អង្គការរំដោះជាតិប៉ាឡេស្ទីន បានអំពាវនាវដល់ប្រធានាធិបតី Mahmoud Abbas ឲ្យបញ្ឈប់កិច្ចសហប្រតិបត្តិការខាងសន្តិសុខជាមួយអ៊ីស្រាអែល ដែលនេះទំនងជាការសងសឹកដល់អ៊ីស្រាអែលដែលផ្អឹបទុកប្រាក់ចំណូលពន្ធដារប៉ាឡេស្ទីន។
ក្រុមប្រឹក្សាកណ្តាលអង្គការរំដោះជាតិប៉ាឡេស្ទីន (PLO) បានធ្វើអនុសាសន៍កាលពីថ្ងៃព្រហស្បត៍ម្សិលមិញ បន្ទាប់ពីការជួបប្រជុំរយៈពេល២ថ្ងៃ។អង្គការនោះ បានយោងដល់អ្វីដែលខ្លួនហៅថា ការមិនគោរពកិច្ចព្រមព្រៀងរបស់ អ៊ីស្រាអែលដែលបានចុះហត្ថលេខាដោយភាគីទាំង២។
ប្រធានាធិបតីប៉ាឡេស្ទីន Abbas មិនទាន់និយាយថា តើលោកនឹងអនុវត្តអនុសាសន៍ដែរឬទេ ហើយអ៊ីស្រាអែលក៏មិនទាន់ឆ្លើយតបនៅឡើយដែរ។
អ៊ីស្រាអែលបានរក្សាទុកប្រាក់ចំណូលពន្ធដារដែលជាសេចក្តីត្រូវការយ៉ាងខ្លាំងរបស់ប៉ាឡេស្ទីនកាលពីខែមករា បន្ទាប់ពីអាជ្ញាធរប៉ាឡេស្ទីន បានប្រកាសថា ខ្លួន នឹងស្វះស្វែងចូលរួមតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលនេះជាចំណាត់ការមួយដែលត្រូវបានជំទាស់ប្រឆាំងយ៉ាងខ្លាំងដោយអ៊ីស្រាអែលនិងសហរដ្ឋអាមេរិក។
កិច្ចសហប្រតិបត្តិការខាងសន្តិសុខរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល មានគោលបំណងចែករំលែកព័ត៌មាននិងរារាំងអំពើហិង្សារវាងកងទ័ពអ៊ីស្រាអែលនិងជនជាតិប៉ាឡេស្ទីន៕