ការធ្វើសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងប្រទេសហ្វីលីពីនចាប់ផ្តើមកាលពីថ្ងៃច័ន្ទទី២២ ខែមិថុនា ស្របពេលដែលកងទ័ពជើងទឹករបស់ជប៉ុន និងហ្វីលីពីនចាប់ផ្តើមធ្វើការហ្វឹកហាត់រួមគ្នាមួយដែរ។ ព្រឹត្តិការណ៍ទាំងពីរត្រូវបានធ្វើឡើងនៅលើកោះមួយនៅក្នុងខេត្ត Palawan ដែលស្ថិតនៅក្បែរតំបន់មានជម្លោះដ៏ក្តៅគគុក ក្នុងសមុទ្រចិនខាងត្បូង។
ការធ្វើសមយុទ្ធជាមួយសហរដ្ឋអាមេរិកមានការចូលរួមដោយ នាវាចម្បាំងកងទ័ពជើងទឹក USS Forth Worth និងយន្តហោះឈ្លបយកការណ៍ P-3 Orion។ កងទ័ពជើងទឹករបស់ហ្វីលីពីន បានឲ្យដឹងថា កងទ័ពនឹងធ្វើការហ្វឹកហាត់ក្នុងការហោះហើរឈ្លបយកការណ៍ និងធ្វើការបាញ់ដោយគ្រាប់មែនទែន ហើយធ្វើការរុករកដោយប្រើប្រាស់កប៉ាល់ និងអនុវត្តការទប់ស្កាត់ចាប់យកនាវា ក្នុងចំណោមការធ្វើសមយុទ្ធដទៃទៀត។ មន្ត្រីនិយាយថា ការធ្វើសមយុទ្ធរួមនោះនឹងប្រព្រឹត្តឡើងក្នុងដែនទឹកនៃប្រទេសហ្វីលីពីននៅតាមច្រាំងសមុទ្រភាគខាងកើតដ៏វែងនៃកោះ Palawan។
អ្នកនាំពាក្យកងទ័ពជើងទឹកហ្វីលីពីន លោកឧត្តមសេនីយ៍ឯក Lued Lincuna បានសង្កត់បញ្ជាក់ប្រាប់ វីអូអេ ថា ការធ្វើការជាមួយកងកម្លាំងការពារជើងទឹករបស់ជប៉ុន គឺជាសកម្មភាពនាវាចរណ៍មួយ មិនមែនជាសមយុទ្ធនាវាចរណ៍មួយទេ។ លោកថ្លែងថា ការងារនេះនឹងមានការផ្តោតខ្លាំងទៅលើ អំពើមនុស្សធម៌ និងការសង្គ្រោះពីគ្រោះមហន្តរាយ រួមមានការស្វែងរក និងការជួយសង្រ្គោះ។
លោក Lincuna និយាយថា យន្តហោះប្រទេសនីមួយៗ រួមមានយន្តហោះឈ្លបយកការណ៍ P-3C Orion របស់ជប៉ុននឹងធ្វើការហោះហើរពីលើដែនទឹករបស់ប្រទេសហ្វីលីពីនដែលមាន ចម្ងាយ២២គីឡូម៉ែត្រពីច្រាំងសមុទ្រ។
«គោលគំនិតក្នុងការធ្វើសកម្មភាពនាវាចរណ៍នោះគឺ យន្តហោះទាំងពីរនឹងធ្វើការហោះហើរចេញទៅ ហើយបន្ទាប់មកឆ្ពោះទៅតំបន់មួយ ដែលរហូតមកដល់បច្ចុប្បន្ននេះខ្ញុំនៅមិនទាន់ដឹងថាទៅទីណានោះទេ ហើយពួកគេនឹងមានសកម្មភាពនៅទីនោះ ទាក់ទិននឹងការស្វែងរក និងការជួយសង្រ្គោះ។»
សមុទ្រចិនខាងត្បូងគឺស្ថិតលើឆ្នេរភាគខាងលិចនៃកោះ Palawan ដោយមានកោះជម្លោះ Spratly ស្ថិតនៅចម្ងាយ ៣០០ គីឡូម៉ែត្រឆ្ពោះទៅភាគនិរតី។ ចិនកំពុងសាងសង់កោះសប្បនិម្មិតនៅលើផ្ទាំងថ្មយ៉ាងតិច៧នៅទីនោះ។ ហ្វីលីពីនធ្វើការទាមទារតំបន់នោះស្ទើរតែទាំងអស់។
មន្ត្រីយោធាថ្លែងថា សមយុទ្ធរួមគ្នាជាមួយអាមេរិកឆ្នាំនេះមានធ្វើឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយនៅក្នុងសមយុទ្ធប្រចាំឆ្នាំ និងមិនមានជាប់ពាក់ព័ន្ធជាមួយនឹងជម្លោះរវាងចិន និងហ្វីលីពីនក្នុងសមុទ្រចិនខាងត្បូងនោះទេ។ ប៉ុន្តែអ្នកវិភាគនិយាយថា សមយុទ្ធជាមួយជប៉ុនមានសារៈសំខាន់ជានិមិត្តរូបសម្រាប់ជប៉ុន។
គណបក្សសម្ព័ន្ធភាពសេ្នហាជាតិថ្មីនៃប្រទេសហ្វីលីពីនបានធ្វើការប្រឆាំងទល់នឹងវត្តមានយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសហ្វីលីពីន។ លោក Renato Reyes អគ្គលេខាធិការនៃគណបក្សនេះបាននិយាយថា បច្ចុប្បន្ននេះហ្វីលីពីនត្រូវតែមានការប្រុងប្រយ័ត្នចំពោះចំណាប់អារម្មណ៍យោធារបស់ជប៉ុននៅទីនោះ។
ពួកគេប្រហែលជាមានគម្រោងក្នុងការពង្រឹងកម្លាំងយោធារបស់ពួកគេនៅប៉ុន្មានឆ្នាំខាងមុខនេះ។ ពួកយើងមិនចង់ឲ្យគេប្រើប្រាស់ប្រទេសយើងជាជណ្តើរឡើងមួយទេ។ ពួកយើងមិនចង់ឲ្យគេប្រើយើងជាស្ពានសម្រាប់អន្តរាគមន៍និយមរបស់អាមេរិកាំង ឬក៏យោធានិយមរបស់ជប៉ុននោះទេ។
នៅដើមខែនេះ ប្រធានាធិបតីហ្វីលីពីនលោក Benigno Aquino បានធ្វើដំណើរទស្សនកិច្ចទៅប្រទេសជប៉ុន ហើយលោកបានថ្លែងថា ប្រទេសទាំងពីរនឹងស្វះស្វែងក្នុងការធ្វើកិច្ចព្រមព្រៀងមួយ ដើម្បីឲ្យកងកម្លាំងយោធាធ្វើដំណើរទស្សនកិច្ចផ្លូវការ សម្រាប់បន្ថែមកងទ័ពជប៉ុនផ្លាស់វេនគ្នានៅក្នុងប្រទេសហ្វីលីពីន៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា