មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិកម្នាក់ដែលធ្លាប់មានទំនាក់ទំនងជិតស្និទ្ធនឹងកោះតៃវ៉ាន់ និងក៏ដូចជាការប្រាស្រ័យទាក់ទងផ្នែកសឹកជាមួយប្រទេសចិនផងនោះ បានក្លាយជាមន្ត្រីយោធាអាមេរិកដំបូងគេ ដែលនិយាយរិះគន់ជាសាធារណៈទៅលើការបង្ក្រាបខាងនយោបាយ និងការបោះឆ្នោតដ៏ចម្រូងចម្រាសក្នុងប្រទេសកម្ពុជា។
លោក Randall G. Schriver ឧបការីរដ្ឋមន្ត្រីការពារជាតិអាមេរិក ទទួលបន្ទុកកិច្ចការសន្តិសុខតំបន់អាស៊ីប៉ាស៊ីហ្វិក ថ្លែងទៅកាន់ពិធីមួយ កាលពីថ្ងៃអង្គារ ដែលនិយាយអំពីយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងរដ្ឋធានី វ៉ាស៊ីនតោនដែលរៀបចំដោយវិទ្យាស្ថានសហគ្រាសអាមេរិកាំង (AEI)។
ក្នុងចំណុចមួយ លោក Randall G. Schriver បានពោលរិះគន់ការបោះឆ្នោតនៅប្រទេសកម្ពុជាដែលកើតមានឡើងនៅចំកណ្ដាលនៃការបង្ក្រាបខាងនយោបាយដ៏ជ្រាលជ្រៅទៅលើក្រុមជំទាស់ជាមួយនឹងរបបដឹកនាំប្រទេស និងបណ្ដាស្ថាប័នអង្គការសង្គមស៊ីវិល ប្រព័ន្ធឃោសនាផ្សព្វផ្សាយឯករាជ្យនានាដែលមិនចំណុះរដ្ឋអំណាច។
លោកបានបន្ថែមថា៖
«នៅឯប្រទេសកម្ពុជា យើងមានក្ដីបារម្ភអំពីនិន្នាការវិវត្តចុងក្រោយ។ ក្រោយការបោះឆ្នោតក្លែងក្លាយនៅប្រទេសកម្ពុជាកាលពីសប្ដាហ៍មុន សេតវិមានបានបញ្ចេញនូវការខកបំណងជាទីបំផុតរបស់ខ្លួន ហើយបានព្រមានថា វិធានការដែលបានរៀបចំរួចនានានឹងត្រូវយកមកអនុវត្ត ដើម្បីឆ្លើយតបនឹងការរៀបចំការបោះឆ្នោតខាងលើ»។
មន្ត្រីជាន់ខ្ពស់នៃមន្ទីរបញ្ចកោណរូបនេះបានបន្តថា៖
«ព្រមពេលជាមួយគ្នានេះ [រដ្ឋាភិបាល] កម្ពុជាក៏គួរតែដោះលែងលោក កឹម សុខា មេដឹកនាំគណបក្សជំទាស់ជាបន្ទាន់។ ការឃុំឃាំងដ៏ខុសឆ្គងលើលោក កឹម សុខា ដោយលោក ហ៊ុន សែន បាននឹងកំពុងបង្កនូវភាពតានតឹងក្នុងអារម្មណ៍ជាពន់ពេកដល់លោក កឹម សុខា និងបណ្ដាលឱ្យស្ថានភាពសុខភាពរបស់លោកមានសភាពចុះទ្រុឌទ្រោម»។
ទស្សនាទាំងស្រុង៖ (ភាសាអង់គ្លេស) លោក Randall G. Schriver ថ្លែងនៅក្នុងកិច្ចពិភាក្សាអំពីយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងរដ្ឋធានី វ៉ាស៊ីនតោនដែលរៀបចំដោយវិទ្យាស្ថានសហគ្រាសអាមេរិកាំង (AEI)៖
លោក Randall Schriver បានចាត់ទុកថាយោធារបស់កម្ពុជាទៀតត្រូវបានគេប្រើប្រាស់ដើម្បីគំរាមកំហែងប្រជាជនកម្ពុជាដែលកំពុងស្វះស្វែងសំឡេងដើម្បីអនាគតនយោបាយរបស់ពួកគេ។
នេះគឺជាការអំពាវនាវថ្មីមួយទៀតបន្លឺសំឡេងពីសហរដ្ឋអាមេរិក ឆ្លើយតបនឹងសេចក្ដីថ្លែងការណ៍ជាច្រើនសន្ធឹកដែលធ្លាប់មានកន្លងមកឆ្លើយតបនឹងអ្វីដែលគេហៅថាជាការបង្ក្រាបនយោបាយនៅប្រទេសកម្ពុជា ដែលចាប់ផ្ដើមពេញបន្ទុកកាលពីឆ្នាំមុន។ ពីលើកមុនៗ គេធ្លាប់តែឮ សេតវិមាន ក្រសួងការបរទេសអាមេរិក សភាទាំងពីរថ្នាក់របស់អាមេរិក និងស្ថានទូតរបស់មហាអំណាចមួយនេះនៅភ្នំពេញ ប៉ុណ្ណោះដែលនិយាយរិះគន់អ្វីដែលគេហៅថា ការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការបង្ក្រាបនយោបាយ។
កាលពីខែមិថុនា ក្រសួងរតនាគារអាមេរិក បានចូលអន្តរាគមន៍ដោយបានអនុវត្តការដាក់ទណ្ឌកម្ម ទៅលើ នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលរដ្ឋការអាមេរិកបានលើកហេតុផលពីប្រវត្តិនៃការរំលោភបំពានសិទ្ធិមនុស្សជាដើម។
យ៉ាងណាក្ដីការថ្លែងរបស់លោក Randall G. Schriver មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារប្រទេសអាមេរិក គឺជាសំឡេងដំបូងដែលគេបានឮចេញពីខាងក្នុងមន្ទីរបញ្ចកោណ ឆ្លើយតបនឹងការវិវត្តនយោបាយនៅប្រទេសកម្ពុជា នៅមិនដល់ពេលប៉ុន្មានផង ក្រោយពីគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ហើយអ្នកនាំពាក្យបក្សលោកថា មុខជានឹងប្រមូលអាសនៈទាំងអស់១២៥កៅអីតែម្ដងនៅសភាជាន់ទាប។
ក្នុងការថ្លែងរបស់លោកនៅឯ វិទ្យាស្ថានសហគ្រាសអាមេរិកាំង (AEI) លោក Randall G. Schriver ក៏បាននិយាយចំៗផងដែរ អំពីយុទ្ធសាស្ត្ររបស់អាមេរិកនៅក្នុងតំបន់អាស៊ីចុងបូព៌ា តាមរយៈខ្លឹមសារនៃបរិតំបន់«ឥណ្ឌូប៉ាស៊ីហ្វិក» ទប់ទល់នឹងការរីកត្រដែតឡើងនៃអនុត្តរភាពរបស់ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធនៃរដ្ឋអំណាចកម្ពុជា។
តាមរយៈជំនួយ និងការវិនិយោគទាំងផ្នែកសាធារណៈ និងទាំងផ្នែកឯកជនរបស់ប្រទេសចិន បាននាំឱ្យប្រទេសមួយនេះក្លាយជាអ្នកចាក់បញ្ចូលសាច់ប្រាក់ធំបំផុត ជួយទ្រទ្រង់ការបោះទុនវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងប្រទេសកម្ពុជា និងក៏ដូចជាការវិនិយោគលើវិស័យឧស្សាហកម្ម និងសេវាកម្មជាដើម។
ប្រទេសកម្ពុជាឯនេះវិញ ជារដ្ឋដែលបានប្រកាន់ខ្ជាប់នូវគោលនយោបាយ«ចិនតែមួយ» ដែលគាំទ្រមជ្ឈការអំណាចនៃគណបក្សកុម្មុយនីស្តចិននៅទីក្រុងប៉េកាំង និងជំទាស់រាល់គំនិតទាមទារឯករាជ្យផ្ដាច់ទឹកដីនិយម មិនថាតែនៅកោះតៃវ៉ាន់ ហុងកុង ម៉ាកាវ ទីបេតិ៍ ឬក៏តំបន់ខេត្តស៊ីនជាំងនៅភាគខាងលិចនោះទេ។
លោក Randall G. Schriver ធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងកោះតៃវ៉ាន់។ ពីសម័យដំបូងដែលលោកចូលធ្វើការនៅមន្ទីរបញ្ចកោណដំបូងក្នុងទសវត្សរ៍១៩៩០ លោកជាមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកសារគមនាគមន៍ការងារសឹកជាមួយនឹងភាគីកងទ័ពរំដោះប្រជាជនចិន និងកងកម្លាំងរបស់កោះតៃវ៉ាន់។
ក្នុងខែតុលាឆ្នាំទៅមិញ បណ្ដាញសារព័ត៌មាន Taiwan News បានហៅលោក Randall G. Schriver ថាជា «ទស្សនិកញឹកញាប់ និងជាអ្នកតស៊ូមតិដើម្បីតៃវ៉ាន់» និងជា«មិត្តភក្ដិយូរលង់របស់តៃវ៉ាន់»។ កាសែតដដែលបានផ្សាយថា លោកធ្លាប់ទទួលបានមេដាយកិត្តិយស ពីលោក Chen Shui Bian អតីតប្រធានាធិបតីកោះតៃវ៉ាន់ កាលពីឆ្នាំ២០០៥ ចំពោះស្នាដៃផ្សាភ្ជាប់ចំណងមិត្តភាពអាមេរិកនិងតៃវ៉ាន់។
ហើយនៅក្នុងសវនាការផ្ដល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការព្រឹទ្ធសភាអាមេរិកទទួលបន្ទុកកងកម្លាំងប្រដាប់អាវុធ មុននឹងលោកទទួលការតែងតាំងជាឧបការីរដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក Randall G. Schriver បានថ្លែងថា៖ «បើសិនត្រូវបានយល់ព្រមឱ្យកាន់ការតំណែង វានឹងក្លាយជាទិសដៅអាទិភាពក្នុងការវិនិយោគសហការជាមួយនឹងដៃគូផ្នែកសន្តិសុខរបស់យើង នៅតៃវ៉ាន់ និងសិង្ហបុរី»។
មុននឹងចូលមកកាន់ការក្នុងតំណែងថ្មីនៅមន្ទីរបញ្ចកោណកាលពីខែមករា លោក Randall G. Schriver ធ្លាប់ជានាយក វិទ្យាស្ថានគម្រោងឆ្នាំ២០៤៩ (Project 2049 Institute) ដែលធ្វើការសិក្សាស្រាវជ្រាវលើប្រធានបទសន្តិសុខ និងយោធានៅតំបន់អាស៊ី។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីកម្ពុជា បានមានប្រតិកម្មតបនឹងការលើកឡើងរបស់មន្ត្រីយោធាអាមេរិក ថាការថ្លែងនេះមិនមានអ្វីក្រៅតែអំពីការចង់បង្ហាញពីមហិច្ឆិតាភូមិសាស្ត្រនយោបាយរបស់អាមេរិកទប់ទល់នឹងប្រទេសចិនតែប៉ុណ្ណោះ។
មន្ត្រីរដ្ឋាភិបាលកម្ពុជារូបនេះ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា៖
«ការលើកឡើងរបស់ឧបការីរូបនេះ មិនត្រឹមតែមិនមានមូលដ្ឋានសុចរិត ច្បាស់លាស់នោះក៏ប៉ុន្តែ ហាក់បីដូចជាស្ថិតនៅក្នុងភាពស្លន់ស្លោ ខ្លាចដោយយល់ឃើញថាកម្ពុជា ស្និទ្ធជាមួយចិន ហើយយកសហរដ្ឋអាមេរិកជាសត្រូវ»។
លោក ផៃ ស៊ីផាន បានសរសេរបន្ថែមទៀតថា៖
«កម្ពុជា ក៏ដូចជាប្រជាជាតិអាស៊ានទាំងមូល រក្សាស្ថានភាពនយោបាយរួម មិនអោយធ្លាក់ចូល ក្នុងឥទ្ធិពលភូមិសាស្រ្តនយោបាយនោះឡើ់យ កម្ពុជាផ្ទាល់ សម្ដែងការសោកស្ដាយចំពោះការយល់ ច្រឡំរបស់ឧបការីរូបនេះចង់ទាញ ឬលាប[ពណ៌]កម្ពុជាអោយធ្លាក់ខ្លួនក្នុង ភូមិសាស្រ្តនយោបាយរបស់ខ្លួន ក្នុងការតតាំងប្រឆាំងជាមួយចិន»។
ក៏ប៉ុន្តែសម្រាប់លោកបណ្ឌិត អៀ សុផល សាស្ត្រាចារ្យផ្នែកការទូត និងនយោបាយសកល នៅមហាវិទ្យាល័យ Occidental សហរដ្ឋអាមេរិក បានមើលឃើញការថ្លែងរបស់ លោក Randall G. Schriver ថាជាការបង្ហាញអំពីសាមគ្គីភាពនៃបណ្ដាស្ថាប័នរដ្ឋរបស់អាមេរិក និយាយក្នុងសំឡេងតែមួយ ឆ្លើយតបនឹងបញ្ហានយោបាយកម្ពុជា។
អ្នកស្រាវជ្រាវរូបនេះបានសរសេរប្រាប់ VOA តាមសារអេឡិចត្រូនិកថា៖
«មនុស្សគ្រប់គ្នានៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី បានឯកភាពទៅលើបញ្ហាកម្ពុជា និងការចូលមកពាក់ព័ន្ធរបស់ប្រទេសចិន។ ... សហរដ្ឋអាមេរិកឈរនៅឯកភាពគ្នាក្នុងការថ្កោលទោសការបោះឆ្នោតក្លែងក្លាយនៅកម្ពុជា និងទាមទារការដោះលែងលោក កឹម សុខា»។
ទាក់ទិននឹងការថ្លែងអំពីក្ដីបារម្ភរបស់អាមេរិក ថាកម្ពុជាងាកទៅស្និទ្ធនឹងចិនជាងមុននោះ លោក អៀ សុផល បានបន្ថែមយ៉ាងដូច្នេះទៀតថា៖
«ហើយការហៅទំនាក់ទំនងរបស់កម្ពុជាជាមួយចិនថាជិតស្និទ្ធជាងមុននោះ ហាក់បីដូចជាការថ្លែងថា ប្ដីប្រពន្ធមួយគូមានកូនដប់នាក់ទៅហើយ ទើបនឹងស្វះស្វែងយល់ចិត្តគំនិតគ្នាអ៊ីចឹង!»។
ប្រទេសចិន ស្ថិតក្នុងចំណោមបណ្ដាប្រទេសដែលបានចេញសេចក្ដីថ្លែងការណ៍គាំទ្រជ័យជម្នះនៃការបោះឆ្នោតនៅកម្ពុជា។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថាអ្នកចេញទៅបោះឆ្នោតមានអត្រា៨២,៨៧% ហើយបក្សប្រជាជនកម្ពុជាបានឈ្នះឆ្នោតជាមួយនឹងសំឡេងប្រមាណ៧៦%នៃសន្លឹកឆ្នោតបានការទាំងអស់៕