ក្រសួង​ការពារ​ជាតិ​អាមេរិក​ថា ឧទ្ធម្ភាគចក្រ​កង​នាវា​អ៊ីរ៉ង់​ បាន​ហោះ​ជិត​នាវា USS Essex របស់​សហរដ្ឋ​អាមេរិក

រូបភាព​ថត​ពី​វីដេអូ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ដោយ​កងទ័ព​អ៊ីរ៉ង់ បង្ហាញ​ពី​ឧទ្ធម្ភាគចក្រ​ចុះចត​នៅ​លើ​នាវា​ដឹកជញ្ជូន Makran អំឡុង​ពេល​សមយុទ្ធ​កងទ័ព​ជើងទឹក។

ឧទ្ធម្ភាគចក្រ​របស់​កង​នាវា​អ៊ីរ៉ង់​ បាន​ហោះ​ចម្ងាយ​ ២៣​ ម៉ែត្រ​ប៉ុណ្ណោះ​ពី​នាវា​របស់​សហ​រដ្ឋ​អាមេរិក​សម្រាប់​វាយ​ប្រហារ​ទាំង​ក្នុង​ទឹក​ និង​លើគោក​ ខណៈ​នាវា​នោះ​ បាន​ធ្វើ​ដំណើរ​នៅ​ក្នុង​សមុទ្រ​អូម៉ង់​កាលពី​សប្តាហ៍​មុន។​ នេះ​ បើ​តាម​ក្រសួង​ការពារ​ជាតិ​សហ​រដ្ឋ​អាមេរិក។​

លោក ​John Kirby ​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​អាមេរិក ​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា ​ឧទ្ធម្ភាគចក្រនោះ​ «បាន​ប្រតិបត្តិការ​ក្នុង​លក្ខណៈ​ប្រកប​ដោយគ្រោះថ្នាក់​ និង​គ្មាន​វិជ្ជាជីវៈ» ​ដោយ​បាន​ហោះ​យ៉ាង​ទាប​បំផុត​កម្ពស់​តែ ​៣ ​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ផ្ទៃទឹក ​ហើយ​ក្រឡឹង​ជុំវិញ​នាវា​ចម្បាំង​ USS Essex ​របស់​អាមេរិក​ចំនួន​ ៣​ លើក។​

ឆ្លើយតប​ទៅ​នឹងការអត្ថាធិប្បាយ​របស់​លោក ​Kirby ​ទីភ្នាក់ងារ​ព័ត៌មាន ​IRNA ​ផ្លូវការ​របស់​ប្រទេស​អ៊ីរ៉ង់​ បាន​ចោទ​ប្រកាន់​ថា​ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​អាមេរិក​ព្យាយាម​បង្វែ​ភាព​ខុស​ច្បាប់​នៃ​វត្តមាន​យោធា​របស់​សហ​រដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​នោះ​ទៅជា​ស្រប​ច្បាប់​វិញ។​

មន្ត្រី​ក្រសួង​ការពារ​ជាតិ​សហ​រដ្ឋ​អាមេរិក​ម្នាក់​បាន​ប្រាប់​ VOA ​ថា​ ឧបទ្ទវហេតុ​នេះ​បាន​កើត​មាន​ឡើង​កាលពី​ថ្ងៃ​ទី​១១​ ខែ​វិច្ឆិកា​នេះ។ ​វីដេអូ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ ​Telegram ​របស់​អ៊ីរ៉ង់​ បាន​បង្ហាញ​ពី​ឧបទ្ទវហេតុនេះ ​ប្រហែល​ ៤៥ ​វិនាទី​ថតពី​កន្លែង​អ្នក​បើក​ឧទ្ធម្ភាគចក្រ​អ៊ីរ៉ង់។ ​

ឧបទ្ទវហេតុ​នេះ​ កើត​មាន​ឡើង​តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ​ បន្ទាប់​ពី​យន្តហោះ​គ្មាន​មនុស្ស​បើក​ជា​ច្រើន​គ្រឿង​ដែលគេ​រាយ​ការណ៍​ថា​ជា​របស់​អ៊ីរ៉ង់ ​បាន​ហោះ​ដោយ​គ្មាន​សុវត្ថិភាព​មក​ជិត​នាវា​ចម្បាំង ​USS Essex ​របស់​សហ​រដ្ឋ​អាមេរិក​នៅ​ច្រក​សមុទ្រ ​Hormuz។​

មន្ត្រី​សហ​រដ្ឋ​អាមេរិក​ម្នាក់​ដែល​បាន​ប្រាប់​ VOA ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ពីព្រោះ​គាត់​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ពិភាក្សា​អំពី​បញ្ហា​នេះ ​បាន​និយាយ​ថា ​យន្តហោះ​គ្មាន​មនុស្ស​បើក​ទាំងនោះ​ កាលពី​ថ្ងៃ​ទី២ ​ខែ​វិច្ឆិកា​ បាន​ហោះ​នៅ​ចម្ងាយ ​១.៥០០​ ម៉ែត្រ​ពី​នាវា​ប្រយុទ្ធ​របស់​សហ​រដ្ឋ​អាមេរិក​ ដែល​អាច​ចុះ​ទឹក​ និង​ឡើង​គោក៕