ស.រ.អាបាននិយាយកាលពីយប់ថ្ងៃសុក្រថា ខ្លួនកំពុងដកកងកម្លាំងដោយមានរបៀបរៀបរយចេញពីប៉ែកឦសាននៃប្រទេសស៊ីរីដែលមានទាក់ទិននឹងការប្រយុទ្ធប្រឆាំងនឹងពួកភេរវជនរដ្ឋឥស្លាម។
លោកវរនាវីទោ Sean Robertson អ្នកនាំពាក្យនៃក្រសួងការពារប្រទេសស.រ.អាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចប្រតិបត្តិការ Inherent Resolve កំពុងអនុវត្តការដកថយតាមរយ:ផែនការមួយត្រូវសម្របសម្រួលនៅទូទាំងរដ្ឋាភិបាលស.រ.អា។
លោក Robertson បាននិយាយបន្ថែមថា៖ «ការដកនេះផ្អែកលើស្ថានភាពនៃកិច្ចប្រតិបត្តិការនៅនឹងកន្លែង ដោយមានរួមបញ្ចូលការសន្ទនាជាមួយសម្ព័ន្ធមិត្តនិងដៃគូយើងហើយមិនមែនតម្រូវតាមការកំណត់ពេលវេលាតាមអំពើចិត្តទេ។ស.រ.អានៅតែបន្តផ្តល់ការគាំទ្រដល់កិច្ចប្រតិបត្តិការរបស់ក្រុមចម្រុះនៅក្នុងប្រទេសស៊ីរីនៅពេលដែលដកពួកទាហានតាមវិធីដែលបានគិតទុកជាមុន និងមានការសម្របសម្រួលដើម្បីធ្វើឱ្យប្រាកដប្រជាថាមានសុវត្ថិភាពនិងមានកិច្ចការពារដល់កងកម្លាំងស.រ.អាក្នុងគោលបំណងធ្វើឱ្យមានសន្តិសុខដល់កិច្ចប្រតិបត្តិការនេះ យើងនឹងមិនពិភាក្សាអំពីចលនាក្រុមទាហានឬពេលវេលាជាក់លាក់ទេ»។
កាលពីពេលមុននេះ កាលពីព្រឹកថ្ងៃសុក្រ ស.រ.អាបានបដិសេធថា ខ្លួនមិនបានដកពួកទាហានពីប្រទេសស៊ីរីទេ។ មន្ត្រីម្នាក់នៃក្រសួងការពារប្រទេសអាមេរិកបាននិយាយប្រាប់ VOAថា «យើងដកគ្រឿងសម្ភារៈ មិនមែនដកទាហានទេ» ដោយពណ៌នាអំពីដំណាក់កាលដំបូងនៃការដកនេះ៕