើង​មើល​ឃើញ​ថា ដូចការទស្សទាយ​នេះ​បាន​បង្ហាញចេញមក​យ៉ាង​ច្បាស់​ក្រឡែត»។

នៅតំបន់​អាស៊ីខាងត្បូង អង្គការ​សុចរិតភាព​សាកល​បានរកឃើញ​ថា ​ការការពារ​ការប្រឆាំង​នឹង​អំពើ​ពុករលួយ​មាន​ភាពខ្សោយ​ ជាពិសេស​នៅ​ក្នុង​ប្រទេស ប៉ាគីស្ថាន ​កាលពីឆ្នាំ​ទៅ​ជាលើកដំបូង​ បន្ទាប់​ពី​ប្រទេស​នេះ​តស៊ូ​អស់រយៈពេល​ជាច្រើន​ឆ្នាំ ក្នុងនាម​ជា​«អ្នកអនុវត្ត​ថ្នាក់​កណ្តាលមួយ»។ លោក​ ហែលល័រ ​បាន​និយាយថា ​លោកមាន​ការសង្ស័យ​ថា អំពើ​ពុករលួយ​ប្រហែល​ជា​ដើរតួនាទី​មួយ នៅក្នុង​សមត្ថភាព​របស់​មេក្រុមភេរវករ​ អូសាម៉ា ប៊ីនឡាដិន (Osama bin Laden)​ នៅក្នុង​ការគេច​ចេញ​ពី​ការតាម​ចាប់ខ្លួន ​រហូត​ដល់​គាត់​ត្រូវបាន​សម្លាប់​ដោយ​កង​កុម្ម៉ង់ដូ​របស់​សហរដ្ឋ​អាមេរិក។

«ហើយ​យោងទៅតាម​អ្វី​ដែល​យើងដឹង​នាពេល​ឥឡូវ​នេះ ​តាមរយៈ​សេចក្តី​រាយការណ៍​ទាំងឡាយ​ពី​បណ្តាញ​សារព័ត៌មាន​អំពី​ការវាយ​ប្រហារ​ទៅលើ​ ប៊ីនឡាដិន ​និង​កន្លែង​ដែល​គាត់បាន​រស់នៅ​អស់​រយៈពេល​ជា​ច្រើនឆ្នាំ​កន្លង​មក ខ្ញុំ​គិតថា ​វា​ពិតជា​បាន​លើកឡើងនូវ​សំណួរ​ដ៏ពិតជាគួរ​ឱ្យចាប់​អារម្មណ៍​មួយ​ចំនួន ​អំពី​ថាតើ​មនុស្ស​ម្នាក់​របៀប​នេះ​អាចរស់​នៅក្នុង​វីឡា​ដ៏ធំ​មួយ ​ដែល​នៅជិត​មូលដ្ឋាន​យោធា​មួយ ​នៅជិត​នឹង​រដ្ឋធានី ​ហើយ​មិនមាន​ការភ្ញាក់ផ្អើល​អ្វីទាំង​អស់ អស់រយៈពេល​ជាច្រើន​ឆ្នាំ​ដោយ​របៀបណា»។

អង្គការ​សុចរិតភាព​សាកល​និយាយ​ថា ​ប្រទេស អាហ្សង់ទីន (Argentina) ប៉េរូ (Peru) និង​អេត្យូពី (Ethiopia) ត្រូវបាន​ផ្តល់​ការវាយតម្លៃ​ថា មានការរីក​ចម្រើន​គួរឱ្យ​កត់សម្គាល់​នៅក្នុង​ការអនុវត្ត​ការប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ក្នុង​ឆ្នាំ​២០១០។ របាយការណ៍​បាននិយាយ​ថា ​នៅក្នុង​ប្រទេស ​អេត្យូពី មាន​ការកើនឡើង​នៅ​ក្នុង​ផ្នែក​នៃ​លទ្ធភាព​របស់​សាធារណជន​ក្នុង​ការទទួល​បាន​ព័ត៌មាន សេវា​សាធារណៈ​ប្រកបដោយ​វិជ្ជា​ជីវៈ ការការពារ​ជម្លោះ​ផល​ប្រយោជន៍​នៅទូទាំង​ផ្នែក​ទាំងបីរបស់​រដ្ឋាភិបាល ​ក៏ដូចជា​ការការពារ​តម្លាភាព​នៃការផ្តល់​ហិរញ្ញវត្ថុ​ផ្នែក​នយោបាយ។

អង្គការ​សុចរិតភាព​សាកល​និយាយ​ថា មូលដ្ឋាន​សម្រាប់​របាយការណ៍​របស់​ខ្លួន​ គឺពឹង​ផ្អែក​ទៅ​លើអ្នកស្រាវ​ជ្រាវ អ្នក​កាសែត និង​អ្នកសិក្សាក្នុង​ស្រុក៕

ប្រែសម្រួល​ដោយ​ ឌី ខាំបូលី

XS
SM
MD
LG