ប្រទេសហ្វីលីពីនបាននិយាយថា ខ្លួនដកថយចេញពីកិច្ចព្រមព្រៀងសន្តិសុខធំមួយជាមួយសហរដ្ឋអាមេរិក។
លោករដ្ឋមន្ត្រីការបរទេសហ្វីលីពីន Teodoro Locsin, Jr. បានប្រកាសកាលពីថ្ងៃចន្ទនៅក្នុង Tweet មួយថា លោកបានបញ្ជូន «កំណត់សម្គាល់នៃការបញ្ឈប់»។
កិច្ចព្រមព្រៀងស្តីពីកងកម្លាំងសហរដ្ឋអាមេរិកទៅទស្សនាដែលភាសាអង់គ្លេសហៅថា Visiting Forces Agreement ទៅឱ្យអនុប្រធានបេសកកម្មនៃស្ថានទូតសហរដ្ឋអាមេរិកក្នុងក្រុងម៉ានីល ដោយធ្វើតាមបញ្ជារបស់ប្រធានាធិបតី Rodrigo Duterte។
កិច្ចព្រមព្រៀងស្តីពីកងកម្លាំងសហរដ្ឋអាមេរិកទៅទស្សនាប្រទេសហ្វីលីពីនហៅកាត់ថា VFA ដែលបានត្រូវចុះហត្ថលេខាកាលពីឆ្នាំ១៩៩៨ អនុញ្ញាតឱ្យកងកម្លាំងសហរដ្ឋអាមេិកនៅលើដីហ្វីលីពីន ដើម្បីធ្វើសមយុទ្ធយោធា និងបំពេញបេសកកម្មមនុស្សធ៌មនៅក្នុងតំបន់នោះផងដែរ។
លោក Duterte បានគំរាមកំហែងច្រើនដងមកហើយថា នឹងលុបចោលកិច្ចព្រមព្រៀង VFA ចាប់តាំងពីលោកបានចូលកាន់តំណែងកាលពីឆ្នាំ២០១៦មក។ ការគំរាមកំហែងថ្មីៗបំផុតមានឡើងកាលពីខែមករានៅក្រោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានលុបចោលទិដ្ឋាការរបស់លោកសមាជិកព្រឹទ្ធសភា Ronald dela Rosa។ លោក Ronald dela Rosa ជាអគ្គស្នងការប៉ូលិសជាតិហ្វីលីពីននៅពេលលោក Duterte ចាប់ផ្តើមយុទ្ធនាការដ៏ប្រល័យប្រឆាំងនឹងការជួញដូរគ្រឿងញៀន ដែលបានត្រូវថ្កោលទោសដោយសហគមន៍អន្តរជាតិនិងក្រុមការពារសិទ្ធិមនុស្សអំពីការសម្លាប់ដោយគ្មានរើសមុខនូវពួកជនជាប់សង្ស័យថា ជាអ្នកជួញដូរគ្រឿងញៀន។
ការលុបចោលទិដ្ឋាការរបស់លោក dela Rosa ក៏មានទាក់ទិនដែរជាមួយការបន្តឃុំឃាំងលោកស្រី Leila de Lima សមាជិកាព្រឹទ្ធសភាដែលជាអ្នករឹះគន់ខ្លាំងដល់យុទ្ធនាការប្រឆាំងនឹងគ្រឿងញៀនដោយលោក Duterte។
លោក Duterte បានងាកចេញពីចំណងទាក់ទងជិតស្និទ្ធជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដោយលោកមានទំនាក់ទំនងកក់ក្តៅជាងមុនជាមួយប្រទេសចិននិងប្រទេសរុស្សីវិញ។