សាលា​ដំបូង​រាជធានី​ភ្នំពេញ​ឃុំ​ខ្លួន​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​លោក ​សៀម ភ្លុក​ ក្រោម​បទ​ក្លែង​បន្លំ​

លោក ​សៀម ភ្លុក ​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ក្នុង​រូបថត​ពី​​ទំព័រ​ហ្វេសប៊ុក​របស់​លោក​​​ដែល​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០២១។ (Facebook/Seam Pluk)

ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​លោក ​សៀម ភ្លុក ​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​ ពី​បទ​ក្លែងបន្លំ ​និង​ប្រើប្រាស់​លិខិត​ក្លែង​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ។​

តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​លោក ​សៀម ភ្លុក​ ក្រោយ​ពី​ក្រសួង​មហា​ផ្ទៃ​បាន​ចោទ​ថា​ គណបក្ស​បេះដូង​ជាតិ​ បាន​ក្លែង​បន្លំ​ស្នាម​មេដៃ​សមាជិក​គណបក្ស ​និង​មាន​«ចេតនា​ទុច្ចរិត»។​ ក្រសួង​មហាផ្ទៃ​បាន​ចេញ​ប្រកាស​លុប​ឈ្មោះ​គណបក្ស​នេះ​ចេញ​ពី​បញ្ជី​បង្កើត​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ​ថ្ងៃទី​២​ ខែ​មីនា​ ឆ្នាំ​២០២២ តាម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ។​

យោង​តាម​ដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​ចេញ​ដោយ​លោក​ លិ សុខា ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​នៅ​ថ្ងៃទី​២៧​ ខែ​មេសា​ ឆ្នាំ​២០២២ ​ភ្នាក់ងារ​មាន​សមត្ថកិច្ច​នៃ​កម្លាំង​សាធារណៈ​ត្រូវ​បាន​បង្គាប់​ឱ្យ​នាំ​ខ្លួន​លោក​ សៀម ភ្លុក​ ទៅ​មណ្ឌល​អប់រំ​កែប្រែ​ទី១។​

អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​លោក ​អ៊ី រិន្ទ ​ប្រាប់​ VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ចៅក្រម​ស៊ើប​សួរ​បាន​សម្រេច​ឃុំ​ខ្លួន​លោក​ សៀម ភ្លុក​ ជា​បណ្តោះ​អាសន្ន​ពី​បទ​ក្លែង​បន្លំ​ និង​ប្រើប្រាស់​លិខិត​ក្លែង​ដែល​មាន​ចែង​ក្នុង​មាត្រា​ ៦២៦ ​មាត្រា​៦២៧ ​និង​មាត្រា ​៦២៨​ នៃ​ក្រម​ព្រហ្មទណ្ឌ។​

មុន​ពេល​តុលាការ​សម្រេច​ឃុំ​ខ្លួន​លោក​សៀម ភ្លុក​ ​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​២១ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២២​បាន​ចេញ​ដីកា​កោះ​ឱ្យ​លោក ​សៀម ភ្លុក​ ចូល​បំភ្លឺ​នៅ​សាលាដំបូង ​នៅ​ថ្ងៃទី​២២​ ខែ​មីនា​ ឆ្នាំ​២០២២។​

ប៉ុន្តែ​មេធាវី​តំណាង​ឱ្យ​លោក​សៀម ភ្លុក​គឺ​លោក ​ជូង ជូងី ​និង​លោក ​សៀម ភ្លុក ​ខ្លួន​ឯង​ អះអាង​ថា ​ មិន​បាន​ទទួល​ដីកា​នោះ​ទេ​ ជា​ហេតុ​ធ្វើ​ឱ្យ​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​រូប​នេះ​ខកខាន​មិន​បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ។​

រហូត​មក​ដល់​ថ្ងៃ​ទី​៤ ​ខែ​មេសា ​ឆ្នាំ​២០២២​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នាំ​ខ្លួន​លោក​ សៀម ភ្លុក ​ប្រគល់​ជូន​សាលាដំបូង​ឱ្យ​បាន​មុន​ថ្ងៃ​ទី​២៥​ ខែ​មេសា។​

មេធាវី ​និង​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា ​ ករណី​នេះ ​តុលាការ​ត្រូវ​ចេញ​ដីកា​ឱ្យចូល​ខ្លួន​ម្តង​ទៀត ​ មិន​មែន​ចេញ​ដីកា​ឱ្យ​នាំ​ខ្លួន​នោះ​ទេ។​

លោក​ ជូង ជូងី​ មេធាវី​ការពារ​ក្តី​ឱ្យ​លោក​ សៀម ភ្លុក​ លើក​ឡើង​ថា​ លោក​ទទួល​បាន​ដំណឹង​ថា​ កូន​ក្តី​របស់​លោក​ត្រូវ​បាន​ឃាត់​ខ្លួន ​និង​បញ្ជូន​ទៅ​តុលាការ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៧ ​ខែ​មេសា ​ ប៉ុន្តែ​លោក​ថា ​ លោក​មិន​ទាន់​បាន​ជួប​កូន​ក្តី​របស់​លោក​នៅ​ឡើយ។​
លោក​ ជូង ជូងី ​បន្ថែម​ថា​ ប្រសិន​បើ​ការ​ឃាត់​ខ្លួន​កូនក្តី​របស់​លោក​ធ្វើ​ឡើង​ដោយ​យោង​លើ​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​ មានន័យ​ថា ​សមត្ថកិច្ច​អនុវត្ត​ខុស​នីតិវិធី។​

លោក​ថ្លែង​ថា៖ «ខ្ញុំ​បាន​ឃើញ​មាន​ការ​ចែក​រំលែក​តាម​បណ្តាញ​សង្គម​ថាឱ្យ​នាំ​ខ្លួន​កូនក្តី​ខ្ញុំឱ្យ​បាន​មុន​ថ្ងៃ​ទី​២៥​ ប៉ុន្តែ​ដល់​ពេល​ម្សិលមិញ​ហ្នឹង​ថ្ងៃ​ទី​២៧​ហើយ​ អ៊ីចឹង​ខ្ញុំ​មាន​ការ​ឆ្ងល់ ​ថា​តើ​ឃាត់​ខ្លួន​កូនក្តី​ខ្ញុំ​ម្សិលមិញ​ហ្នឹង​ផ្អែក​ទៅ​លើ​ឯកសារ​ណា? ​ ប្រសិន​បើ​ផ្អែក​លើ​ឯកសារ​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​មុន​ថ្ងៃ​២៥​ អាហ្នឹង​គឺ​ខុស​នីតិវិធី។​ សមត្ថកិច្ច​គឺ​បំពាន​នីតិវិធី​ហើយ»។​

លោក​ អ៊ី រិន្ទ ​អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ​មិន​ឆ្លើយ​តប​នឹង​សំណួរ​របស់​ VOA ​ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​លោក​មេធាវី ​ជូង ជូងី ​នោះ​ទេ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​ពី ​អ្នក​នាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក​ សាន សុខសីហា​ បាន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

លោក ​អំ សំអាត ​នាយករង​ទទួល​បន្ទុក​កម្មវិធី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​មាន​ប្រសាសន៍​ថា​ ការ​ឃុំ​ខ្លួន​លោក ​សៀម ភ្លុក​ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរជាតិ​ចាត់​ទុក​ថា​ជា​រឿង​នយោបាយ​ជាជាង​ការ​អនុវត្ត​ច្បាប់។​

លោក​បញ្ជាក់​ថា៖ «ករណី​នេះ​តាំងពី​ដើម​មក​យើង​ឃើញ​ថាមាន​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន ​ដែល​យើង​ទទូច​ថា​ ករណី​ដែល​ការ​ចុះ​បញ្ជី​ឈ្មោះ​នៅ​ក្រសួង​មហាផ្ទៃ​នេះ​វា​គួរ​តែ​អនុវត្ត​ទៅ​តាម​ក្របខណ្ឌ​នៃ​ការ​សុំ​បង្កើត​គណបក្ស​នយោបាយ​រួច​ទៅ​ហើយ ​ក៏​ប៉ុន្តែ​យើង​ឃើញ​ថា ​ផ្ទុយ​ទៅវិញ​គឺ​មាន​ការ​ប្តឹង​ផ្តល់​ទៅ​តុលាការ​ទាក់ទង​នឹង​ការ​ក្លែង​បន្លំ​អី​ជាដើម​ទៅ​វិញ​ ដែល​នេះ​ជា​ករណី​ទី​១​ដែល​យើង​បាន​ឃើញ»។​

លោក​បន្ថែម​ថា​ ដីកា​បង្គាប់​ឲ្យ​លោក​ សៀម ភ្លុក​ ចូល​ខ្លួន ​និង​នាំ​ខ្លួន​នា​ពេល​កន្លង​មក​គឺ​មិន​ត្រឹមត្រូវ​តាម​នីតិវិធី​នោះ​ទេ។​

«ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន ​ឬ​ក៏​ដីកា​ចាប់​ខ្លួន​នេះ​វា​ទាល់តែ​ករណី​ចាំបាច់​ ឬ​មួយ​ក៏​អ្នក​ហ្នឹង​គាត់​គេច​វេះ ​មិន​ព្រម​ចូល​តាម​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​របស់​តុលាការ។​ តែ​បើសិន​ជា​សាមី​ខ្លួន​មិន​ដែល​បាន​ទទួល​ដីកា​ផង​ ហើយ​ចាត់​ទុក​ថា​ លោក​មិន​ព្រម​ចូល​ខ្លួន ​ហើយ​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន ​ឬ​ចាប់​ខ្លួន​ អាហ្នឹង​វា​អត់​ទាន់ត្រូវ​តាម​នីតិវិធី​ទេ»។​

គណបក្ស​បេះ​ដូង​ជាតិ​ ដែល​បង្កើត​ឡើង​ដោយ​លោក​ សៀម ភ្លុក​ ត្រូវ​បាន​គេ​សង្ស័យ​ថា​ មាន​ទំនាក់​ទំនង​ជាមួយ​អ្នក​នយោបាយ​ដែល​ស្និទ្ធ​នឹង​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​ សម រង្ស៊ី។ ​ ប៉ុន្តែ​លោក​ សម រង្ស៊ី ​ធ្លាប់​អះអាង​ថា​ លោក​មិន​មាន​ទំនាក់​ទំនង​ណា​មួយ​ជា​មួយ​គណបក្ស​បេះដូងជាតិ​នោះ​ទេ៕