បេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតប្រធានាធិបតីហ្វីលីពីនអះអាងថា ពួកគេនឹងអនុវត្តសេចក្តីសម្រេចរបស់តុលាការអន្តរជាតិឆ្នាំ ២០១៦ ដែលបានធ្វើមោឃភាពលើការទាមទារដ៏ធំធេងរបស់រដ្ឋាភិបាលចិន ក្នុងការកាន់កាប់ដែនដីនៅតំបន់សមុទ្រ ដែលសម្បូរទៅដោយធនធាន ប្រសិនបើពួកគេត្រូវបានជ្រើសតាំងជាប្រធានាធិបតី។
ក៏ប៉ុន្តែបេក្ខជនកំពុងនាំមុខគេគឺលោក Ferdinand “Bongbong” Marcos Jr. ដែលជាកូនប្រុសរបស់អតីតមេដឹកនាំផ្តាច់ការនៅហ្វីលីពីន នៅតែប្រកាន់ជំហររាក់ទាក់ជាមួយចិន។ អ្នកវិភាគមួយចំនួននិយាយថា លោក Marcos Jr. ទំនងនឹងបន្តគោលនយោបាយដែលមានទំនោរទៅរកចិនរបស់លោកប្រធានាធិបតី Rodrigo Duterte តទៅទៀត បើសិនជាលោកជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីន នាអាណត្តិថ្មីនេះ។
នៅក្នុងវេទិកាតស៊ូមតិរបស់បេក្ខជនប្រធានាធិបតីដែលបានធ្វើឡើងក្នុងខែមេសា បេក្ខជនប្រធានាធិបតីនានានិយាយថា ហ្វីលីពីនត្រូវតតាំងនឹងគោលការណ៍ពង្រីកខ្លួនផ្នែកយោធារបស់រដ្ឋាភិបាលចិននៅតំបន់សមុទ្រហ្វីលីពីនខាងលិច ដែលជាឈ្មោះមួយប្រើជំនួសឲ្យតំបន់សមុទ្រចិនខាងត្បូង នៅក្នុងតំបន់សេដ្ឋកិច្ចរបស់ហ្វីលីពីន។
គោលជំហររបស់ពួកគេគឺផ្ទុយស្រឡះពីទំនោរងាកទៅរកចិនរបស់លោក Duterte ដែលលោកបានមិនអើពើនឹងសាលដីកាដ៏សំខាន់មួយកាលពីឆ្នាំ ២០១៦ ដោយតុលាការអន្តរជាតិទីក្រុងឡាអេ (Permanent Court of Arbitration in The Hague) នៅប្រទេសហូឡង់ ដើម្បីទទួលបានជំនួយអភិវឌ្ឍន៍មួយចំនួនពីរដ្ឋាភិបាលចិន។
ចិន ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ព្រុយណេ និងតៃវ៉ាន់ បានទាមទារស្រដៀងគ្នាក្នុងការកាន់កាប់តំបន់នានានៃសមុទ្រចិនខាងត្បូង ដែលសម្បូរទៅដោយធនធាន និងដែលដើរតួដ៏សំខាន់នៅក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិ។
អ្នកស្រីអនុប្រធានាធិបតី Leni Robredo ដែលជាបេក្ខជនឈានមុខគេទី ២ បន្ទាប់ពីលោក Marcos នៅក្នុងការស្ទង់មតិការពេញចិត្តជ្រើសរើសជាប្រធានាធិបតី និយាយថា ហ្វីលីពីនត្រូវដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន ដើម្បីសម្រេចឲ្យបាននូវក្រមប្រតិបត្តិអាស៊ាន-ចិន ដែលកំពុងជាប់គាំង និងដែលត្រូវបានយល់ឃើញភាគច្រើនថាជាកិច្ចប្រឹងប្រែងដើម្បីរំសាយភាពតានតឹងនៅតំបន់សមុទ្រចិនខាងត្បូង។
អ្នកស្រី Robredo បាននិយាយអំឡុងពេលការតស៊ូមតិថា៖ «ជាការលំបាកមួយក្នុងការបង្កើតក្រមប្រតិបត្តិ ដោយសារតែបណ្តាប្រទេសដទៃទៀតគឺតែងតែប្រឆាំង។ ប៉ុន្តែខ្ញុំគិតថា ហ្វីលីពីនត្រូវដឹកនាំនៅក្នុងបរិបទនេះ ពីព្រោះយើងមានសាលដីកាពីតុលាការអន្តរជាតិ»។
អ្នកស្រីបានបន្ថែមថា៖ «យើងត្រូវការយកសេចក្តីសម្រេចនេះ ដើម្បីបញ្ចុះបញ្ចូលប្រទេសជិតខាងយើងក្នុងសមាគមអាស៊ានឲ្យបន្តធ្វើការតស៊ូទាមទារក្នុងរឿងនេះ»។
ហ្វីលីពីនបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងចិនទៅកាន់តុលាការអន្តរជាតិក្នុងអាណត្តិរបស់ប្រធានាធិបតីមុនលោក Duterte គឺលោក Benigno Aquino III ដែលបានទទួលមរណភាព ប៉ុន្តែរដ្ឋាភិបាលចិនមិនចូលរួមក្នុងសវនាការនោះទេ។ ហ្វីលីពីនបានឈ្នះក្តីក្នុងពាក្យបណ្តឹងនេះ ដែលត្រូវបានចាត់ទុកថាជា ភស្តុតាងគាំទ្រសំខាន់មួយសម្រាប់បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ដទៃទៀត ស្របពេលជ័យជម្នះនេះបានពណ៌នាសណ្តាប់ធ្នាប់ ដោយផ្អែកលើគោលការណ៍មួយនៅតំបន់ដែនទឹកដែលមានជម្លោះ។
ជាជាងការអនុវត្តសេចក្តីសម្រេចរបស់តុលាការអន្តរជាតិទីក្រុងឡាអេ លោក Duterte បានច្រានចោលការឈ្នះក្តីនេះ ដោយហៅសេចក្តីសម្រេចនោះថា «គ្រាន់តែជាក្រដាសមួយសន្លឹកប៉ុណ្ណោះ»។
ស្របពេលដូចគ្នានេះដែរ កាលកំណត់ក្នុងការបង្កើតក្រមប្រតិបត្តិអាស៊ាន-ចិន នឹងទំនងជាត្រូវខកខាន ដោយសារការខ្វែងគំនិតគ្នា នៅក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ និងវិបត្តិជំងឺកូវីដ១៩។
ដោយបង្ហាញភាពតឹងចិត្តនឹងកង្វះការគាំទ្រពីសមាគមអាស៊ាន ចៅហ្វាយក្រុងម៉ានីលលោក Isko Moreno ដែលជាបេក្ខជនប្រធានាធិបតីមួយរូបផងដែរ និយាយថា លោកនឹងទៅមហាសន្និបាតរបស់អង្គការសហប្រជាជាតិ ដើម្បីស្នើសុំបណ្តាប្រទេសសមាជិកឲ្យទទួលស្គាល់ការឈ្នះក្តីរបស់រដ្ឋាភិបាលក្រុងម៉ានីល ប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំង ប្រសិនបើលោកជាប់ឆ្នោត។
លោកបានថ្លែងថា៖ «បោះឆ្នោតឲ្យខ្ញុំធ្វើជាប្រធានាធិបតី ហើយខ្ញុំនឹងធានាថា ប្រទេសសមាជិកមហាសន្និបាតអង្គការសហប្រជាជាតិនឹងទទួលស្គាល់សាលដីការបស់តុលាការក្រុងឡាអេ។ ជាពេលវេលាសម្រាប់ពួកយើងនៅក្នុងការទៅកាន់វេទិកាត្រឹមត្រូវមួយ ពីព្រោះប្រទេសជិតខាងយើងមានផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គេ»។
គោលជំហររបស់លោក Moreno គឺស្រដៀងនឹងគោលជំហររបស់អតីតរដ្ឋមន្រ្តីការបរទេសលោក Albert del Rosario ដែលជំរុញឲ្យរដ្ឋាភិបាលលោក Duterte «បង្ហាញអំណះអំណាងមួយទៅកាន់អង្គការសហប្រជាជាតិ ដើម្បីធានាថា សិទ្ធិគឺ ធំធេង ហើយនីតិរដ្ឋត្រូវតែគោរពតាម»។
នៅក្នុងការតស៊ូមតិនិងបទសម្ភាសន៍ពីពេលមុន បេក្ខជនប្រធានាធិបតីនានា ក៏បានបង្ហាញការបើកចំហចំពោះការរុករកប្រេងរួមគ្នាជាមួយចិន និងបណ្តាប្រទេសដទៃទៀត ក្រោមលក្ខខណ្ឌមួយចំនួន។ អ្នកស្រី Robredo និយាយថា អ្នកស្រីនឹងធ្វើការព្រមព្រៀង ដរាបណារដ្ឋាភិបាលក្រុងប៉េកាំងទទួលស្គាល់សេចក្តីសម្រេចរបស់តុលាការក្រុងឡាអេ ស្របពេលដែលបេក្ខជនប្រធានាធិបតីមួយរូបទៀតគឺ សមាជិកសភាលោក Ping Lacson និយាយថា មានការបែងចែកភាគលាភ គឺត្រូវតែមានរវាង ៦០ និង ៤០ ភាគរយ ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញហ្វីលីពីន។
នៅក្នុងចំណោមបេក្ខជនប្រធានាធិបតី លោក Marcos ត្រូវបានយល់ឃើញថាជាបេក្ខជនភាពទំនោរទៅចិនច្រើនជាងគេ ដែលនឹងបន្តគោលនយោបាយ «សម្របតាមបែបយុទ្ធសាស្រ្ត» របស់លោក Duterte ហើយនាំយកហ្វីលីពីនកាន់តែកៀកនឹងរដ្ឋាភិបាលចិន។
លោក Richard Heydarian អ្នកសង្កេតការណ៍តំបន់សមុទ្រចិនខាងត្បូង និងសាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ បានប្រាប់វីអូអេ ដោយសំដៅទៅវិមាន Malacañang ដែលជាវិមានប្រធានាធិបតីហ្វីលីពីនថា៖ «លោក Ferdinand “Bongbong” Marcos, Jr. គឺជាបេក្ខជនតែមួយរូបគត់ ដែលបានបង្ហាញពីទំនោរនៅក្នុងការបន្តសឹងតែមួយរយភាគរយលើគោលនយោបាយរបស់ប្រធានាធិបតីកាន់អំណាចនាពេលបច្ចុប្បន្ននៅវិមាន Malacañang ដែលគាំទ្រចិន»។
លោកបានថ្លែងថា៖ «ដូច្នេះ ប្រសិនបើនៅក្រោមការដឹកនាំរបស់លោក Bongbong Marco យើងអាចរំពឹងពីការបន្តគោលនយោបាយនេះ ហើយខ្ញុំថែមទាំងរំពឹងពីការដាក់បញ្ចូលគោលនយោបាយការបរទេសដែលមានទំនោរទៅចិនផងដែរ ដែលនេះសបញ្ជាក់ពីទំនាក់ទំនងមិនសូវល្អប៉ុន្មានជាមួយសហរដ្ឋអាមេរិក និងគ្មានការប្រែប្រួលធំធេងណាមួយ ចំពោះទាមទាររបស់ហ្វីលីពីននៅតំបន់សមុទ្រចិនខាងត្បូង»។
លោក Marcos ធ្លាប់បានគេចវេសពីការតស៊ូមតិរៀបចំដោយគណៈកម្មាការលើការបោះឆ្នោតនិងបណ្តាញផ្សព្វផ្សាយព័ត៌មានឯករាជ្យ ប៉ុន្តែលោកបានបង្ហាញពីគោលជំហររបស់លោកជុំវិញតំបន់សមុទ្រចិនខាងត្បូង តាមរយៈបទសម្ភាសន៍មួយចំនួន។
លោក Heydarian បាននិយាយថា៖ «ជាទូទៅ អ្វីដែលយើងនឹងឃើញគឺ គោលការណ៍សម្របបែបយុទ្ធសាស្រ្តមួយ ក្រោមការដឹកនាំជាប្រធានាធិបតីរបស់លោក Bongbong Marcos»។
នៅក្នុងការដោះស្រាយផ្សេងៗជាមួយ «មិត្ត» ចិន លោក Marcos ហាក់ដូចជាទុកដោយឡែកនូវសេចក្តីសម្រេចរបស់តុលាការ និងងាកមករកការពិភាក្សាទ្វេភាគីជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីបញ្ចៀសពីការធ្វើសង្រ្គាមជាមួយប្រទេសមហាអំណាចនៅអាស៊ីមួយនេះ ដែលនេះគឺដូចទៅនឹងគោលការណ៍របស់លោក Duterte ផងដែរ។
លោកធ្លាប់បានប្រាប់ទៅពិធីករកម្មវិធីជជែកកម្សាន្តដ៏ល្បីឈ្មោះមួយកាលពីខែមករាថា៖ «សាលដីកានោះលែងជាសាលដីកាប្រសិនបើមានភាគីតែមួយចូលរួម។ ដូចនេះគឺ លែងមាន [ប្រសិទ្ធភាព] សម្រាប់យើងតទៅទៀតហើយ»។
លោក Marcos ក៏បានលើកឡើងថា លោកក៏នឹងមិនសុំជំនួយពីសហរដ្ឋអាមេរិកក្នុងការដោះស្រាយបញ្ហាជាមួយចិននោះទេ។ ហ្វីលីពីននិងសហរដ្ឋអាមេរិក គឺជា សម្ព័ន្ធមិត្តជាប់សន្ធិសញ្ញានឹងគ្នា។
នៅពេលសួរថា តើលោកនឹងសុំជំនួយពីសហរដ្ឋអាមេរិកក្នុងការដោះស្រាយជាមួយចិនឬទេ លោកបានថ្លែងថា៖ «ទេ។ បញ្ហាគឺរវាងចិននិងយើង។ ប្រសិនបើសហរដ្ឋអាមេរិកចូលមក គឺមានទំនោរនឹងបរាជ័យ ដោយសារតែយើងដាក់តួអង្គចម្បងទាំងពីរជាមួយគ្នា»។
នៅក្នុងបទសម្ភាសន៍ដដែល លោក Marcos បានពណ៌នាអ្នកបម្រើការនៅស្ថានទូតចិននៅក្រុងម៉ានីលថាជា មិត្តភក្តិរបស់លោក។ ប៉ុន្មានសប្តាហ៍បន្ទាប់ពីការដាក់ពាក្យធ្វើជាបេក្ខជនប្រធានាធិបតី លោក Marcos បានហៅទូរសព្ទក្នុងបែបផែនជាការរាក់ទាក់មួយទៅកាន់ឯកអគ្គរដ្ឋទូតចិនប្រចាំហ្វីលីពីនលោក Huang Xilian។
លោក Jay Batongbacal សាស្រ្តាចារ្យនិងនាយកវិទ្យាស្ថានកិច្ចការសមុទ្រអន្តរជាតិនិងច្បាប់ដែនសមុទ្រនៃសាកលវិទ្យាល័យហ្វីលីពីន បានព្រមានថា ហ្វីលីពីនមិនអាចដោះស្រាយបញ្ហាជាមួយចិនប្រកបដោយប្រសិទ្ធភាពនោះទេ បើគ្មានជំនួយពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសដទៃទៀត។
លោកបានថ្លែងប្រាប់វីអូអេថា៖ «ដោយមិនមានជំនួយពីនរណាម្នាក់ ដែលខ្ញុំចង់មានន័យថា មិនត្រឹមតែសហរដ្ឋអាមេរិកប៉ុណ្ណោះទេ វាគឺជារឿងប្រាកដប្រជាមួយ [ដែលការដោះស្រាយមិនអាចទៅរួច]។ ហ្វីលីពីនជាប្រទេសតូចមួយ បើធៀបនឹងចិន តាមភូមិសាស្រ្ត ឬប្រជាសាស្រ្ត ឬយោធា ឬតាមបែបផែននៃការវាស់វែងណាមួយ។ ដូច្នេះ ការដោះស្រាយ ឬការចរចាណាមួយរវាងភាគីទាំងពីរនឹងជាការចរចាមួយដែលមិនមានសមភាព»។
លោកបានបន្ថែមថា៖ «នេះជាហេតុផលដែលយើងមិនគួរនិយាយថា យើងមិនត្រូវការជំនួយពីប្រទេសណាមួយ មិនត្រឹមតែសហរដ្ឋអាមេរិកនោះទេ ក្នុងការដោះស្រាយបញ្ហាផ្សេងៗជាមួយចិន ដែលនឹងកើតមានឡើងចេញពីជម្លោះនោះ»។
ជម្លោះសមុទ្រចិនខាងត្បូង គឺជាបញ្ហាធំមួយដែលពាក់ព័ន្ធនឹងការបោះឆ្នោតនៅហ្វីលីពីន ស្របពេលរដ្ឋាភិបាលចិន បន្តការពង្រីកផ្នែកយោធាយ៉ាងគឃ្លើននៅតំបន់កោះមានជម្លោះនៅដែនសមុទ្រនោះ។ ឆ្នាំសមុទ្រនិងនាវាជើងទឹកចិនធ្លាប់បានបំពានលើទូកនេសាទហ្វីលីពីននៅតំបន់សមុទ្រហ្វីលីពីនខាងលិចក្នុងដែនទឹករបស់ហ្វីលីពីនផងដែរ។
អំឡុងពេលអាណត្តិរបស់លោក Duterte ឧប្បត្តិហេតុដ៏គួរឲ្យកត់សម្គាល់ជាងគេបង្អស់មួយគឺហេតុការណ៍ Recto Bank កាលពីឆ្នាំ ២០១៩ នៅពេលដែលនាវាចិនបានពន្លិចទូកនេសាទហ្វីលីពីនដែលមានអ្នកនេសាទចំនួន ២២នាក់។ ការស៊ើបអង្កេតរកឃើញថា នាវាចិនបានបុកទូកនេសាទហ្វីលីពីន និងបានបោះបង់ចោលអ្នកនេសាទទាំងនោះ នៅពេលដែលទូកនោះលិច ដែលនេះជាការរំលោភបំពានច្បាប់ដែនទឹក។
ការស្ទង់មតិឆ្នាំ ២០២០ បង្ហាញថា ជំនឿទុកចិត្តរបស់ពលរដ្ឋហ្វីលីពីនមកលើចិនបានធ្លាក់ពីកម្រិត «ទាប» មក «អាក្រក់» ដោយអត្រាជំនឿទុកចិត្តបានធ្លាក់រហូតដល់ -៣៦៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា