ក្រសួង​ការពារ​ជាតិ​អាមេរិក​ចុះ​កិច្ចព្រមព្រៀង​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​ជាមួយ​អូស្ត្រាលី​និង​អង់គ្លេស​ដើម្បី​ទប់​ឥទ្ធិពល​ចិន

រូបឯកសារ៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin ថ្លែង​នៅ​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​ដែល​មាន​ទីតាំង​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

ចាប់​ពី​ដ្រូន​ក្រោម​ទឹក​រហូត​ដល់គ្រឿង​ឧបករណ៍​សង្គ្រាម​អេឡិចត្រូនិក សហរដ្ឋ​អាមេរិក កំពុង​ពង្រីកកិច្ច​សហប្រតិបត្តិការ​ខាង​ផ្នែកបច្ចេកវិទ្យាយោធា​កម្រិត​ខ្ពស់​ជាមួយ​ប្រទេសអូស្ត្រាលី​និង​ចក្រភព​អង់គ្លេស​ ដែល​ជា​ផ្នែកមួយ​នៃ​កិច្ចប្រឹងប្រែង​ទូលំទូលាយរបស់​ខ្លួន ក្នុង​ការ​ទប់ទល់​នឹង​ឥទ្ធិពល​ ដែល​កំពុង​តែ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​របស់​ប្រទេស​ចិននៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។​ ​នេះ​បើតាម​ការចេញ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​សារព័ត៌មាន AP។

រដ្ឋ​មន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិកលោក​ Lloyd Austin​ បាន​ជួប​ជា​មួយ​ប្រមុខ​ការពារ​ជាតិ​នៃ​ប្រទេស​អូស្ត្រាលីនិង​ចក្រភព​អង់គ្លេស នៅ​មជ្ឈមណ្ឌលបច្ចេកវិទ្យាការពារជាតិនៃកងយោធា​សហរដ្ឋ​អាមេរិកក្នុង​តំបន់​ Silicon Valley នៃរដ្ឋ California សហរដ្ឋអាមេរិក​ កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ​ ដើម្បី​ចុះ​កិច្ចព្រមព្រៀង​ថ្មី​មួយ ស្តី​ពី​ការ​បង្កើន​កិច្ចសហ​ប្រតិបត្តិការ​បច្ចេកវិទ្យា និង​ការ​ចែក​រំលែក​ព័ត៌មាន។

យោង​ទៅ​លើ​សេចក្តី​ថ្លែងការណ៍​រួម​គ្នាមួយ​ គោល​បំណង​នៃ​កិច្ចព្រមព្រៀងនេះ គឺ​ដើម្បី​ដោះស្រាយ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវការ​ប្រឈម​នានា​នៃ​សន្តិសុខ​សាកល​ ដោយ​ធានា​ថា​ប្រទេស​នីមួយៗ​អាច​ការពារប្រឆាំង​ទប់ទប់​នឹង​ការ​គំរាមកំហែង​កាន់​តែ​វិវត្តកើន​ឡើង​យ៉ាង​ឆាប់រហ័ស​ ក៏​ដូចជា​«ការ​រួម​ចំណែក​ដល់​ស្ថិរភាពនិង​វិបុលភាពក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​និង​ឆ្ងាយហួស​ពី​នឹង​ផង​ដែរ»។​

លោក Austin បាន​ជួប​ជា​មួយរដ្ឋមន្ត្រី​ការពារ​ជាតិ​អូស្ត្រាលី​ លោក Richard Marles និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចក្រភព​អង់គ្លេស​លោក Grant Shapps​ នៅ​ទីស្នាក់ការអង្គភាព​នវានុវត្តន៍​ការពារ​ជាតិ​អាមេរិក។ ​

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានមួយ​ក្រោយ​ជំនួប​ប្រជុំ​នោះ​ ​រដ្ឋមន្ត្រី​ការពារ​អាមេរិក លោក Austin និយាយ​ថា​ ​កិច្ច​ប្រឹងប្រែង​នោះ​ជា​ឧទាហរណ៍​ នឹងបង្កើន​ភាព​ទំនើប​ដ៏​ឆាប់រហ័ស​នៃ​ប្រព័ន្ធ​ដ្រូន ​នឹងជា​ការ​បង្ហាញ​ថា​ ​«យើង​កាន់​តែ​ខ្លាំង​ឡើង​ពេល​ធ្វើ​ការរួម​គ្នា»។

កិច្ចព្រមព្រៀង​បច្ចេកវិទ្យា​ថ្មី​នេះ​ ជា​ជំហាន​បន្ទាប់​មួយ​ទៀត​ ​ក្នុង​ការពង្រីក​កិច្ចសហប្រតិបត្តិការយោធាឱ្យ​កាន់​តែ​ធំថែម​ទៀត​ ជា​មួយប្រទេស​អូស្ត្រាលី​ ដែល​ត្រូវ​បាន​ប្រកាស​កាលពី​ដំបូង​ក្នុង​ឆ្នាំ​២០២១។​ ​

រូបឯកសារ៖ ប្រធានាធិបតី​ចិន​លោក Xi Jinping ក្នុង​សន្និសីទ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុង​រដ្ឋ California កាលពី​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រទេស​ទាំង​៣​បានដាក់​ចេញផែនការ​មួយ​ចំនួន ដែល​គេ​ស្គាល់ថា​ជា​សម្ព័ន្ធភាព​ AUKUS ដើម្បី​ជួយដល់​ប្រទេសអូស្ត្រាលី​ឱ្យ​ទទួល​បាននាវាមុជ​ទឹក​ ដែល​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ចំនួន៨​គ្រឿង។ សម្ព័ន្ធភាព​ AUKUS ជា​ពាក្យ​អក្សរកាត់​ ដែល​ក្លាយ​មក​ពី​ពាក្យប្រទេស​អូស្ត្រាលី​ ចក្រភព​អង់គ្លេសនិង​សហរដ្ឋ​អាមេរិក។ ​

នៅ​ក្រោម​កិច្ចព្រមព្រៀង​នេះ​ ​អូស្ត្រាលីនឹង​ទិញនាវាមុជទឹកសហរដ្ឋ​អាមេរិក​ប្រភេទ Virginia-class​ ចំនួន​៣​គ្រឿង ហើយ​៣​គ្រឿង​ទៀត​នឹង​ត្រូវ​ផលិត​ឡើងថ្មី​ជា​ប្រភេទ​នាវាមុជទឹក​ AUKUS-class ដោយ​មាន​កិច្ចសហប្រតិបត្តិការ​ជា​មួយ​ចក្រភព​អង់គ្លេស។​ ​ នាវា​មុជទឹក​ទាំង​នេះដែល​ដើរ​ដោយបច្ចេកវិទ្យា​នុយក្លេអ៊ែរ​អាមេរិក នឹង​មិន​បំពាក់​អាវុធនុយក្លេអ៊ែរ​ឡើយ​ ហើយ​នឹង​ត្រូវ​សាងសង់នៅ​ក្នុង​ទី​ក្រុង​ Adelaide ប្រទេស​អូស្ត្រាលី​ ​ដោយនាវា​ទី​១​នឹង​ត្រូវបញ្ចប់ការ​សាងសង់​ក្នុង​អំឡុងឆ្នាំ​២០៤០៕​ ​

ប្រែសម្រួល​ដោយ​លោក ​ជ្រា វណ្ណារិទ្ធ