យន្តហោះ Lion Air មួយគ្រឿងដែលមានអ្នកជិះ ១៨៩ នាក់ បានធ្លាក់ចូលទៅក្នុងសមុទ្រក្នុងរយៈពេលតែ ១៣ នាទីប៉ុណ្ណោះ បន្ទាប់ពីបានហោះចេញពីទីក្រុងហ្សាការតាមក។ នេះបើតាមការបញ្ជាក់របស់ទីភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូណេស៊ី។
លោក Sutopo Purwo អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូណេស៊ី បានបង្ហោះរូបបំណែកបាក់បែកនានានៅលើ Twitter ដែលក្នុងនោះមានដូចជាទូរស័ព្ទ smartphone សៀវភៅ កាបូប និងបំបែកតួយន្តហោះ ដែលក្រុមជួយសង្គ្រោះប្រមូលបាន។
លោកបានបញ្ជាក់ថា ក្នុងចំណោមអ្នកធ្វើដំណើរទាំងអស់ មានកុមារម្នាក់ និងទារកពីរនាក់។
ទីភ្នាក់ងារស្រាវជ្រាវ និងជួយសង្គ្រោះរបស់ឥណ្ឌូណេស៊ីបានបញ្ជូនអ្នកមុជទឹកមួយចំនួនទៅស្វែងរកតួយន្តហោះចម្បងដែលបានធ្លាក់ចូលសមុទ្រនៅភាគខាងជើងនៃកោះជ្វា។
មន្ត្រីទីភ្នាក់ងារនេះបានប៉ាន់ប្រមាណថា ប្រហែលជាគ្មានអ្នកនៅរស់រានមានជីវិតពីការធ្លាក់យន្តហោះនេះទេ។
យន្តហោះនេះធ្លាក់ចូលសមុទ្រក្នុងជម្រៅប្រហែលពី ៣០ ទៅ ៣៥ ម៉ែត្រ។ ក្រុមជួយសង្គ្រោះបានបញ្ជាក់ថា ពួកគេបានរកឃើញសាកសពមនុស្សមួយចំនួនពីកន្លែងធ្លាក់យន្តហោះនោះ ដែលមានចម្ងាយប្រមាណ ១៥ គីឡូម៉ែត្រពីមាត់សមុទ្រ។
យន្តហោះ Linon Air Flight JT 610 នេះ បានចេញដំណើរនៅម៉ោងប្រហែល ៦:២០ នាទីព្រឹក និងគ្រោងនឹងចុះចតនៅខេត្ត Bangka-Belitung នៅម៉ោង ៧:២០ ព្រឹក។ នេះបើយោងតាមវិបសាយ Flighttradar 24៕