ក្នុងឱកាសខួប១០ឆ្នាំនៃកិច្ចព្រមព្រៀង RCEP លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសើរអំពីអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងមួយនេះ និងបង្ហាញជំហរចង់ឱ្យមានទីតាំងលេខាធិការដ្ឋាន RCEP ក្នុងរាជធានីភ្នំពេញ។
RCEP ឬហៅថា កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសអាស៊ានទាំង១០ និងដៃគូ៥ប្រទេសទៀត រួមមានប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ កិច្ចព្រមព្រៀង RCEP ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១២ ខណៈកិច្ចព្រមព្រៀង RCEP ដែលគាំទ្រដោយប្រទេសចិននេះ ត្រូវបានគេមើលឃើញថា ជាវិធានការដ៏ជោគជ័យមួយសម្រាប់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួននៅទូទាំងតំបន់ និងកំណត់ឱ្យឃើញអំពីឥទ្ធិពលគ្របដណ្ដប់របស់ចិនលើពាណិជ្ជកម្មអាស៊ី។
នៅក្នុងវេទិកាគម្រប់ខួប១០ឆ្នាំនៃកិច្ចព្រមព្រៀង RCEP ដែលធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងគំនិតផ្ទាល់ខ្លួនរបស់លោកថា កម្ពុជាចាប់ចំណាប់អារម្មណ៍ចង់ឱ្យមានទីតាំងលេខាធិការដ្ឋាន RCEP នៅទីក្រុងភ្នំពេញ និងថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការគាំទ្រ និងសម្បទានចាំបាច់នានា។ លោកជំរុញឱ្យបង្កើតលេខាធិការដ្ឋាន RCEP នេះឱ្យបានកាន់តែលឿន។
លោក ហ៊ុន សែន ថ្លែងថា៖ «ដើម្បីសម្រេចបាននូវគោលបំណងនេះ លេខាធិការដ្ឋាន RCEP គួរតែត្រូវបង្កើតឡើងឱ្យកាន់តែឆាប់តាមដែលអាចធ្វើទៅបាន ដោយត្រូវពិចារណាលើគ្រប់ទិដ្ឋភាព និងលក្ខខណ្ឌចាំបាច់នានា សំដៅធានាបានអព្យាក្រឹត្យភាព ឯករាជ្យភាព កាលានុវត្តភាព សម្រាប់ការអភិវឌ្ឍ និងការចូលរួមក្នុងការធ្វើសមាហរណកម្មតំបន់។ ក្នុងទិសដៅនេះ ខ្ញុំសូមបញ្ជាក់ជាថ្មីផងដែរថា កម្ពុជានៅតែមានចំណាប់អារម្មណ៍ក្នុងការទទួលតាំងលេខាធិការដ្ឋាន RCEP នៅទីក្រុងភ្នំពេញ និងត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការគាំទ្រ និងសម្បទានចាំបាច់នានា»។
លោក ហ៊ុន សែន បន្ថែមថា ភាគីសមាជិក និងភាគីហត្ថលេខីទាំងអស់ ជាពិសេសសមាជិកដែលជាប្រទេសអភិវឌ្ឍតិចតួច គួរបង្កើនកិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមកក្នុងការអនុវត្តកិច្ចព្រមព្រៀង RCEP នេះឱ្យបានពេញលេញផងដែរ ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមា។
គោលបំណងនៃកិច្ចព្រមព្រៀងនេះគឺបន្ទាបពន្ធគយ បើកឲ្យមានការធ្វើពាណិជ្ជកម្មលើផ្នែកសេវាកម្ម និងលើកកម្ពស់ការវិនិយោគដើម្បីជួយដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ឲ្យតាមទាន់ប្រទេសដទៃទៀតនៅលើពិភពលោក។ ពិសេសជាងនេះទៀត កិច្ចព្រមព្រៀង RCEP នេះត្រូវគេរំពឹងថា នឹងជួយកាត់បន្ថយការចំណាយ និងពេលវេលាសម្រាប់ក្រុមហ៊ុននានា ដោយអនុញ្ញាតឲ្យពួកគេនាំចេញផលិតផលទៅកាន់ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនេះបាន ដោយមិនចាំបាច់បំពេញតាមតម្រូវការដាច់ដោយឡែកសម្រាប់ប្រទេសនីមួយៗ។ កិច្ចព្រមព្រៀងនេះក៏ផ្ដោតលើកម្មសិទ្ធិបញ្ញាផងដែរ ប៉ុន្តែនឹងមិនផ្ដោតលើការការពារបរិស្ថាន និងសិទ្ធិការងារនោះទេ។
អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព លោក វណ្ណ ប៊ុនណា មើលឃើញថា នៅពេលកម្ពុជាអាចទទួលបានទីតាំងលេខាធិការដ្ឋាន RCEP នោះវានឹងធ្វើឱ្យកម្ពុជាមានមុខមាត់លើឆាកអន្តរជាតិកាន់តែខ្លាំង និងទទួលបានផលចំណេញ ដូចជាការបង្កើតឱកាសការងារឱ្យពលរដ្ឋអាចធ្វើការក្នុងស្ថាប័នអន្តរជាតិ និងទទួលបានការផ្លាស់ប្តូរចំណេះដឹង និងជំនាញពីបណ្តាប្រទេសជាដៃគូ ក្នុងការពន្លឿនការអភិវឌ្ឍប្រទេសជាតិ។ លោកបន្តថា កិច្ចព្រមព្រៀង RCEP មានផលចំណេញត្រង់ថា បានបើកទីផ្សារសេរីកាន់តែធំ និងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសដៃគូមានការរីកចម្រើន និងជាយន្តការមួយក្នុងការដើរតួនាទីជាប្រភពពាណិជ្ជកម្មផ្សេងគ្នា កុំឱ្យពាណិជ្ជកម្មគ្រប់គ្រងដោយមហាអំណាចណាមួយ ជាពិសេសសហរដ្ឋអាមេរិក។
ប៉ុន្តែលោកថា កិច្ចព្រមព្រៀង RCEP ក៏ផ្តល់ផលអវិជ្ជមានដល់បណ្តាប្រទេសតូចៗ និងកម្ពុជាផងដែរ ទាក់ទងនឹងឱនភាពនាំចេញ និងនាំចូលផលិតផល ឬចាញ់ប្រៀបប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន និងមានសង្វាក់ផលិតកម្មធំៗ។ ដូច្នេះលោកយល់ថា កម្ពុជាគួរពង្រីកការផលិតក្នុងស្រុក ដើម្បីនាំចេញទៅក្រៅឱ្យបានកាន់តែច្រើន និងត្រូវតែកែលម្អច្បាប់នានា ជាពិសេសទាក់ទងស្ថានភាពអំពើពុករលួយ ដែលត្រូវលុបបំបាត់ ដើម្បីអាចទាក់ទាញអ្នកវិនិយោគចូលមកកម្ពុជា។
លោកថ្លែងថា៖ «ផលអវិជ្ជមាន យើងមើលឃើញថា RCEP ហ្នឹងមែនទែនទៅនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មហ្នឹង ប្រទេសតូចតាចដូចជាកម្ពុជាអីហ្នឹង បើទោះបីជាមានការបើកទីផ្សារធំ លំហរយ៉ាងណាក៏ដោយ ក៏ការផលិតនាំចេញរបស់ខ្លួនមានតិច។ អ៊ីចឹងកាលណាមានការផ្លាស់ប្តូរពាណិជ្ជកម្មសេរីធ្វើឱ្យមានលំហូរទំនិញរបស់សមាជិករបស់ខ្លួនកាន់តែច្រើនឡើង ដូច្នេះវាធ្វើឱ្យមានឱនភាពការនាំចេញ និងការនាំចូលផងដែរ។ ហើយវាធ្វើឱ្យប្រទេសដែលមានសេដ្ឋកិច្ចធំ ប្រទេសដែលមានការផលិត សង្វាក់ផលិតកម្មធំ វាចំណេញលើប្រទេសតូចៗ ដោយសារមានការនាំចេញពីប្រទេសទាំងអស់ហ្នឹងដែលមានសេដ្ឋកិច្ចជឿនលឿន»។
លោកកត់សម្គាល់ថា តាមរយៈកិច្ចព្រមព្រៀងនេះ ប្រទេសចិនក៏អាចពង្រឹងសេដ្ឋកិច្ចរបស់ខ្លួនជាមួយបណ្តាប្រទេសនានាក្នុងតំបន់ដើម្បីមុខមាត់ និងនយោបាយរបស់ខ្លួនក្នុងតំបន់ និងធ្វើឱ្យខ្លួននៅតែមានទឹកមាត់ប្រៃក្នុងការសម្រេចកិច្ចការអន្តរជាតិនានា។
កាលពីឆ្នាំ២០១៩ ប្រទេសឥណ្ឌាបានដកខ្លួនចេញពីកិច្ចព្រមព្រៀង RCEP នេះ ដោយឥណ្ឌាបានបង្ហាញការព្រួយបារម្ភអំពីបញ្ហាលទ្ធភាពចូលទៅកាន់ទីផ្សារ ដោយខ្លាចថា ក្រុមហ៊ុន ឬរោងចក្រផលិតកម្មរបស់ខ្លួនអាចរងផលប៉ះពាល់ខ្លាំង ប្រសិនបើមានទំនិញចិនដែលមានតម្លៃថោកច្រើនហូរហៀរនៅក្នុងប្រទេស។
លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់វីអូអេថា កម្ពុជាត្រូវត្រៀមខ្លួនក្នុងការផលិតឱ្យបានច្រើនដើម្បីកុំឱ្យប្រឈមនឹងការហូរចូលនៃទំនិញពីប្រទេសដែលជាសមាជិក RCEP។ លោកបន្តថា បើទោះបីកិច្ចព្រមព្រៀង RCEP ត្រូវបានគាំទ្រដោយប្រទេសចិន ឬប្រទេសណា គឺគេមិនខ្វល់ទេ ព្រោះ RCEP បានបើកឱ្យប្រទេសនានាចូលធ្វើជាសមាជិកដើម្បីធ្វើពាណិជ្ជកម្មប៉ុណ្ណោះ។ លោកយល់ថា អាមេរិកគួរតែចូលជាសមាជិក RCEP នេះដើម្បីកាត់បន្ថយការមានប្រៀបរបស់ប្រទេសចិន ទៅលើបណ្តាប្រទេសតូចៗ។
លោកថ្លែងថា៖ «ចំពោះកិច្ចព្រមព្រៀងនេះ ប្រសិនបើជាអាមេរិកអត់ចូល យើងឃើញថា ចិនអាចនឹងមានប្រៀបលើដៃគូមួយចំនួនដែរ ដោយសារសេដ្ឋកិច្ចចិនធំ។ អ៊ីចឹងដើម្បីកាត់បន្ថយការមានប្រៀបរបស់ចិននេះ អាមេរិកគួរតែចូលទៅក្នុងកិច្ចព្រមព្រៀង RCEP ដែរដើម្បី Play role [ដើរតួនាទី] ក្នុងកិច្ចព្រមព្រៀង RCEP នេះ»។
នៅក្នុងវេទិកានាថ្ងៃពុធនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវឱ្យសមាជិក RCEP ទាំងអស់ចាប់ផ្តើមពិភាក្សាលើនីតិវិធីសម្រាប់ការស្នើសុំចូលជាសមាជិកបន្ថែមទៀតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈលោកថា កិច្ចព្រមព្រៀងនេះនឹងអនុញ្ញតឱ្យមានការស្នើសុំចូលជាសមាជិកជាបន្តក្នុងអំឡុងឆ្នាំក្រោយនេះ៕