ផែនការកំពុងធ្វើឡើងសម្រាប់ជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំនិងប្រធានាធិបតីរុស្ស៊ីVladimir Putinនេះតាមពួកមន្រ្តីសេតវិមាន។ សេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានដកស្រង់ប្រភពដែលមិនប្រាប់ឈ្មោះដែលនិយាយថា ជំនួបនេះត្រូវគេរំពឹងនឹងធ្វើឡើងនៅខែក្រោយក្នុងអំឡុងនៃដំណើរទស្សនកិច្ចរបស់លោកត្រាំទៅកាន់អឺរ៉ុប។ មេដឹកនាំទាំង២ប្រហែលជួបគ្នាមុនសន្និសីទកំពូលរបស់អង្គការអូតង់ថ្ងៃទី១១-១២ខែកក្កដានៅក្នុងទីក្រុងBrussels ឬបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីត្រាំទៅកាន់ចក្រភពអង់គ្លេស២ថ្ងៃក្រោយមក។
លោក Garrett Marquis អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិបានផ្ញើរសារតាមប្រព័ន្ធ Twitter កាលពីថ្ងៃព្រហស្បតិ៍ថា «នៅថ្ងៃទី២៥ដល់ថ្ងៃទី២៧ខែមិថុនា លោកJohn Boltonទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកនឹងជួបជាមួយសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកនៅក្នុងទីក្រុងឡុងដ៍និងទីក្រុងរ៉ូមដើម្បីពិភាក្សាបញ្ហាសន្តិសុខជាតិ ហើយនឹងធ្វើដំណើរទៅកាន់រដ្ឋធានីម៉ូស្គូដើម្បីពិភាក្សាពីជំនួបដ៏ធំមួយរវាងប្រធានាធិបតីបត្រាំនិងប្រធានាធិបតី Putin។
លោកDmitry Peskov អ្នកនាំពាក្យប្រធានាធិបតី Putin ក៏បានបញ្ជាក់នៅក្នុងការនិយាយទូរសព្ទជាមួយពួកអ្នកយកព័ត៌មានថា លោក Bolton នឹងទៅបំពេញទស្សនកិច្ចប្រទេសរុស្ស៊ីនៅសប្តាហ៍ក្រោយដើម្បីពិភាក្សាការប្រុងប្រៀបរៀបចំជំនួបកំពូលនេះ។
ទីកន្លែងនៃជំនួបកំពូលនោះមិនត្រូវបានគេប្រាប់នៅឡើយទេ ក៏ប៉ុន្តែអង្គការបណ្តាញព័ត៌មានបរទេសបានរាយការណ៍កាលពីដំបូងថា ប្រធានាធិបតី Putin និងប្រធានាធិប តីត្រាំប្រហែលជួបគ្នានៅរដ្ឋធានីមួយរបស់តំបន់អឺរ៉ុបបន្ទាប់ពីសន្និសីទកំពូលរបស់អង្គ ការអូតង់។
បណ្តាញព័ត៌មានខ្លះរាយការណ៍ថា ទីក្រុងវីយ៉ែនអាចជាកន្លែងជំនួបកំពូលនេះ៕