លោក ​ហ៊ុន សែន ​អំពាវនាវ​ឱ្យ​រក្សា​ស្ថានភាព​ដែល​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​បាន​ដោយ​សេរី

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្ឡែង​សុន្ទរកថា នៅ​ក្នុង​ពិធី​សម្ពោធ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-ចិនព្រះកុសុមៈ ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ (AP Photo/Heng Sinith)

លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន សែន​ នៅ​ថ្ងៃ​ពុធ​នេះ បាន​ថ្លែង​ថា​លោក​ចង់​ឃើញ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​មួយ​ដែល​មិន​មាន​អំពើ​ហិង្សា​ ហើយ​ប្រជា​ពល​រដ្ឋ​អាច​បោះ​ឆ្នោត​បាន​ដោយ​សេរី ​និង​ជ្រើស​គណបក្ស​ដែល​ខ្លួន​ពេញ​ចិត្ត។​

លោក ​ហ៊ុន សែន​ បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​គម្រោង​ការពារ​ទឹក​ជំនន់​ និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ ​លូ​ ក្នុង​រាជធានី​ភ្នំពេញ​ ដែល​ជា​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ជប៉ុន​ កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មេសា ឆ្នាំ​២០២២។​

លោក​ថ្លែង​ថា៖ ​«ឆ្លៀត​ឱកាស​នេះ ​អំពាវនាវ​គ្រប់​ទីកន្លែង​ទាំង​អស់​រក្សា​នូវ​ការ​ខិត​ខំ​ ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​បាន​ចូលរួម​បោះ​ឆ្នោត​ នឹង​ជ្រើស​រើស​ដោយ​សេរី​...​សេរី។​ ស្រឡាញ់​គណបក្ស​មួយ​ណា ​ស្រឡាញ់​បេក្ខជន​មួយ​ណា​ បោះ​ឱ្យ​បេក្ខ​ជន​ហ្នឹង​ទៅ។ ​បង​ប្អូន​ប្រជា​ពលរដ្ឋ​អាច​នឹង​យល់​បាន​ហើយ​ អ្វី​ទៅ​ដែល​គួរ​ធ្វើ​ អ្វី​ទៅ​ដែល​មិន​គួរ​ធ្វើ។ ​ពេល​ដែល​គណ​បក្ស​ប្រជាជន​នៅ​កាន់​អំណាច​ ​បង​ប្អូន​ទាំង​អស់​យល់​ឃើញ​យ៉ាង​ម៉េច?​ រស់​នៅ​បាន​យ៉ាង​ម៉េច?​ ​ អីយ៉ាង​ម៉េច? និយាយ​តាម​មួយ​បែប​ខ្លី​ថា​ បើ​សិន​ជា​គណ​បក្ស​ប្រជាជន​ឈ្នះ ​ដឹក​នាំ​ប្រទេស​ អ្នក​ណា​ក៏​នៅ​ជាមួយ​បាន​ដែរ»។

លោក ហ៊ុន សែន ថា លោក​នឹងមិនមានវត្តមាន​ក្នុងប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ២១ ខែឧសភា​ខាង​មុខ​នេះ​ទេ ដែល​ចំ​ថ្ងៃ​ឃោសនា​រក​សំឡេង​គាំទ្រ​សម្រាប់​ការ​បោះឆ្នោត​ឃុំសង្កាត់ ដោយសារ​លោក​នឹង​ទៅទីក្រុង​ Davos ប្រទេស​ស្វីស ដើម្បីចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក។

ទោះ​យ៉ាងណា​ លោក​នាយក​រដ្ឋមន្រ្តី​ថ្លែង​ថា​ អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បង្ក​បរិកាស​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ ​និង​ស្មើៗ​គ្នា ​ដល់​គ្រប់​គណបក្ស​ទាំង​អស់​ក្នុង​ការ​ធ្វើ​សកម្ម​ភាព​ និង​ត្រូវ​ធានា​ដំណើរ​ការ​បោះ​ឆ្នោត​មិន​មាន​អំពើ​ហិង្សា។​

លោក​បញ្ជាក់​ថា៖​ «អ៊ីចឹង​ ខ្ញុំ​មិន​ធ្វើ​ការ​ឃោសនា​បោះ​ឆ្នោត​ទេ ​ គ្រាន់​តែ​ជា​បញ្ហា​ដែល​បញ្ជាក់​ថា​ សូម​កុំ​ឱ្យ​មាន​ហិង្សា​ឱ្យ​សោះ​ នៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។ ​ មិន​ថា​ ហិង្សា​នោះ​ជា​ហិង្សា​ដោយ​ការ​វាយ​តប​គ្នា​ ឬ​ក៏​ហិង្សា​ពាក្យ​សម្តី​នៃ​ការ​ជេរ​ប្រមាថ​គ្នា​នោះ​ទេ។ ​ បរិយាកាស​នយោបាយ​អព្យាក្រឹត​ពិត​ជា​ចាំបាច់​នៅ​ក្នុង​ដំណាក់​កាល​នៃ​ការ​ធ្វើ​សកម្ម​ភាព​នៃ​ការ​ធ្វើការ​ឃោសនា​បោះ​ឆ្នោត​ ដែល​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ ត្រូវ​តែ​បង្ក​លក្ខណៈ​សម្បត្តិ​ឱ្យ​គណបក្ស​នយោបាយ​ទាំង​អស់​មាន​សិទ្ធិ​ដូចៗ​គ្នា ​ ឧទាហរណ៍​កន្លែង​ជួប​ជុំ​មួយ​របស់​គណ​បក្ស​ណា​មួយ​ធ្វើ​បាន​ គណ​បក្ស​ដទៃ​ទៀត​ក៏​អាច​ធ្វើ​នៅ​កន្លែង​ហ្នឹង​បាន​ដែរ»។​

អ្នក​នាំពាក្យ​គណបក្ស​ភ្លើងទៀន ​លោក ​ថាច់ សេដ្ឋា ​ប្រាប់​វីអូអេ​ថា​ លោក​ក៏​គាំទ្រ​ការ​ណែនាំ​និង​ការ​ជំរុញ​របស់​នាយក​រដ្ឋមន្ត្រី​ ប៉ុន្តែ​លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ចាត់​វិធាន​ការ​ និង​ដាក់​ទោស​ទណ្ឌ​យ៉ាង​ម៉ឺង​ម៉ាត់​លើ​មន្ត្រី​មូលដ្ឋាន ​និង​បុគ្គល​មួយ​ចំនួន​ដែល​នៅ​តែ​បន្ត​ធ្វើ​សកម្ម​ភាព​គំរាម​កំហែង​ដល់​សកម្មជន​គណ​បក្ស​ភ្លើង​ទៀន។ ​ លោក​ក៏​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ស្វែង​រក​ជន​បង្ក​ ដែល​ធ្វើ​ទុក្ខ​បុក​ម្នេញ​សកម្ម​ជន​ខ្លួន​ និង​អ្នក​វាយ​កម្ទេច​ស្លាក​គណបក្ស​មួយ​ចំនួន​ដើម្បី​យក​មក​ផ្តន្ទាទោស​ និង​ត្រូវ​បញ្ឍប់​ការ​យាយី​សកម្មជន​គណបក្ស​ភ្លើង​ទៀន​តាម​ផ្លូវ​តុលាការ​បន្ត​ទៀត។​

លោក​បន្ត​ថា​ ប្រសិន​បើ​មិន​ចាត់​វិធាន​ការ​តឹង​រ៉ឹង​ទេ ​ ​នោះ​អនុ​សាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​នឹង​មិន​មាន​ប្រយោជន៍​អ្វី​នោះ​ទេ​ សម្រាប់​ធានា​ដល់​ដំណើរ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ។​

លោក​ថ្លែង​ថា៖ ​«គ្រាន់​តែ​ជំរុញ​ ហើយ​ពុំ​បាន​មាន​វិធានការ​ ឬ​ចាត់​វិធាន​ការ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ទេ ​វា​គ្រាន់​ជា​ការ​ថ្លែង​សារ​ល្អ​មើល​ ល្អ​ស្តាប់​តែ​ប៉ុណ្ណោះ​ទេ ​ តែ​វា​មិន​បាន​ល្អ​ដល់​ការ​អនុវត្ត​ក្នុង​ការ​ធានា​ដល់​ការ​បោះ​ឆ្នោត​ខាង​មុខ​ឱ្យ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី យុត្តិ​ធម៌ ​ជា​ពិសេស​ធានា​បរិកាស​នយោបាយ​មុន​បោះ​ឆ្នោត​ឱ្យ​បាន​ល្អ​ប្រសើរ​ហ្នឹង»។​

គណ​បក្ស​ភ្លើង​ទៀន​ធា្លប់​ឱ្យ​ដឹង​ថា​ នៅ​ក្នុង​ខែ​មីនា ​ឆ្នាំ​២០២២​ សកម្ម​ជន​គណបក្ស​ភ្លើង​ទៀន​យ៉ាង​តិច​១០​នាក់​ ត្រូវ​បាន​ប៉ូលិស​មូលដ្ឋាន​ហៅ​ទៅ​សួរនាំ​ដោយ​គ្មាន​បង្ហាញ​ដីកា ​ឬ​បញ្ជាក់​មូលហេតុ​អ្វី​ឡើយ។​

ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​លោក​ ឡឹក សុធារ ​បង្ហាញ​ក្តី​រីករាយ​នៅ​ពេល​នាយក​រដ្ឋមន្រ្តី​ផ្តល់​អនុសាសន៍​ណែនាំ​បែប​នេះ​ទៅ​កាន់​មន្ត្រី​មូលដ្ឋាន ​ក្នុង​ការ​បង្ក​បរិយាកាស​ឱ្យ​ល្អ​ដល់​គ្រប់​គណបក្ស​ទាំង​អស់​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ។​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ ​លោក​ថា​ សកម្មជន​របស់​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​តែង​តែ​រង​ការ​បំភិយ​បំភ័យ​គ្រប់រូប​ភាព។ ​ ដូច្នេះ​លោក​ស្នើ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​អនុវត្ត​ឱ្យ​បាន​ពេញ​លេញ​តាម​អនុសាសន៍​ ឬ​ការ​ណែនាំ​របស់​នាយក​រដ្ឋ​មន្រ្តី​ដើម្បី​ធ្វើ​ឱ្យ​ដំណើរ​ការ​បោះ​ឆ្នោត​មាន​ភាព​ល្អ​ប្រសើរ។​

លោក​បញ្ជាក់​ថា៖ ​«ករណី​បំភិត​បំភ័យ​មាន​ច្រើន​រូប​ភាព​ តាំង​ពី​ការ​ដាក់​បេក្ខជន​ រហូត​ទៅ​ដល់​ការ​ដាក់​អ្នក​សង្កេត​ការណ៍​ជា​ដើម​ ហើយ​គណ​បក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ ទទូច​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​យក​ចិត្ត​ទុក​ដាក់​ ស្តាប់​តាម​ការ​ណែនាំ​ អនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់​របស់​នាយក​រដ្ឋមន្ត្រី ​ដើម្បី​ធានា​បាន​នូវ​ ភាព​ត្រឹមត្រូវ​ តម្លាភាព​ និង​យុត្តិធម៌​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ ដើម្បី​ឱ្យ​ការ​បោះឆ្នោត​មួយ​ អាច​ទទួល​យក​បាន​សម្រាប់​ប្រជា​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ និង​សម្រាប់​គណបក្ស​នយោបាយ​ដែល​ជា​អ្នក​ចូលរួម​ផង​ដែរ»។​

លោក​ ឡឹក សុធារ ​បន្ថែម​ថា​ គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​តែងតែ​រំឭក​សកម្មជន​របស់​ខ្លួន​ឱ្យ​ប្រកាន់​យក​នូវ​សាមគ្គី​ភាព​យុត្តិធម៌ ​និង​អហិង្សា។​

នាយក​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មួយ​ឈ្មោះ​ថា​ និកហ្វិច ​លោក​ សំ គន្ធាមី ​ ចង់​ឃើញ​មាន​ការ​ដាក់​ទោស​ទណ្ឌ​តាម​ច្បាប់​ទៅ​លើ​បុគ្គល​ណា​ដែល​បំភិត​បំភ័យ​ដល់​សកម្ម​ជន​គណបក្ស​ដទៃ​ទៀត​ ​ជា​ជាង​ត្រឹម​តែ​ផ្តល់​អនុសាសន៍​របស់​ថ្នាក់​ដឹក​នាំ។ ​ លោក​បន្ត​ថា​ ប្រសិន​បើ​គ្មាន​វិធាន​ការ​ម៉ឹង​ម៉ាត់​ទេ ​នោះ​វា​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​ពលរដ្ឋ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​មូលដ្ឋាន​មួយ​នេះ។​

លោក​បញ្ជាក់​ថា៖ ​«អ្នក​មូលដ្ឋាន ​ដែល​បង្កើត​បញ្ហា​ បង្ក​លក្ខណៈ​រាំង​ស្ទះ​ ទម្លាក់​ស្លាក​[គណបក្ស] ​ទម្លាក់​អី ​[ហើយ]​ គ្រាន់​តែ​គាត់​ចេញ​អនុសាសន៍​ សេចក្តី​ណែនាំអត់​ចាត់​ការ​តាម​ច្បាប់​ សម្រាប់​អ្នក​ប្រព្រឹត្ត​ខុស​...​ ធ្វើ​អ៊ីចឹង​វា​ម៉េច​បាន​រលូន? ដំណើរ​ការ​បោះ​ឆ្នោត​ ការ​រៀបចំ​បញ្ជី​ឈ្មោះ​គណបក្ស​ ការ​រៀបចំ​ស្លាក​គណបក្ស​នៅ​តែ​មាន​បញ្ហា​អ៊ីចឹង។​ លោក​ឃើញ​ទេ ​កន្លង​មក​ឃើញ​មាន​បញ្ហា​ជាប់​ទេ?»​

គួរ​បញ្ជាក់​ថា​ ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​មិថុនា​ខាង​មុខ ​នឹង​ជ្រើស​រើស​ក្រុម​ប្រឹក្សា​សរុប​ទាំងអស់​ជាង​១១.០០០​នាក់ ​នៅ​ក្នុង​ឃុំ​សង្កាត់​សរុប​ចំនួន​១.៦៥២៕