លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអង្គារ បានរិះគន់ចំណាត់ការរបស់តុលាការ ខណៈលោកបានធ្វើអន្តរាគមន៍ឱ្យមានការដោះលែងអ្នកសារព័ត៌មានទូរទស្សន៍បាយ័នម្នាក់ ក្នុងសំណុំរឿងលក់ដីខ្យល់តម្លៃប្រមាណ ៣៦ លានដុល្លារអាមេរិក។
លោកនាយករដ្ឋមន្ត្រីក៏ព្រមានដកតំណែងមន្ត្រីនគរបាលយុត្តិធម៌ណា ដែលលោកថា ចេះតែចាប់ខ្លួនប្រជាពលរដ្ឋតាមតែអំពើចិត្ត បើទោះបីជាតុលាការជាអ្នកបញ្ជាឱ្យចាប់ខ្លួន។ លោក ហ៊ុន សែន បញ្ជាក់ថា ប្រជាពលរដ្ឋតែងតែចោទថា នាយករដ្ឋមន្ត្រីឱ្យចាប់ ដែលការណ៍នេះ វាអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់លោក និងមុខមាត់រដ្ឋាភិបាល។
នៅក្នុងពិធីបិទសន្និបាតនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃអង្គារ លោក ហ៊ុន សែន បានឱ្យដឹងថា លោកធ្វើអន្តរាគមន៍លើការចាប់ខ្លួនអ្នកសារព័ត៌មានម្នាក់ ដែលជាអ្នកវិភាគព័ត៌មានអន្តរជាតិនៅទូរទស្សន៍បាយ័ន ដែលគ្រប់គ្រងដោយកូនស្រីរបស់លោក គឺអ្នកស្រី ហ៊ុន ម៉ាណា។
លោកបន្ថែមថា អ្នកសារព័ត៌មានដែលលោកមិនបញ្ចេញឈ្មោះ ត្រូវបានបញ្ជូនទៅតុលាការ ជាប់ពាក់ព័ន្ធនឹងការចូលរួមលក់ដីខ្យល់ឱ្យឧកញ៉ាម្នាក់ មានទឹកប្រាក់ ៣៦ លានដុល្លារអាមេរិក។ លោក ហ៊ុន សែន បញ្ជាក់ថា មន្ត្រីនគរបាលយុត្តិធម៌កុំប្រញាប់ប្រញាល់ចាប់ខ្លួនពលរដ្ឋ តាមបញ្ជារបស់តុលាការពេក ព្រោះរឿងខ្លះគឺមិនទាន់ដឹងថា ពិត ឬមិនពិតដូចការចោទប្រកាន់នោះទេ។
លោកបន្ថែមថា លោកបានបញ្ជាឱ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើអន្តរាគមន៍ និងបានបញ្ជូនមេធាវីផ្ទាល់របស់លោកទៅធានាឱ្យអ្នកសារព័ត៌មានរូបនោះបាននៅក្រៅឃុំ។
លោកថ្លែងថា៖ «ចុះបើ ៣៦ លាន[ដុល្លារអាមេរិក] ចាំបាច់វេទនាទៅអានវិទ្យុបាយ័ន [និង]ទូរទស្សន៍បាយ័នធ្វើអី? អ៊ីចឹងបានថា អ៊ីចឹងៗ យើងមើលផងមើសៗ! កុំអាងតែមានអំណាច ចេះតែចាប់ ចេះតែចងៗ រួចហើយអ្នកដែលវេទនាជាងគេ គឺនាយករដ្ឋមន្ត្រី។ ម្ខាងត្រូវគេចោទថា អាងអីរដ្ឋាភិបាលចាប់។ ប៉ុន្តែតុលាការអ្នកបញ្ជាចាប់! មើស ខ្ញុំសុំអស់លោក ដែលទទួលបន្ទុកជាមេបញ្ជាការ គេហៅថា នគរបាលយុត្តិធម៌ កុំចេះតែទៅទាំងងងឹតងងុលបានទេ។ [លោក] កើត រិទ្ធ [រដ្ឋមន្ត្រីក្រសួងយុត្តិធម៌] ក៏ទទួលបានដែរ ហើយក៏ឆ្លើយតបមកដែរ»។
លោក ហ៊ុន សែន ក៏បានព្រមានដកហូតតួនាទី បើទោះបីជាមន្ត្រីយុត្តិធម៌មានឋានៈធំប៉ុនណាក៏ដោយ។
លោកបន្តថា៖ « ៣៦ លានដុល្លារច្រើនណាស់! ហើយលុយយ៉ាងម៉េច? អីវាយ៉ាងម៉េច? ហើយងាយចាប់ខ្លួនអីសម្បើមម៉េស! អស់លោកកុំអាងតែមានស័ក្កិ! ខ្ញុំសូមព្រមានប្រាប់អស់លោកឱ្យហើយ កុំថា អស់លោកពាក់ត្រឹមផ្កាយ ពាក់លោកខែក៏ខ្ញុំដកចេញបានដែរ។ ខ្ញុំសូមឱ្យហើយ ផ្នែកនគរបាលយុត្តិធម៌ ជានគរបាលក្តី ជាអាវុធហត្ថក្តី ហើយកុំចេះតែបណ្តោយតាមតែចិត្តចឹងៗ។ អ៊ីចឹងត្រូវមើលបញ្ហាហ្នឹងឱ្យបានដិតដល់ ហើយធ្វើម៉េចឱ្យមានការរួមរស់សាមគ្គីគ្នាទៅៗ បានទេ? អាហ្នឹងជាសំណូមពរ។ ហើយប្រជាពលរដ្ឋតែងទទួលរងអយុត្តិធម៌...។ ម្ខាងត្រូវគេចោទថា តុលាការជាអ្នកចេញបញ្ជាចាប់ ហើយគេចោទថា នាយករដ្ឋមន្ត្រីឱ្យចាប់! ព្រោះអាហ្នឹងរដ្ឋាភិបាល....គេមានដឹង....ប្រជាពលរដ្ឋគាត់មានដឹងថា តុលាការមានអំណាចផ្សេងឯណា!»
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល និងលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបាននៅឡើយទេ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា លោកនាយករដ្ឋមន្ត្រីលើកឡើងនេះមិនមែនជាការលូកលាន់ ជ្រៀតជ្រែក ឬបង្គាប់បញ្ជាតុលាការទេ តែនេះគ្រាន់តែជាការណែនាំទៅកាន់នគរបាលយុត្តិធម៌ ដែលស្ថិតក្រោមអំណាចរបស់រដ្ឋាភិបាល។
លោកថ្លែងថា៖ «ប្រសាសន៍របស់គាត់ គឺគាត់ណែនាំទៅកាន់នគរបាលយុត្តិធម៌ ហើយមន្ត្រីនគរបាលយុត្តិធម៌ ស្ថិតក្រោមការគ្រប់គ្រងដោយអំណាចនីតិប្រតិបត្តិដែលនាយករដ្ឋមន្ត្រីជាប្រមុខនៃអំណាចនីតិប្រតិបត្តិ។ ហើយចំណែករឿងនៅតុលាការ ការសម្រេចយ៉ាងណាគឺនៅលើតុលាការ។ អ៊ីចឹងទេ អ្វីដែលយើងឃើញនេះ សម្តេចបានផ្តល់មេធាវីគឺដើម្បីធ្វើការការពារខ្លួនដល់ជនជាប់ចោទតាមផ្លូវច្បាប់។ អ៊ីចឹងទេ តុលាការនឹងធ្វើការពិនិត្យ ធ្វើការសម្រេចផ្អែកទៅលើអង្គហេតុ អង្គច្បាប់ ភស្តុតាងដែលមានជាធរមាន។ អ៊ីចឹងប្រសាសន៍របស់សម្តេចតេជោមិនមែនជាការលូកលាន់ ជ្រៀតជ្រែក ឬបង្គាប់បញ្ជាទៅតុលាការទេ»។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រាប់វីអូអេយ៉ាងខ្លីថា លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើអន្តរាគមន៍តាមប្រសាសន៍នាយករដ្ឋមន្ត្រី។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត សង្ឃឹមថា បន្ទាប់ពីមានអនុសាសន៍របស់នាយករដ្ឋមន្ត្រី ប្រព័ន្ធយុត្តិធម៌នឹងអាចផ្តល់ ទំនុកចិត្តដល់ពលរដ្ឋ និងកាត់បន្ថយបាននូវភាពចង្អៀតណែនក្នុងពន្ធនាគារ។ លោកបន្តថា ទាក់ទងនឹងសំណុំរឿងព្រហ្មទណ្ឌ តុលាការត្រូវតែសិក្សាឱ្យច្បាស់លាស់ជាមុន មុននឹងឈានទៅសម្រេចថា នាំខ្លួន និងឃុំខ្លួន ព្រោះលោកកត់សម្គាល់ថា កន្លងមកជម្រើសរបស់តុលាការគឺរឿងខ្លះជារឿងរដ្ឋប្បវេណី តែអ្នកប្តឹងបែរជាប្តឹងរឿងព្រហ្មទណ្ឌរហូតមានការចាប់ខ្លួន។
លោកថ្លែងថា៖ «អ៊ីចឹង ខ្ញុំយល់ថា ការចាប់[និង]ការឃុំខ្លួនច្រើននេះមិនមែនគេហៅថា ការអនុវត្តច្បាប់បានល្អទេ។ ផ្ទុយទៅវិញ វាមានការរិះគន់ច្រើនទៅវិញទេ ទាក់ទងនឹងការចាប់ខ្លួន និងការឃុំខ្លួន ព្រោះមានបទល្មើសខ្លះ វាមិនគួរណានឹងត្រូវបានចោទប្រកាន់ និងធ្វើការឃុំខ្លួន ក៏ប៉ុន្តែបែរជាត្រូវបានចោទប្រកាន់និងមានការឃុំខ្លួនវិញ។ អាហ្នឹងដែលមានការរិះគន់ខ្លាំង ហើយវាប៉ះពាល់ដល់ប្រព័ន្ធយុត្ដិធម៌។ អ៊ីចឹងបានបញ្ហានេះ ខ្ញុំសង្ឃឹមថា ក្រោយពីប្រសាសន៍ និងអនុសាសន៍របស់សម្តេច គឺមន្ត្រីនគរបាលយុត្តិធម៌ក្តី ឬក៏តុលាការ ត្រូវពិនិត្យ និងពិចារណាឡើងវិញនូវបញ្ហាទាំងអស់នេះ»។
លោកបន្តថា មន្ត្រីនគរបាលយុត្តិធម៌គ្រាន់តែជាសេនាធិការរបស់តុលាការ ឬព្រះរាជអាជ្ញាតែប៉ុណ្ណោះ ដូច្នេះតុលាការមានតួនាទីសំខាន់ក្នុងការពិនិត្យ និងពិចារណាលើសំណុំរឿងនីមួយៗថា តើចាំបាច់ទេក្នុងការឃុំខ្លួន ឬគ្រាន់តែហៅដើម្បីសាកសួរ ស្វែងរកការពិត មុនធ្វើការចោទប្រកាន់ និងឃុំខ្លួន ប្រសិនជាបទល្មើសនោះ មិនមែនជាបទល្មើសជាក់ស្តែង។
លោក អំ សំអាត កត់សម្គាល់ថា អ្នកការពារសិទ្ធិមនុស្ស សកម្មជនបរិស្ថាន សកម្មជនសង្គមជាដើម តែងតែក្លាយជាអ្នករងគ្រោះ ត្រូវជាប់ពន្ធនាគារ នៅពេលពួកគេគ្រាន់តែបំពេញការងារជួយដល់សង្គមជាតិ និងការពារបរិស្ថាន។
លោកបន្ថែមថា ក្រុមអង្គការសង្គមស៊ីវិលក៏ធ្លាប់ទទូចឱ្យមានកំណែទម្រង់ប្រព័ន្ធច្បាប់ និងធានាប្រព័ន្ធតុលាការឯករាជ្យ ដើម្បីអាចទទួលបានការទុកចិត្តពីប្រជាពរដ្ឋ៕