ញត្តិ​មួយ​កំពុង​ផ្សព្វផ្សាយ​នៅ​ម៉ិកស៊ិក​ដើម្បី​សម្រេច​លើ​ការ​យក​អតីត​ប្រធានាធិបតី​ទៅ​កាត់​ទោស​ពី​បទ​ពុករលួយ​ឬ​ទេ

ស្ត្រី​ម្នាក់​ពាក់​ម៉ាស​ដែល​មាន​សរសេរ​ជា​ភាសា​អេស្ប៉ាញ​ថា «AMLO ​ចាកចេញ​ហើយ» នៅ​ក្នុង​ការ​តវ៉ា​មួយ​ទាមទារ​ឱ្យ​លោក​ប្រធានាធិបតី Andres Manuel Lopez Obrador​ ចុះ​ចេញ​ពី​តំណែង​ពី​តំណែង កាលពី​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។

ញត្តិ​មួយ​កំពុង​ត្រូវ​គេ​ផ្សព្វផ្សាយ​នៅ​ប្រទេ​ស​ម៉ិកស៊ិក​ដើម្បី​សម្រេច​ថា​តើ​ត្រូវ​ធ្វើ​ប្រជាមតិ​មួយ​លើ​ការ​យក​អតីត​ប្រធានាធិបតី​ទៅ​កាត់​ទោស​ពី​បទ​ប្រព្រឹត្តិ​អំពើ​ពុករលួយ​ឬ​យ៉ាងណា។

ក្នុង​អំឡុងពេល​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ លោក​ប្រធានាធិបតី Andres Manuel Lopez Obrador ដែល​បាន​ចោទ​ប្រកាន់​រដ្ឋបាល​មុនៗ​ពី​បទពុករលួយ​បាន​ថ្លែង​ថា​ ការ​ធ្វើ​ប្រជាមតិ​មួយអាច​នឹង​ធ្វើ​ឡើង​ស្រប​ពេល​ដែល​រៀបចំ​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​របស់​សភាជាតិ​នៅ​ខែ​មិថុនា​ខាងមុខ។

លោក Lopez Obrador ថ្លែង​ថា ​វា​មិនមែន​ជា​រឿង​តូចតាច​ទេ​ដែល​ត្រូវ​យក​ប្រធានាធិបតី​មុនៗ​មក​កាត់ទោស​ ដោយ​លោក​រៀបរាប់​ថា ​វា​គឺជា​រឿង​ប្រវត្តិសាស្ត្រ​មួយ។

ក្រុម​អ្នក​រិះគន់​បាន​ចោទ​ប្រកាន់​លោក​ Lopez Obrador ​ថា​កំពុង​ប្រើប្រាស់​ការ​ចោទប្រកាន់​ពី​អំពើ​ពុករលួយ​ដាក់​អតីត​ប្រធានាធិបតី​ Enrique Pena Nieto ​និង​លោក​ Felipe Calderon ​ដើម្បី​បង្វែរ​ការ​ចាប់​អារម្មណ៍​ពី​រដ្ឋបាល​របស់​លោក​ដែល​ដោះស្រាយ​មិន​បាន​ល្អ​ដើម្បី​កាត់​បន្ថយ​ឧក្រិដ្ឋកម្ម​ឃោរឃៅ និង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩។

លោក​ Emilio Lozoya ​អតីត​នាយកប្រតិបត្តិ​ក្រុមហ៊ុន​ប្រេង​ Pemex របស់​រដ្ឋ​បាន​ចោទប្រកាន់​អតីត​ប្រធានាធិបតី លោក​ Felipe Calderon ​និង​លោក​ Enrique Pena Nieto ​ពី​បទ​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវ​ស៊ីសំណូក​សូកប៉ាន់។​

លោក ​Calderon ​បាន​បដិសេធ​ការ​ចោទប្រកាន់​ ហើយ​លោក​ Pena Nieto ​មិន​បាន​និយាយ​អ្វី ទាំងអស់​ជា​សាធារណៈ​ពី​ការ​ចោទ​ប្រកាន់​នេះ​ទេ។​

ក្នុង​ពេល​ជាមួយ​គ្នា​នេះដែរ​លោក Lozoya កំពុង​រង់ចាំ​ការកាត់​ក្តី​ពី​បទ​សូកប៉ាន់​ និង​លាងលុយ​កខ្វក់៕