អ្នកស្រី Maria Ressa នាយិកានៃគេហទំព័រព័ត៌មានហ្វីលីពីនមួយដែលត្រូវបានគេដឹងថារងការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីប្រធានាធិបតី Rodrigo Duterte បដិសេធទទួលទោសកាលពីថ្ងៃទី១៥ខែធ្នូ លើសំណុំរឿងបង្ខូចកេរ្តិ៍ឈ្មោះតាមអ៊ិនធឺណេតទីពីរដែលអ្នកស្រីកំពុងប្រឈម។ អ្នកស្រីនិយាយថាការចោទប្រកាន់លើអ្នកស្រីគឺជារឿងគួរឲ្យអស់សំណើច។
អ្នកស្រី Ressa ដែលបានជាប់ជាមនុស្សប្រចាំឆ្នាំកាលពីឆ្នាំ២០១៨លើទស្សនាវដ្តី Time Magazine បានប្រឈមនឹងពាក្យបណ្តឹងជាច្រើនដែលអ្នកស្រីនិយាយថាគឺជាការបំភិតបំភ័យលើអ្នកស្រីនិងអ្នកសារព័ត៌មានផ្សេងទៀត ក្នុងប្រទេសមួយដែលត្រូវបានគេស្គាល់ពីមុនថាបានគាំទ្រសេរីភាពសារព័ត៌មាន។
អ្នកស្រី Ressa នាយិកាប្រតិបត្តិនៃសារព័ត៌មាន Rappler បានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅតុលាការក្នុងរដ្ឋធានីម៉ានីលថា៖ «ខ្ញុំនឹងតតាំងក្តីរហូតដល់ទីបញ្ចប់ ហើយយើងនឹងទទួលជ័យជម្នះ ដោយសារតែវាមិនសមហេតុផល។»
ទីប្រឹក្សារបស់អ្នកស្រីRessa លោក Theodore Te បាននិយាយថាពួកគេបានយល់ស្របជាមួយនឹងសវនាការដែលមានលក្ខ័ខណ្ឌមួយ នៅពេលដែលកំពុងរង់ចាំសេចក្តីសម្រេចលើការស្នើទម្លាក់ចោលបទចោទប្រកាន់នានា។
អ្នកជំនួញម្នាក់គឺលោក Wilfredo Keng បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងអ្នកស្រី Ressaពីបទបរិហារកេរ្តិ៍តាមអនឡាញថ្មី ដោយចោទប្រកាន់អ្នកស្រីថាបានចែករំលែក រូបថតអត្ថបទមួយកាលពីឆ្នាំ ២០០២ដែលភ្ជាប់លោកនឹងរបាយការណ៍ឧក្រិដ្ឋកម្មមួយ។ មេធាវីរបស់លោក Keng មិនបាននិយាយជាមួយអ្នកសារព័ត៌មានទេបន្ទាប់ពីសវនាការនោះ។
កាលពីខែមិថុនា អ្នកស្រី Ressa ត្រូវបានផ្តន្ទាទោសពីបទប្រមាថ ដោយសារអត្ថបទមួយកាលពីឆ្នាំ២០១២ ដែលភ្ជាប់លោក Keng ជាមួយនឹងសកម្មភាពខុសច្បាប់ជាច្រើន។ លោកស្រីប្រឈមមុខនឹងការជាប់គុករយ:ពេល៦ឆ្នាំ តែកំពុងដាក់ពាក្យប្តឹងឧទ្ធរណ៍ចំពោះការផ្តន្ទាទោស។
អ្នកស្រី Ressa ក៏កំពុងប្រឈមមុខនឹងសំណុំរឿងមួយចំនួនទៀត រួមមានបទល្មើសពន្ធដារ និងការរំលោភលើច្បាប់កម្មសិទ្ធិជនបរទេសនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។
អ្នកស្រីបាននិយាយថាសំណុំរឿងទាំងនោះគឺជាទម្រង់នៃការយាយីមួយដោយសារតែការរាយការណ៍ព័ត៌មានសំខាន់ៗនៅលើគេហទំព័រព័ត៌មានរបស់អ្នកស្រី អំពីសង្រ្គាមបង្ហូរឈាមប្រឆាំងនឹងថ្នាំញៀនរបស់លោក Duterte ក្នុងអំឡុងពេលដែលមានអ្នកចែកចាយគ្រឿងញៀននិងអ្នកប្រើប្រាស់ដែលជាជនសង្ស័យច្រើនជាង៥,៩០០នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀន។
លោកDuterte បានរិះគន់ទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយពីរបាយការណ៍រិះគន់ស្តីពីការរំលោភសិទ្ធិដែលត្រូវបានចោទប្រកាន់នៅក្នុងយុទ្ធនាការ។
កាលពីខែកក្កដា សមាជិកសភាដែលមានសម្ព័ន្ធមិត្តជាមួយនឹងប្រធានាធិបតីបានបដិសេធការស្នើសុំបន្តសិទ្ធិធ្វើអាជីវកម្មរួមគ្នាតាមរយ:សភារបស់ក្រុមហ៊ុនផ្សព្វផ្សាយ ABS-CBN Corp ដ៏ធំ ដែលក្រុមហ៊ុននោះបានធ្វើឲ្យលោក Duterte ខឹងផងដែរ។
ជាលទ្ធផល ក្រុមហ៊ុនផ្សព្វផ្សាយដ៏ធំបំផុតរបស់ប្រទេសនេះបានបិទស្ថានីយ៍វិទ្យុ បិទការិយាល័យតាមបណ្តាខេត្ត និងបញ្ឈប់បុគ្គលិករាប់ពាន់នាក់៕
ប្រែសម្រួលដោយកញ្ញា ទុំ ម្លិះ