សមត្ថកិច្ច​បន្ត​រឹត​បន្តឹង​ការ​ឆ្លង​កាត់​ព្រំដែន​ប៉ោយប៉ែត​ដោយ​ឃាត់​ពលរដ្ឋ​មិន​ឲ្យ​ធ្វើ​ដំណើរ

កង​ប្រដាប់​អាវុធ​បិទ​ផ្លូវ​ឆ្លង​កាត់​ច្រកព្រំដែន​ប៉ោយប៉ែត កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩ ជា​ថ្ងៃ​ដែល​លោក សម រង្ស៊ី គ្រោង​វិល​ត្រឡប់​មក​កម្ពុជា​វិញ។ (ស៊ុន ណារិន/VOA)

រហូត​មក​ដល់​រសៀល​ថ្ងៃ​សៅរ៍នេះ​ មិន​ទាន់​មាន​ព័ត៌មាន​ថា​តើ​ច្រក​ព្រំដែន​ប៉ោយប៉ែត ​នឹងត្រូវ​បើក​ឲ្យ​ដំណើរការ​ធម្មតា​នៅ​ពេល​ណា​ទេ។

សមត្ថកិច្ច​ចម្រុះ​រាប់រយ​នាក់ ដែល​មាន​នគរបាល ប៉េអឹម និង​ទាហាន ដែល​ប្រដាប់​ដោយ​កាំភ្លើង​វែង​និង​ខ្លី នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ​ បន្ត​រឹត​បន្តឹង​ការ​ឆ្លងកាត់​ចូល​ទៅ​ព្រំដែន​ប៉ោយប៉ែត។

សមត្ថកិច្ច​ម្នាក់​បាន​ប្រកាស​តាម​ឧបករណ៍​ឧគ្ឃោសនស័ព្ទ​ប្រាប់​ទៅ​ពលរដ្ឋ​ដែល​ឈរ​រង់ចាំ និង​តាមដាន​ស្ថានភាព​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ថា កម្មករ​ដែល​ធ្វើ​ការ​នៅ​កាស៊ីណូ និង​ជន​បរទេស​ដែល​ឆ្លងកាត់​ទៅ​ប្រទេស​ថៃ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល។ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវឆ្លងកាត់ និង​ចូល​ទៅ​រកស៊ី​នៅ​ផ្សារ​រ៉ុងក្លឿ ប្រទេស​ថៃ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​នោះ​ទេ។

ការ​រឹតបន្តឹង​សន្តិសុខ​នេះ​ធ្វើ​ឡើង​ ក្នុង​ពេល​ដែល​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្រ្គោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូលរំលាយ​ មាន​គម្រោង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​តាម​ច្រក​ព្រំដែន​ប៉ោយប៉ែត​នៅ​ថ្ងៃ​សៅរ៍​នេះ។

កង​ប្រដាប់​អាវុធ​បាន​បិទ​ផ្លូវ​ឆ្លង​កាត់​ច្រកព្រំដែន​ប៉ោយប៉ែត នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ជាប់​ព្រំប្រទល់​ប្រទេស​ថៃ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)

ការ​បិទ​ច្រក​នេះ​ធ្វើ​ឡើង​ភ្លាមៗ​ដោយ​មិន​បាន​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​មុន​នោះទេ។ កាល​ពី​យប់​អធ្រាត្រ​ឆ្លង​ចូល​ថ្ងៃទី​៩ ខែ​វិច្ឆិកា សមត្ថកិច្ច​ចាប់​ផ្តើម​ត្រៀម​បិទ​ផ្លូវ​ចូល​ទៅ​ច្រក​ព្រំដែន​រួច​ទៅ​ហើយ។ សកម្មភាព​នេះ​ចាប់​ពី​ម៉ោង​៦​កន្លះ​ព្រឹក​ថ្ងៃទី​៩ ខែ​វិច្ឆិកា។

ក្រោយ​បិទ​ផ្លូវ​ទាំងស្រុង​មិន​ឲ្យ​ឆ្លងកាត់​បាន​មួយ​រយ:​ សមត្ថកិច្ច​ក៏​បាន​សម្រួល​ឲ្យ​ប្រជាជន​ដែល​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ អាច​ឆ្លងកាត់​បានខ្លះ។ ក្រោយ​មក​ សមត្ថកិច្ច​អនុញ្ញាត​ឲ្យ​តែ​កម្មករ​កាស៊ីណូ និង​ជនបរទេស​ដែល​ត្រូវ​ឆ្លង​កាត់​ទៅ​ប្រទេស​ថៃ​តែ​ប៉ុណ្ណោះ។

រហូត​មក​ដល់​រសៀល​ថ្ងៃ​សៅរ៍នេះ​ មិន​ទាន់​មាន​ព័ត៌មាន​ថា​តើ​ច្រក​ព្រំដែន​ប៉ោយប៉ែត ​នឹងត្រូវ​បើក​ឲ្យ​ដំណើរការ​ធម្មតា​នៅ​ពេល​ណា​ទេ។

លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​របស់​អង្គការ​លីកាដូ ដែល​បាន​តាមដាន​ការ​បិទផ្លូវ​នេះ​ បាន​ថ្លែង​ប្រាប់ ​VOA នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ថា​ មិន​មាន​ការ​តវ៉ា ឬ​ការ​ប្រមូល​ផ្តុំ​អ្វី​នោះ​ទេ។ លោក​អំពាវនាវ​ឲ្យ​មាន​ការ​បើក​ច្រក​ព្រំដែន​វិញ ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ខាត​បង់​ចំណូល ដែល​ពួកគេ​ត្រូវ​រក​បាន​ជាប្រចាំ​ថ្ងៃ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មើល​ទៅ​ទិដ្ឋភាព​ប្រជាពលរដ្ឋ ដូច​មិន​មាន​អ្វី។ ស្ងាត់ដែរ។ ពលរដ្ឋ​ត្រូវ​បាន​ឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​នោះ​ទេ។ វា​ហាក់​ដូច​ជា​មិន​មាន​អ្វី​កើត​ឡើង​ ទាំង​នៅ​ទឹក​ដី​ថៃ ទាំង​នៅ​កម្ពុជា»។

លោក​បន្ថែម​ថា៖ «អញ្ចឹង​ខ្ញុំ​គិតថាបង​ប្អូន​យើង​ដែល​គាត់​ទៅ​ប្រកប​មុខរបរ ឬ​ទៅ​ធ្វើ​ជាកម្មករ​ គួរ​តែ​អនុញ្ញាត​ឲ្យ​គាត់​ធ្វើ​ដំណើរ​ជា​ធម្មតា​ទៅ»។

លោក ភត់ កុសល អាយុ​៣៧​ឆ្នាំ ជា​អ្នក​លក់ដូរ​ផ្លែ​កៅឡាក់​នៅ​ផ្សារ​រ៉ុង​ក្លឿ ក្នុង​ទឹក​ដីថៃ​ជិត​១០​ឆ្នាំ​មក​ហើយ មាន​ប្រសាសន៍​ថា ​លោក​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ប្រទេសថៃ​នោះទេ។ ការណ៍​នេះ​នាំ​ឲ្យ​លោក​ខាត​បង់ចំណូល​ជា​ប្រចាំ​ថ្ងៃ​ប្រមាណ​១០០ដុល្លារ។

លោក​អំពាវនាវ​ឲ្យ​មាន​ការ​បើក​ច្រកនេះ​ឲ្យ​បាន​ឆាប់។

លោក​បញ្ជាក់​ថា៖ «ដូច​ជា​មិន​មាន​រឿង​អី​កើត​ឡើង​ផង។ ខ្ញុំ​មើល​ទៅ នេះ​គ្រាន់​តែ​ជា​ការ​បន្លាច​តែ​ប៉ុណ្ណោះ»។

លោក​បន្ត​ថា​ ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​លោក​ស្គាល់ ​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត ហើយ​មិន​ប្រកប​របរ​រឿង​រកស៊ី​ទេ​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​នេះ។

កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ពលរដ្ឋ​មួយ​ចំនួន​ដែល VOA បាន​សាកសួរ និយាយ​ថា ​ពួកគេ​ផ្អាក​ការ​រកស៊ី និង​ធ្វើ​ការនៅ​តាម​ព្រំដែន ចាប់​ពីថ្ងៃ​ទី​៩​ ខែវិច្ឆិកា​ រហូត​ដល់​ថ្ងៃ​ទី​១០ ឬ​ទី​១១ ខែ​វិច្ឆិកា​។ អ្នក​ខ្លះ​បាន​លើក​ឡើង​ថា​ពួកគេ​នឹង​បន្ត​រកស៊ី ហើយ​ចាំ​មើល​ស្ថានភាព​ជាក់​ស្តែង៕