កងទ័ពសហរដ្ឋអាមេរិកនិងកងទ័ពហ្វីលីពីនបានចាប់ផ្ដើមធ្វើសមយុទ្ធទាហានជើងទឹករួមគ្នារយៈពេលពីរសប្ដាហ៍នៅថ្ងៃចន្ទនេះ ដើម្បីពង្រឹងសម្ពន្ធភាពយោធាឱ្យបានកាន់តែជិតស្និទ្ធបន្ថែមទៀត នៅចំពេលដែលមានភាពស្រពិចស្រពិលនៅក្នុងតំបន់ទាក់ទិននឹងភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
សមយុទ្ធដែលមានឈ្មោះថា KAMANDAG ដែលជាអក្សរកាត់ភាសាហ្វីលីពីនដែលមានន័យថា «កិច្ចសហប្រតិបត្តិការអ្នកចម្បាំងនៅសមុទ្រ» នឹងធ្វើរហូតដល់ថ្ងៃទី ១៤ ខែតុលាខាងមុខ។
សមយុទ្ធនេះនឹងមានការចូលរួមពីទាហានអាមេរិកាំង ២.៥៥០ នាក់និងទាហានហ្វីលីពីន ៥៣០ នាក់ ហើយនឹងមានការហ្វឹកហាត់ការចូលចតនៅលើកោះរបស់នាវាដឹករថក្រោះនិងកងទ័ព ការបាញ់គ្រាប់ពិត និងការហ្វឹកហាត់បែបជំនួយមនុស្សធម៌ផងដែរ។
សម្ពន្ធមិត្តរបស់សហរដ្ឋអាមេរិកដូចជាប្រទេសជប៉ុននិងកូរ៉េខាងត្បូងជាដើមនឹងចូលរួមនៅក្នុងសមយុទ្ធនេះក្នុងនាមជាអ្នកសង្កេតការណ៍។
ប្រទេសហ្វីលីពីននិងសហរដ្ឋអាមេរិកដែលចងសម្ពន្ធជាមួយគ្នាដោយសន្ធិសញ្ញាការពារទៅវិញទៅមកក្នុងរយៈពេល ៧០ ឆ្នាំកន្លងមកនេះ បានធ្វើសមយុទ្ធយោធារួមគ្នានានាអស់រយៈពេលរាប់ទសវត្សរ៍មកហើយ៕