លោក Pete Buttigieg ចាកចេញ​ពី​ការ​ប្រកួត​បេក្ខភាព​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ

លោក Pete Buttigieg ថ្លែង​ទៅ​កាន់​សមាជិក​សារព័ត៌មាន កាលពី​ថ្ងៃទី១ ខែមីនា ឆ្នាំ២០២០។

លោក Pete Buttigieg បាន​ចាកចេញ​ពី​ការ​ប្រជែង​បេក្ខភាព​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។

ដោយ​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ លោក Bittigieg ដែល​ជា​អតីត​អភិបាល​ក្រុង South Bend រដ្ឋ Indianna បាន​និយាយ​ថា លោក​បាន​ធ្វើ​ការ «សម្រេចចិត្ត​យ៉ាង​លំបាក‍» នៅ​ក្នុង​ការ​ចាកចេញ​ពី​ការ​ប្រកួត​នេះ។

លោក​មិន​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​បេក្ខជន​ណា​មួយ​ដែល​ចូលរួម​នៅ​ក្នុង​ប្រកួត​នោះ​ទេ ប៉ុន្តែ​លោក​បាន​សន្យា​ថា​នឹង​ធ្វើ «អ្វីៗ​ទាំង​អស់​ដែល​លោក​អាច​ធ្វើ​បាន‍» ដើម្បី​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​កាន់កាប់​សេតវិមាន​ប្រធានាធិបតី​នៅ​ខែ​មករា​ឆ្នាំ​ក្រោយ។

លោក Buttigieg គឺ​ជា​បេក្ខជន​ប្រជែង​តំណែង​ប្រធានាធិបតី​ដំបូង​បង្អស់​ដែល​ប្រកាស​ខ្លួន​ជា​សាធារណៈ​ថា​ជា​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា។ លោក​បាន​និយាយ​ថា លោក​សង្ឃឹម​ថា​នឹង​បញ្ជូន​សារ​ទៅ​កាន់​ក្មេងៗ​ដែល​គេ​ចាត់​ទុក​ថា «ខុស​ពី​គេ​ឯង‍» ដោយ​បង្ហាញ​ឲ្យ​ពួកគេ​ឃើញ​ថា ពួកគេ​អាច​ក្លាយជា​បេក្ខជន​នាំ​មុខ​មួយ​រូប​បាន​នៅ​ក្នុង​ការ​ប្រជែង​បេក្ខភាព​ប្រធានាធិបតី។

លទ្ធផល​នៃ​ការ​ប្រជែង​បេក្ខភាព​ប្រធានាធិបតី​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​រដ្ឋ South Carolina កាល​ពី​ថ្ងៃ​សៅរ៍ ដែល​ជា​ការ​បោះ​ឆ្នោត​លើក​ទី ៤ បន្ទាប់ពី​ការ​បោះ​ឆ្នោត​ស្រដៀង​គ្នា​នេះ​ដែរ​នៅ​រដ្ឋ ៣ ផ្សេង​ទៀត បាន​ធ្វើ​ឲ្យ​លោក Buttigieg ខក​ចិត្ត ដោយសារ​លោក​មិន​ទទួល​បាន​គណៈប្រតិភូ​ណា​មួយ​ទេ។

យុទ្ធនាការ​របស់​លោក Buttigieg បាន​ចាប់ផ្ដើម​យ៉ាង​ល្អ​ដោយ​លោក​បាន​នាំ​មុខ​គេ​យ៉ាង​ប្រកៀក​ប្រកិត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​រដ្ឋ Iowa និង​បាន​ចំណាត់ថ្នាក់​ទី ២ នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​រដ្ឋ New Hampshire។

ប៉ុន្តែ​ក្រោយ​មក លោក​ពិបាក​ប្រជែង​ជាមួយ​នឹង​លោក Joe Biden នៅ​ក្នុង​ទាក់ទាញ​ការ​គាំទ្រ​ពី​អ្នក​បោះ​ឆ្នោត​កណ្ដាល​និយម ដោយ​ធ្វើ​ឲ្យ​លោក Biden ឈ្នះ​នៅ​ក្នុង​រដ្ឋ Souht Carolina។ លោក Biden គឺ​ជា​បេក្ខជន​ដែល​មាន​ការ​គាំទ្រ​ខ្លាំងក្លា​ជាង​លោក Buttigiegក្នុង​ចំណោម​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក៕