ក្នុងសប្តាហ៍នេះប្រធានាធិបតីចិនលោក Xi Jinping បានអះអាងថា ប្រទេសចិននឹងមិនស្វែងរកការបង្កើតអនុត្តរភាព ឬព្យាយាមពង្រីកទឹកដីឡើយ។ ប៉ុន្តែប្រទេសជិតខាងចិនគិតថាចិនកំពុងពង្រីកទឹកដីរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
លោក Charles Jose អ្នកនាំពាក្យក្រសួងការបរទេសហ្វីលីពីនបានឲ្យដឹងថា រដ្ឋាភិបាលក្រុងម៉ានីលសង្ឃឹមថា៖ «នឹងឃើញពីការរួមតូចនៃគម្លាតពាក្យសម្តីរបស់រដ្ឋាភិបាលចិន និងស្ថានភាពជាក់ស្តែង»។
លោក Charles Jose ចង់សំដៅលើជម្លោះដ៏ផុសផុលលើសំណុំរឿងសមុទ្រចិនខាងត្បូង។ កាលពីមួយឆ្នាំកន្លះមុន ចិនបានសង់សំណង់លើកោះតូចៗយ៉ាងតិចចំនួនប្រាំពីរដែលវៀតណាម និងហ្វីលីពីនសុទ្ធតែបានទាមទារ។ របាយការណ៍ចុងក្រោយរបស់ក្រសួងការពារជាតិអាមេរិកបានអះអាងថា ការពង្រីកកោះថ្មីរបស់ចិននេះមានទំហំជិតដល់១.២០០ហិកតា ហើយយ៉ាងហោចណាស់មានកោះមួយក្នុងចំណោមកោះទាំងអស់នោះអាចឲ្យនាវាចម្បាំងនិងយន្តហោះចម្បាំងចូលចតបាន។
ក្រោយពីមានការបរាជ័យក្នុងការដោះស្រាយជម្លោះទ្វេភាគីអស់ជាច្រើនឆ្នាំ ហ្វីលីពីនបានយកសំណុំរឿងជម្លោះសមុទ្រចិនខាងត្បូងដែលចិនទាមទារយកដែនទឹកជិតដល់៩០ភាគរយ ទៅកាន់តុលាការអចិន្ត្រៃយ៍នៃមជ្ឈត្តការ (Permanent Court of Arbitration)។
លោក Jose បានលើកឡើងថា៖ «ចិនបានកំណត់លក្ខខណ្ឌដែលមិនអាចទៅរួចទុកជាមុនសម្រាប់ការចរចា និងការពិគ្រោះយោបល់ទ្វេភាគី ដោយចិនចង់ឲ្យយើងទទួលស្គាល់អធិបតេយ្យរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង ដោយប្រកែកមិនបាន។ នេះជារឿងដែលយើងមិនអាចទទួលយកបានទាល់តែសោះ។
ប្រធានាធិបតីចិន Xi Jinping ថ្លែងក្នុងសុន្ទរកថាព្យុហយាត្រាយោធាកាលថ្ងៃព្រហស្បតិ៍ថា៖ «ដើម្បីជាប្រយោជន៍នៃសន្តិភាព ចិននឹងនៅតែប្តេជ្ញាបន្តការអភិវឌ្ឍប្រកបដោយសន្តិភាព។ យើងជាប្រជាជនចិនស្រលាញ់សន្តិភាព។ ហើយទោះបី អំណាចរបស់ចិនកាន់តែខ្លាំងប៉ុណ្ណាក៏ដោយ ក៏ចិននឹងមិនស្វះស្វែងបង្កើតអនុត្តរភាព ឬពង្រីកទឹកដីរបស់ខ្លួនឡើយ»។
លោក Euan Graham នាយកផ្នែកសន្តិសុខអន្តរជាតិនៃវិទ្យាស្ថានគោលនយោបាយអន្តរជាតិ Lowy ដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនីបានលើកឡើងថា លោក Xi Jinping បាននិយាយ «រឿងរ៉ាវត្រឹមត្រូវជាច្រើន»។
លោកបន្តថា៖ «ប៉ុន្តែវាច្បាស់ត្រង់ថាក្បួនយោធានោះ វាដូចជាមានលក្ខណៈស្វែងរករឿងឈ្លោះប្រកែកគ្នាច្រើនជាង បើយើងមើលទៅលើរាល់សព្វាវុធដែលត្រូវបានបង្ហាញនៅថ្ងៃនោះ។ ហើយខ្ញុំគិតថា ទង្វើនេះបានបញ្ជូនសារមួយដែលមានលក្ខណៈផ្ទុយគ្នាយ៉ាងខ្លាំង»។
វីដេអូនៃប្រព័ន្ធផ្សព្វផ្សាយចិនបានបង្ហាញកាំជ្រួចមីស៊ីលបាញ់បំផ្លោងដែលមានសមត្ថភាពផ្សេងៗគ្នាជាច្រើនជួរ និងបន្តកន្ទុយគ្នារួមជាមួយមីស៊ីលប្រឆាំងនាវាដែលអាចកម្ទេចក្រុមនាវាពិឃាតអាមេរិកបានផងដែរ។
ក្រៅពីប្រទេសហ្វីលីពីន និងវៀតណាម មានប្រទេសព្រុយណេ ម៉ាឡេស៊ី និងតៃវ៉ាន់ក៏បានទាមទារតំបន់ត្រួតគ្នានៅក្នុងសមុទ្រចិនខាងត្បូងនោះផងដែរ ដោយសារតែវាជាតំបន់សម្បូរធនធាន និងជាផ្លូវនាវាចរដ៏មមាញឹកបំផុតមួយ៕
ប្រែសម្រួលដោយ សៅ ផលនិស្ស័យ