គណបក្ស​ភ្លើង​ទៀន​រាជធានី​​ ប្រកាស​ស្នើ​ពលរដ្ឋ​ឱ្យ​ចូលរួម​យុទ្ធនាការ​ឃោសនា​នៅ​ថ្ងៃសៅរ៍នេះ

​សមាជិក​បក្ស​និង​អ្នកគាំទ្រ​គណ​បក្ស​ភ្លើងទៀន​ស្រែក​សាទរ​ដោយ​ភាព​សប្បាយរីករាយ​ នៅ​ក្នុង​សមាជ​វិសាមញ្ញ​របស់​គណ​បក្ស​ នៅ​​ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​​​ នៅ​ថ្ងៃ​ទី​១៥​ ខែ​ឧសភា ឆ្នាំ២០​២២​។​ (លាស់ លីបលីប​​/វីអូអេ​)

មុនបីថ្ងៃ​នៃ​ការ​ចាប់ផ្តើម​យុទ្ធនាការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​ គណបក្ស​ភ្លើងទៀន​ ដែល​ជាគណបក្ស​ជំទាស់​ បាន​ប្រកាស​ជា​សាធារណៈ​ស្នើ​ឱ្យ​ពលរដ្ឋ​ចូលរួម​ដំណើរ​ការ​ឃោសនា​របស់​ខ្លួន​នៅទូទាំង​រាជធានី​ភ្នំពេញ​ នាថ្ងៃសៅរ៍​ខាង​មុខនេះ។

គណបក្ស​ភ្លើង​ទៀន ដែល​ដើម​ឡើយ​មាន​ឈ្មោះថា«​គណបក្ស​សម រង្ស៊ី» បាន​ប្រកាស​ជាផ្លូវការ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៥ ខែឧសភា​ ឆ្នាំ​២០២២​ ថានឹង​ចូលរួមការ​បោះឆ្នោត​ជ្រើស​រើស​ថ្នាក់​ដឹកនាំ​មូលដ្ឋាន​នៅដើមខែ​មិថុនា​ខាង​មុខ។

បើតាម​លិខិត​អំពាវនាវ​របស់​គណបក្សភ្លើង​ទៀន​ចុះថ្ងៃទី​១៨ ខែ​ឧសភា​ ឆ្នាំ​២០២២​ ថ្នាក់​ដឹកនាំ​ និង​រចនា​សម្ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​របស់​សាខា​គណបក្ស​នេះ​ក្នុង​ទីក្រុង​ភ្នំពេញ​ នឹង​ចូលរួម​ដឹក​នាំ​ដង្ហែ​ក្បួន​ឃោសនា​ថ្ងៃ​ដំបូង​របស់​ខ្លួន​នៅ​ថ្ងៃសៅរ៍​ទី​២១ ខែ​ឧសភា​នេះ។

សេចក្តី​អំពាវនាវ​របស់​គណបក្ស​ភ្លើង​ទៀន​ ​រាជធានី​ភ្នំពេញ​បាន​សរសេរ​ក្នុង​អត្ថន័យ​ដើមថា៖ «​អាស្រ័យ​ដូចនេះ​ គណបក្ស​ភ្លើង​ទៀន​ រាជធានី​ភ្នំពេញ​ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្នុងភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ទាំង​អស់ ដែល​មាន​គោល​ជំហរ​ស្រឡាញ់​គាំទ្រនូវ​គោល​នយោបាយ​របស់​គណបក្ស​ភ្លើង​ទៀន​ ចង់​ឃើញ​ប្រទេស​កម្ពុជាមាន​ការ​គោរព​សិទ្ធិមនុស្ស​ពេញ​លេញ ​លើក​តម្កើង​លទ្ធិប្រជាធិបតេយ្យ​សេរី​ និងយុត្តិធម៌​សង្គម​ដោយ​ពិតប្រាកដ​ ចូលរួម​ហែក្បួន​ របស់​គណបក្ស​ភ្លើង​ទៀន​ រាជធានី​ភ្នំពេញ​ឱ្យ​បាន​ច្រើន​កុះករ»។

បើតាម​សេចក្តី​អំពាវនាវ​ដដែល​ការហែ​ក្បួន​នឹង​ធ្វើ​ឡើង​ពីរ​លើក​ គឺនៅ​ម៉ោងព្រឹក​ ក្បួនឃោសនា​នឹង​ចេញ​ដំណើរ​នៅបណ្តោយ​ផ្លូវ​៣០ម៉ែត្រ​ (ទ្រីហេង៣) ភូមិ ក្រាំង​អង្ក្រង​ សង្កាត់​ក្រាំង​ធ្នង់​ ខណ្ឌ​សែនសុខ​ និង​ម៉ោង​២​រសៀល​ក្បួន​ឃោសនា​នឹង​ដំណើរ​នៅ​មហាវិថី​អង្គរ​ ជិត​រង្វង់​មូល​កាំកូ​ស៊ីធី​។ ​

គួរបញ្ជាក់​ផងដែរ​ថា​ ប្រទេស​កម្ពុជា​នឹង​រៀបចំការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា​ ឆ្នាំ​២០២២​ ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​១៧ចូលរួម​ដើម្បី​ដណ្តើម​អាសនៈក្រុមប្រឹក្សា​សរុប​ទាំង​អស់​ជាង​ ១១.០០០ ​នាក់ ​នៅ​ឃុំសង្កាត់​សរុប​ចំនួន ១.៦៥២​ នៅ​ក្នុង​ប្រទេស​។

ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ថ្នាក់​មូលដ្ឋាន​នា​ពេល​ខាងមុខ​នេះ​ កំពុងស្ថិត​ក្រោម​ការ​តាម​ដាន​ពី​ក្រុម​ប្រទេស​ប្រកាន់​យក​លទ្ធិប្រជាធិបតេយ្យ​រួមមាន​សហគមន៍​អឺរ៉ុប​ សហរដ្ឋ​អាមេរិក​ និង​ជប៉ុន​ ដែលសុទ្ធតែ​ចង់​ឃើញ​កា​រ​បោះ​ឆ្នោត​មួយ​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​រឹតត្បិត​លើ​ក្រុមជំទាស់​ និង​ដោយ​មាន​លក្ខណៈ​បើកចំហ​ ដើម្បី​ឆ្លុះបញ្ចាំងពីឆន្ទៈ​ពិតប្រាកដ​របស់​អ្នក​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា៕