ក្រសួងការពារជាតិស.រ.អាបានបញ្ជាក់ថា វាជាការពិតទាក់ទិននឹងការវាយប្រហារតាមអាកាសមួយដោយក្រុមចម្រុះដឹកនាំដោយខ្លួន ដែលបានបណ្តាលឲ្យជនសកម្មប្រយុទ្ធជាន់ខ្ពស់ម្នាក់មានចំណងទាក់ទងជាមួយពួក al-Qaida ស្លាប់នៅក្នុងប៉ែកពាយ័ព្យនៃប្រទេសស៊ីរីកាលពីសប្តាហ៍មុន។
បើតាមការប្រាប់ឲ្យដឹងដោយក្រសួងការពារជាតិស.រ.អាកាលពីថ្ងៃអាទិត្យថាជនជាតិអារ៉ាប៊ីសាអូឌីតឈ្មោះ Sanafi al-Nasr បានត្រូវសម្លាប់កាលពីថ្ងៃព្រហស្បតិ៍។ គេបានពណ៌នាបុរសនោះថា ជាសមាជិកម្នាក់នៃក្រុមមួយដែលហៅខ្លួនឯងថា ជាក្រុម Khorasan និងជា «ជនសង្រ្គាមសាសនាម្នាក់ជាយូរយាមកហើយ» ដែលបានកាន់កាប់កិច្ចការហិរញ្ញវត្ថុរវាងក្រុមអ្នកផ្តល់ជំនួយ និងកិច្ចប្រតិបត្តិការនានារបស់ពួក al-Qaida។
លោករដ្ឋមន្ត្រីការពារជាតិអាមេរិក Ash Carterបានហៅការស្លាប់របស់ជនដែលមានអាយុ៣០ឆ្នាំរូបនេះថាជា «ដំណើរថយក្រោយមួយដល់ផែនការរបស់ពួកkhorasan ក្នុងការវាយប្រហារស.រ.អា និងក្រុមសម្ព័ន្ធមិត្តរបស់យើង»។
កាលពីឆ្នាំ២០១៤ក្រសួងហិរញ្ញវត្ថុស.រ.អាបានកំណត់ឈ្មោះ al-Nasr ជា«ភេរវជនអន្តរជាតិម្នាក់ដែលបានត្រូវចាត់ទុកជាពិសេស» ដោយសារតួនាទីរបស់ជននេះនៅក្នុងប្រទេសស៊ីរីជាមួយរណសិរ្ស al-Nusra និងពួក al-Qaida។ក្រសួងនេះក៏បាននិយាយថា ក្នុងឋានៈជា«អ្នកយុទ្ធសាស្ត្រកំពូល»ម្នាក់ al-Nasr បានប្រើប្រាស់ការផ្សព្វផ្សាយតាមបណ្តាញសង្គមដើម្បីបង្ហាញសេចក្តីប្រាថ្នារបស់គាត់ក្នុងការយកជនជាតិអាមេរិកាំង និងផលប្រយោជន៍អាមេរិកាំងជាទីដៅនៃការវាយប្រហារ»៕