លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាថ្មី នៅថ្ងៃព្រហស្បតិ៍នេះ បានកោះប្រជុំជាមួយមន្ត្រីអង្គទូតចំនួន២៩រូបប្រចាំនៅកម្ពុជាជាលើកដំបូង ដើម្បីធ្វើការណែនាំគ្នាទៅវិញទៅវិញមក បន្ទាប់ពីលោក បានឡើងកាន់តួនាទីនេះ អស់រយៈពេលមួយខែកន្លងមក។
ការកោះប្រជុំនៅថ្ងៃនេះ កើតមានឡើងនៅស្របពេលដែលស្ថានភាពនយោបាយកម្ពុជាកំពុងមានភាពតានតឹង ដោយស្ថាប័នតុលាការ បានចេញដីកាកោះហៅតំណាងរាស្ត្របក្សប្រឆាំងជាបន្តបន្ទាប់ ឲ្យចូលបំភ្លឺបណ្តឹងបរិហារកេរ្តិ៍ និងរឿងរ៉ាវស្នេហាលួចលាក់ដែលគេសង្ស័យថា ជារបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ ការប្រជុំនៅរសៀលថ្ងៃព្រហស្បតិ៍ ដដែលនេះ ក៏មិនបានផ្តោតលើការឃុំខ្លួនមន្ត្រីសិទ្ធិមនុស្សសមាគមអាដហុក និងមន្ត្រីអង្គការសហប្រជាជាតិ ព្រមទាំង មន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រាប់អ្នកសារព័ត៌មាន ដែលបានចោទសួរអំពីសភាពការណ៍នយោបាយកម្ពុជាចុងក្រោយថា ការប្រជុំមិនបានលើកឡើងពាក់ព័ន្ធនឹងសកម្មភាពចាប់ឃុំខ្លួនមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប. ក៏ដូចជាការចេញដីកាកោះហៅតំណាងរាស្ត្របក្សប្រឆាំងនោះទេ។
«នៅក្នុងកិច្ចប្រជុំនេះ បន្ទាប់ពីការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី គឺប្រធានបេសកកម្មទាំងអស់ មានចំនួន២៩ បេសកកម្ម ដែលបានចូលរួមក្នុងនេះ គេបាន មានមតិម្តងម្នាក់ ហើយក្នុងនោះគឺពុំមានស្ថានបេសកកម្មណាមួយ លើកឡើងពីសភាពការណ៍នយោបាយបច្ចុប្បន្ន នៅកម្ពុជាទេ។ ដូច្នេះអត់មាន អត់មានការលើកឡើង អត់មានការពិភាក្សា ការជជែកគ្នា អំពីសភាពការណ៍នយោបាយបច្ចុប្បន្ន»។
ជំនួបរវាងលោក ប្រាក់ សុខុន និងមន្ត្រីទូតទាំង ២៩រូបនាទីក្រុងភ្នំពេញនេះ កើតមានឡើង តែបីថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតុលាការក្រុងភ្នំពេញ បានសម្រេចចោទប្រកាន់ និងឃុំខ្លួនមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់បួនរូប នៃសមាគមការពារសិទ្ធិមនុស្សអាដហុក និងអគ្គលេខាធិការរងគ.ជ.ប មួយរូប ពាក់ព័ន្ធសំណុំរឿងសូកប៉ាន់ និងសមគំនិត ដែលកើតចេញពីរឿងរ៉ាវស្នេហាលួចលាក់ ដែលគេនៅមានមន្ទិលថា អាចជារបស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។ មន្ត្រីអង្គការសហប្រជាជាតិមួយរូប ក៏បានរងការចោទប្រកាន់ និងតាមចាប់ខ្លួនក្នុងសំណុំរឿងដដែលនេះដែរ។
ការសម្រេចឃុំខ្លួននេះ បានរងការរិះគន់ខ្លាំងៗ ពីក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុក និងក្រៅប្រទេស ដោយពួកគេបានហៅការចាប់ឃុំខ្លួននេះ មានការជាប់ពាក់ព័ន្ធនឹងនយោបាយ។ ការសម្រេចឃុំខ្លួនធ្វើឡើងដោយតុលាការ ដែលបានកើតឡើងកាលពីពេលថ្មីៗនេះ ក៏មានការជាប់ពាក់ព័ន្ធ ជាមួយនឹងការអនុវត្តច្បាប់របស់ អង្គភាពប្រឆាំងអំពើពុករលួយ ដែលរងការរិះគន់ពីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ថា កំពុងគាបសង្កត់មន្ត្រីការពារសិទ្ធិមនុស្ស។
កាលពីថ្ងៃច័ន្ទកន្លងទៅ អង្គការតម្លាភាពអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ អំពាវនាវឲ្យអាជ្ញាធរកម្ពុជាបញ្ឈប់នូវការយាយីទៅលើសង្គមស៊ីវិល។ លោកស្រី អេលេណា ប៉ានហ្វីឡូវ៉ា (Elena Panfilova) អនុប្រធានក្រុមប្រឹក្សាភិបាលរបស់អង្គការតម្លាភាពអន្តរជាតិត្រូវបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍នោះថា អង្គភាពប្រឆាំងអំពើពុករលួយមិនគួរអនុវត្តតួនាទីខ្លួន ដើម្បីយាយី និងព្យាយាមបំបិទសំឡេងសកម្មជនសង្គមស៊ីវិលឡើយ។
កាលពីថ្ងៃអង្គារកន្លងទៅនេះដែរ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានចេញ សេក្តីថ្លែងការណ៍ ស្នើឲ្យរដ្ឋាភិបាលបញ្ឈប់យុទ្ធនាការកាត់បន្ថយការឃ្លាំមើលសិទ្ធិក្នុងប្រទេសកម្ពុជា។ សេចក្តីថ្លែងការណ៍ដដែលនេះ សង្កត់ធ្ងន់ថា ការយកមកកាត់ទោស ដែលមានការជាប់ទាក់ទងនឹងនយោបាយ បានគំរាមកំហែងដល់រាល់កិច្ចការសិទ្ធិមនុស្ស។
យ៉ាងណាក៏ដោយ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបទេស បញ្ជាក់ប្រាប់ អ្នកសារព័ត៌មាន បន្ទាប់ពីជំនួបរបស់លោក ប្រាក់ សុខុន និងមន្ត្រីអង្គទូតទាំងនោះថា ការប្រជុំនៅថ្ងៃព្រហស្បតិ៍នេះ ក៏ពុំបាននិយាយដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកម្ពុជាផងដែរ។
លោកថា ការប្រជុំនេះ ផ្តោតជាសំខាន់លើការបន្តធ្វើកិច្ចសហប្រតិបតិ្តការទូទៅរវាងប្រទេស និងប្រទេស និងការស្វែងយល់ពីគ្នាទៅវិញទៅមក៕