គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានីភ្នំពេញ បានប្រកាសឱ្យប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ និងដងស្ទឹងព្រែកត្នោត និងអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ជាមួយកម្ពស់ទឹក ដើម្បីត្រៀមលក្ខណៈទុកជាមុន ក្នុងការទប់ទល់គ្រោះទឹកជំនន់។ នេះបើតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី៩ ខែតុលា។
បើតាមសេចក្តីណែនាំនោះ ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានីភ្នំពេញលោក ឃួង ស្រេង បានណែនាំទៅអាជ្ញាធរខណ្ឌទាំង ១៤ ជាពិសេសខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌព្រែកព្នៅ ខណ្ឌឫស្សីកែវ ខណ្ឌជ្រោយចង្វារ ខណ្ឌច្បារអំពៅ តៀមលក្ខណៈ និងត្រៀមរថយន្ត ចប បង្គី បាវខ្សាច់ ស្បៀង និងកំណត់ទីទួលសុវត្ថិភាព ដើម្បីបង្ការ ការពារសុវត្ថិភាព និងជម្លៀសប្រជាពលរដ្ឋ នៅពេលមានទឹកជំនន់កើតឡើង។
ក្រៅពីនេះ អាជ្ញាធរត្រូវផ្សព្វផ្សាយតាមគ្រប់មធ្យោបាយដល់ប្រជាពលរដ្ឋ និងត្រូវកំណត់ស្ថិតិប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដើម្បីងាយស្រួលគាំពារផ្នែកជីវភាព និងផ្តល់ជំនួយសង្គមផ្សេងៗជាដើម។
ក្នុងសេចក្តីណែនាំដដែល អាជ្ញាធរពាក់ព័ន្ធផ្សេងទៀត ដែលរួមមាន ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានយោធភូមិភាគពិសេស ក៏ត្រូវត្រៀមកម្លាំងនិងមធ្យោបាយ ដូចជារថយន្ត ទូក កាណូត អូប័រ និងសម្ភារៈផ្សេងៗផងដែរ។ ចំណែកក្រសួងពាក់ព័ន្ធក៏ត្រូវយកចិត្តទុកដាក់ជាមួយគ្នាផងដែរ ដើម្បីចូលរួមបង្ការនិងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលងាយរងគ្រោះ និងមានហានិភ័យខ្ពស់ដោយគ្រោះទឹកជំនន់នៃទន្លេ ស្ទឹង និងទឹកជំនន់ទឹកភ្លៀង នៅក្នុងតំបន់មួយចំនួនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងធានាបាននូវសុខុមាលភាពល្អប្រសើរជូនប្រជាពលរដ្ឋ។
អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ក៏បានណែនាំពលរដ្ឋ ឱ្យតាមដានកម្ពស់ទឹកជាប្រចាំ ជាពិសេសអ្នកដែលរស់នៅតាមដងទន្លេមេគង្គ និងស្ទឹងព្រែកត្នោត។
សេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ «ប្រជាពលរដ្ឋដែលមានលំនៅឋាននៅតាមបណ្តោយដងទន្លេមេគង្គ និងដងស្ទឹងព្រែកត្នោត ត្រូវបង្កើនការប្រុងប្រយ័ត្តខ្ពស់ តាមដានព័ត៌មានជាប្រចាំអំពីកម្ពស់ទឹក និងត្រូវត្រៀមលក្ខណៈទុកជាមុន ដូចជាទ្រព្យសម្បត្តិ សម្ភារៈចំបាច់ និងសត្វពាហនៈឱ្យបានរៀបរយដើម្បីជម្លៀសទៅទីទួលសុវត្ថិភាព»។
មួយរយៈពេលចុងក្រោយនេះ អាជ្ញាធរតាមបណ្តាខេត្តមួយ ចំនួនក៏បានរាយការណ៍ថា ទឹកជំនន់បានជនលិចដំណាំដាំដុះប្រជាពលរដ្ឋ និងបង្កការខូចខាតផ្លូវថ្នល់មួយចំនួនប៉ុន្តែមិនទាន់មានខេត្តណាមួយ ប្រកាសអាសន្ន ទាក់ទងទឹកជំនន់នៅឡើយទេ។
ចំណែកក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែតុលា កម្ពុជានឹងបន្តទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើប៉ែកខាងក្រោមនៃអាងទន្លេមេគង្គប្រទេសថៃ និងប្រទេសឡាវ ជាមួយនឹងខ្យល់មូសុងនិរតីបក់មធ្យម ហើយរាជធានីភ្នំពេញ និងបណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំជាមួយនឹងផ្គររន្ទះ និងខ្យល់កន្ត្រាក់៕