សាលា​រាជ​ធានី​ភ្នំពេញ​នឹង​រៀបចំ​ខួប​៨ឆ្នាំ​រំឭក​​ជនរង​គ្រោះ​ស្លាប់​លើ​ស្ពាន​ពេជ្រ

រូបឯកសារ៖ មន្ត្រី​ប៉ូលិស​កម្ពុជា​ឈរ​លើ​ស្ពាន​ដែល​មនុស្ស​រាប់​រយ​នាក់​ជាន់​គ្នា​ស្លាប់​ ក្នុង​អំឡុង​ពេល​បុណ្យ​អុំទូក។​

សាលា​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​ពិធី​សូត្រមន្ត​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ជិត​៤០០​នាក់​ ​ដែល​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​រត់ជាន់គ្នា​នៅ​លើ​ស្ពាន​ពេជ្រ​ ​នៃ​ទីក្រុង​កោះ​ពេជ្រ​ ​កាល​ពី​អំឡុង​ពិធីបុណ្យ​អុំ​ទូក​ ​ឆ្នាំ​២០១០។​ ​នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​សាលា​រាជ​ធានី​ភ្នំពេញ។​

សេចក្តី​ជូន​ដំណឹង​ចេញ​ដោយ​លោក​ ​ឃួង ស្រេង​ ​អភិបាល​សាលា​រាជធានី​ភ្នំពេញ​ ​ចុះ​ថ្ងៃអង្គារ​នេះ​ ​បញ្ជាក់​ថា​ ​ពិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​វេលា​ម៉ោង​ ​០៧​:​០០នាទី​ ​ព្រឹក​ ​ថ្ងៃទី២២​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ២០១៨​ ​ដោយ​មាន​ពិធីសូត្រមន្ត​នៅ​ស្តូប​ក្បែរ​ស្ពាន​នាគ​ ​ទីក្រុង​កោះ​ពេជ្រ​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​ជនរងគ្រោះ​ ​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​រត់​ជាន់គ្នា​នោះ។​

សេចក្តី​ជូនដំណឹង​ដដែល​បន្ថែម​តាមន័យ​ដើម​ថា​៖

«សេចក្តី​ជូន​ដំណឹង​នេះ​ចាត់ទុក​ជា​ការ​និមន្ត​ ​យាង​ ​និង​អញ្ជើញ​ ​ពុទ្ធបរិស័ទ​ ​ញាតិមិត្ត​ជិត​ឆ្ងាយ​ ​ពិសេស​ក្រុម​គ្រួសារ​ ​បងប្អូន​ ​និង​សាច់ញាតិ​នៃ​ជន​រងគ្រោះ​ ​ចូលរួម​ពិធី​ខាងលើ»។​

VOA​ ​មិន​អាច​ទាក់ទង​សុំ​ការអធិប្បាយ​បន្ថែម​ពី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ ​លោក​ ​ម៉េត មាសភក្តី​ ​បានទេ។​

ប្រជា​ពល​រដ្ឋ​ ​ដែល​ភាគច្រើន​ជា​អ្នកដើរ​លេងកម្សាន្ត​ចំនួន​៣៥៤នាក់​បាន​ស្លាប់​ ​និង​៣៩៣នាក់​ផ្សេង​ទៀត​បាន​រង​របួស​ ​ក្នុង​ឧបទ្ទវហេតុ​ភ័យ​ស្លន់​ស្លោ​រ​រត់​ជាន់គ្នា​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​ ​កាលពី​យប់​ថ្ងៃទី២២​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១០​ ​ដែល​ជា​ថ្ងៃ​ចុងបញ្ចប់​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក។​

រដ្ឋាភិបាល​កម្ពុជា​ ​បាន​ផ្តល់​អំណោយ​ឧបត្ថម្ភ​ដល់​សព​ជនរងគ្រោះ​ក្នុង​ម្នាក់​ទទួល​បាន​ទឹកប្រាក់​ជាង​១២,០០០​ដុល្លារ​សហរដ្ឋ​អាមេរិក។​

ក្រោយ​សោកនាដកម្ម​ដ៏​អាក្រក់​នោះ​បាន​កើតឡើង​ ​រដ្ឋាភិបាល​ក៏បាន​កសាង​ស្តូប​មួយ​លើ​ដី​ទំហំ៣៣​ ​គុណ​៣២​ម៉ែត្រ​ ​ជាប់​គល់​ស្ពាន​ពេជ្រ​ត្រើយ​ខាងលិច​ ​ជាទី​កន្លែង​ដែល​ឧបទ្ទវហេតុ​បាន​កើតឡើង​ ​ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់៕