សាលាក្រុង​បដិសេធ​សំណើ​ដង្ហែ​ញត្តិ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ

រូបឯកសារ៖ អ្នក​សារព័ត៌មាន​ព្យាយាម​សុំ​សម្ភាស​មេដឹកនាំ​សកម្មជន​សិទ្ធិមនុស្ស ក្នុង​អំឡុង​ពិធីហែរក្បួន​នៅ​មុខ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៩ ខែ​មេសា ឆ្នាំ​២០១៤។ (AP Photo/Heng Sinith)

​សាលា​ក្រុង​​ភ្នំពេញ​​​​ប្រាប់​ VOA ថា ការ​​បដិសេធ​​ដោយ​មាន​ហេតុផល​ជា​ច្រើន​ រួម​ទាំង​​​នៅ​ថ្ងៃ​សៅរ៍​​នេះ​​មាន​កម្មវិធី​ជិះកង់​៤​ពាន់​នាក់​របស់​សហគមន៍​​អឺរ៉ុប​នៅ​តាម​ផ្លូវ​នានា​ក្នុង​រាជ​ធានី​ភ្នំពេញ​ ដែល​អាច​នាំ​ឲ្យ​មាន​បញ្ហា​កក​ស្ទះ​ចរាចរណ៍។​​​​

ក្រោយ​កិច្ច​ប្រជុំ​ប្រមាណ​ពីរ​ម៉ោង ​មន្ត្រី​សាលា​ក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ​កិច្ច​ប្រជុំនេះ​បាន​សម្រេច​មិន​អនុញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​ដង្ហែ​ញត្តិ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយទេ។

លោក ​មាន យ៉ាដា​ ប្រធាន​រដ្ឋបាល​សាលា​ក្រុងភ្នំពេញ​ បាន​ប្រាប់​ VOA ថា ​សាលា​ក្រុង​ភ្នំពេញ​បាន​បដិសេធ ​ដោយ​មាន​ហេតុផល​បួន​យ៉ាង ​ទី​មួយ​ អ្នកសុំ​ច្បាប់​ដង្ហែ​ញត្តិ​នោះមិនមែន​ជា​អ្នក​តំណាង​របស់​ពលរដ្ឋ​ ដូច​ការ​អះអាង​ទេ​ ទី​ពីរនៅ​ថ្ងៃ​សៅរ៍នេះមាន​កម្មវិធី​ជិះកង់​៤​ពាន់​នាក់​របស់​សហគមន៍អឺរ៉ុប​នៅ​តាម​ផ្លូវ​នានា​ក្នុង​រាជ​ធានី​ភ្នំពេញ​ ដែល​អាច​នាំ​ឲ្យ​មាន​បញ្ហា​កក​ស្ទះ​ចរាចរណ៍ ​ទីបី​លោក​ឱម យ៉ិនទៀង​ បាន​ទៅមក​ស្រាយ​ដោយ​ផ្ទាល់​ហើយ​ ហើយ​ទី​បួនការ​សុំ​ច្បាប់​នេះ​មាន​ពេល​ខ្លី​ពេក។​

«ពេល​យើង​ជជែក​ពិភាក្សា​ជាមួយ​គាត់​ក្នុង​អង្គ​ប្រជុំ​ទៅ ​គាត់​ហាក់​ដូចជា​មាន​ឆន្ទៈ​គ្រាន់​តែ​ជា​បុគ្គល​ផ្ទាល់​ខ្លួន​ទេ។​ អា​ហ្នឹង​គាត់​មក​ដោយ​ខ្លួន​ឯង»។

ញត្តិដែល​មាន​ស្នាម​មេដៃ​អ្នក​តំណាង​៦​នាក់ ​ចុះ​ថ្ងៃ​ទី​៤​ខែ​ឧសភា​នេះ បង្ហាញ​ក្តី​បារម្ភ​ចំពោះ​ស្ថាន​ការណ៍​បច្ចុប្បន្ន​ ដោយ​សារ​តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស ​និង​អគ្គ​លេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ក្រោយពីអង្គភាព​ប្រឆាំងអំពើ​ពុក​រលួយ​បាន​កោះ​ហៅ​សាក​សួរ។​ ញត្តិ​នេះ​ស្នើសុំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បញ្ឈប់​ការ​គំរាម​កំហែង ​ការ​ធ្វើទុក្ខ​បុកម្នេញ​មន្ត្រី​សិទ្ធិ​មនុស្ស ​មន្ត្រី​សង្គម​ស៊ីវិល​តាម​រយៈ​ការ​ចោទ​ប្រកាន់​នានា ​និង​ឈប់​អនុវត្ត​តួនាទី​មាន​ស្តង់ដា​ពីរ។​

លោក​ មាន យ៉ាដា ពន្យល់ថា ​ការ​ដាក់​ញត្តិនេះ​គឺ​មិន​ចាំ​បាច់​ធ្វើ​ទេ ​ព្រោះ​លោក ​ឱម យិន​ទៀង បានមក​ជួប​ពិភាក្សា​ដោយ​ផ្ទាល់​ហើយ​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ។

​ទោះ​ជា​យ៉ាង​ណាក្តី ​អ្នក​ស្រី​ មាស លក្ខិណា​ អ្នក​តំណាង​ម្ចាស់​ញត្តិបាន​ប្តេជ្ញា​ប្រាប់​ VOA ​ថា ​អ្នកស្រី​នឹង​នៅតែ​ដង្ហែ​ញត្តិ​នៅ​ថ្ងៃ​សៅរ៍ ​ហើយ​អ្នក​ស្រី​ជា​អ្នក​តំណាងប្រជា​ពលរដ្ឋ​យ៉ាង​ពិត​ប្រាកដ។ ​បើ​រដ្ឋាភិបាល​មិន​បិទ​សិទ្ធិ​ទេ​ ​នោះ​ចំនួន​អ្នក​ដង្ហែ​ញត្តិ​នឹង​ធ្វើឲ្យ​សាលា​ក្រុង​ភ្ញាក់​ផ្អើល។​ ​

«អត់​ព្រម​ទេ។ ​យើង​នៅ​តែ​បន្ត​នូវ​ការ​ដាក់​ញត្តិ។​ យើង​ដឹង​ហើយ​ការ​សុំ​ច្បាប់​ពីសាលា​ក្រុង​រាល់ដង ​គាត់​មិន​ដែល​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ទេ»។

អ្នកស្រី​បន្ត​ថា ​ប្រសិន​បើ​លោក​ឱម យិនទៀង​ទទួល​ញត្តិនេះ​នៅ​ពេល​ប្រជុំ​នៅថ្ងៃ​នេះ ​នោះ​ប្រជា​ពលរដ្ឋ​មិន​ចាំ​បាច់​ដង្ហែ​ញត្តិ​នេះ​ទេ។ អ្នកស្រី​ឲ្យដឹង​ថា ​លោក​ឱម យិនទៀង​មិន​ទទួល​ញត្តិ ​ដោយ​លោក​អះអាង​ថា​ ​លោក​គ្រាន់​តែ​ជា​អ្នក​ស៊ើប​អង្កេត​ ហើយ​តុលាការ​ជា​អ្នក​សម្រេច។

ផ្ទុយ​ទៅ​វិញ ​លោក​មាន យ៉ាដា​និយាយ​ថា ​លោក​ ឱម យិនទៀង​ បាន​ជួប​នឹង​ពន្យល់​ដោយ​ផ្ទាល់​នូវ​ចំណុច​ដែល​បាន​លើក​ឡើង​ក្នុង​ញត្តិ​នោះ​ហើយ​ ​ ​ដូច្នេះមិន​ចាំ​ដាក់​ញត្តិ​នេះ​ទៀត​ទេ។

តំណាងប្រជា​ពលរដ្ឋ ​យុវជន ​និង​ស្ត្រី​បាន​សរសេរ​លិខិត​ចុះ​ថ្ងៃ​ទី៤​ខែ​ឧសភា​នេះ​ ​សុំ​ការ​អនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ​ ដើម្បី​ធ្វើការ​ដង្ហែ​ញត្តិនៅ​ព្រឹក​ថ្ងៃ​សៅរ៍ ដែល​អ្នក​តំណាង​ក្រុម​នេះ​អះអាង​ថា​ មាន​គ្នា​២.០០០​នាក់​ ហើយ​តំណាង​ឲ្យ​មនុស្ស​សរុប​៥២០៩​នាក់។​

អ្នកស្រី ​មាស ​លក្ខិណា​ អ្នក​តំណាង​ម្ចាស់​ញត្តិ ​បាន​ប្រាប់​ VOA ​ថា ​ក្រៅ​ពី​ប្រឆាំង​អំពើ​អយុត្តិធម៌​ ដូច​ដែល​ពួក​គាត់​បាន​ប្រឈម​កន្លង​មក អ្នក​សុំ​ដង្ហែ​ញត្តិ​ក៏​ចង់​តប​ស្នង​សងគុណ​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង​នេះ​វិញ​ដែរ។

«ខំ​ជួយ​គេ​ហើយ​ពួកគាត់​ក្លាយ​ជា​អ្នក​ទោស​អញ្ចឹង ​ពួក​យើង​ជា​ប្រជា​ពល​រដ្ឋ​ធ្លាប់​ទទួល​នូវ​ថ្ម​បាក់ ​ទទួល​នូវ​ផល​វិបាក​បែប​ហ្នឹង​ ពួក​យើង​ដឹង​ថា ​ការ​ឈឺ​ចាប់​ហ្នឹង​វា​មាន​កម្រិត​ណា​ហើយ»។

អ្នកស្រី​បន្ត​ថា ​អ្នក​ដង្ហែ​ញត្តិ​ភាគ​ច្រើន​ជា​អតីត​ជន​រង​គ្រោះ​ទំនាស់​ដីធ្លី ​ជា​យុវជន ​និង​ជា​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល។ ​ ក្រុម​នេះ​បាន​សម្រេច​ដង្ហែ​ញត្តិ​នៅ​ថ្ងៃ​សៅរ៍ ​ព្រោះ​ជាថ្ងៃ​ដែល​អ្នក​ចូល​រួម​ភាគ​ច្រើន​ទំនេរ​ពី​ការងារ។ ​ទោះ​ជា​យ៉ាង​ណាក្តី​ ញត្តិនេះ​មិន​បាន​និយាយ​ដល់​ការ​កោះ​ហៅលោក​កឹម សុខា ​ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ ​និង​តំណាង​រាស្ត្រ​ពីរ​រូប​ទៀត​របស់​គណ​បក្ស​នេះ​ទេ។

លោក ​ឱម យិនទៀង ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​អញ្ជើញ​ចូលប្រជុំ​នៅ​រសៀល​ថ្ងៃ​នេះ​ដែរ​នោះ​ ​ បាន​ប្រាប់ VOA​ ថា ​លោក​មាន​កាតព្វកិច្ច​ចូលបំភ្លឺ​ ហើយឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​អ្នក​សុំដង្ហែ​ញត្តិ​ ទាក់​ទង​នឹង​ការងារ​របស់​លោក​នោះ។​ តែ​លោក​មិន​មាន​សិទ្ធិ​សម្រេច​អំពី​ការ​អនុញ្ញាត​ ឬ​មិន​អនុញ្ញាត​ឲ្យ​ដង្ហែ​ញត្តិ​ទៅ​អង្គភាព​របស់​លោក​នោះ​ទេ។ ​

«បាតុកម្ម​ហ្នឹង​ធ្វើ​បាន​ ឬ​មិន​បាន​ សូម​សួរ​ទៅ​សាលា​រាជធានី​ចុះ។​ ប៉ុន្តែ​ខ្ញុំ​ក៏​ត្រូវ​សាលា​រាជធានី​អញ្ជើញ​ដើម្បី​ពន្យល់​ជូន​ម្ចាស់​ញត្តិ​ដែល​ថា ចង់​ធ្វើ​បាតុកម្ម​ហ្នឹង​ដែរ»។​

លោក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​បន្ត​ថា ​អង្គភាព​របស់​លោក​ធ្វើ​តាម​ច្បាប់។ ​

​តុលាការ​ភ្នំពេញ ​កាលពីថ្ងៃ​ច័ន្ទ​សប្តាហ៍​មុន បាន​សម្រេច​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ចំនួន​៤​នាក់​ ​ពី​បទ​ «សូក​ប៉ាន់​សាក្សី‍» ​និង​ឃុំ​ខ្លួន​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.) ​ម្នាក់​ពី​បទ​ «​សម​គំនិត​សូក​ប៉ាន់​សាក្សី»។​

​អ្នក​ទាំង​នេះ​ត្រូវ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បញ្ជូនទៅ​តុលាការ​ក្រោយ​ពី​ការ​កោះ​ហៅ​សាក​សួរ​មនុស្ស​៨នាក់​ដែល​រួម​មាន​ប្រធាន​អង្គការ ​មន្ត្រី​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក ​និង​មន្ត្រី​សិទ្ធិ​មនុស្ស​អ.ស.ប. និង​មន្ត្រី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។​

កាលពី​ថ្ងៃ​ច័ន្ទ ​តុលាការ​ក្រុង​ភ្នំពេញ​បាន​បន្ត​ចេញដីកា​កោះ​ហៅ​លោក កឹម សុខា ​ប្រធាន​ស្តីទីគណបក្ស​សង្គ្រោះ​ជាតិ និង​តំណាង​រាស្ត្រ​ពីរ​រូប​ទៀត​របស់​គណបក្ស​នេះ​ ទាក់ទិន​នឹង​ខ្សែ​អាត់​សំឡេង​សាសង​ស្នេហា ​ដែល​គេ​ចែកចាយ​តាម​បណ្តាញ​ហ្វេសប៊ុក។ លោក​ លី សុផាន់ណា​ អ្នក​នាំពាក្យ​តុលាការ​ក្រុង​ភ្នំពេញ​បាន​ប្រាប់​ VOA ​ថា​ ​ដីកា​នេះ​ទាក់ទិន​នឹង​បណ្តឹង​បរិហារ​កេរ្តិ៍​របស់​នាង​ ធី សុវណ្ណថា​ និងពាក់​ព័ន្ធ​នឹង​ចម្លើយ​សារភាព​របស់​នាង ​ខុម ចាន់តារ៉ាទី​ នា​ពេល​ថ្មីៗ​នេះ៕