ក្រសួង​ការពារ​ជាតិ​អាមេរិក​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ប្រឈម​ជាមួយ​ចិន​

រូប​ឯកសារ៖ រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​សហរដ្ឋ​អាមេរិក​លោក ​Lloyd Austin ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​​មន្ទីរ​បញ្ចកោណ (ក្រសួង​ការពារ​ជាតិ) នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​​ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០២១។

រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​សហរដ្ឋ​អាមេរិក​លោក ​Lloyd Austin ​បាន​ចាប់​ផ្តើម​កិច្ច​ប្រឹងប្រែងកាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ដើម្បី​ដោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​ចំពោះ​បញ្ហា​ជាមួយ​ប្រទេស​ចិន​ដែល​ជា​ការ​ប្រឈម​សម្រាប់​យោធា​សហរដ្ឋ​អាមេរិក។​

ខណៈ​គំនិត​ផ្តួចផ្តើម​មួយ​ចំនួននៅ​ត្រូវ​រក្សា​ជា​ការ​សម្ងាត់​នោះ​ ក្រុម​មន្រ្តី​ក្រសួង​ការពារ​ជាតិ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​កិច្ចប្រឹង​ប្រែង​រៀបចំ​រចនាសម្ព័ន្ធ​ថ្មី​គឺ​ដើម្បី​ផ្តល់​អាទិភាព​ដល់​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ចិន​និង​ធ្វើ​ឱ្យ​ប្រាកដ​ថា​បញ្ហា​ប្រឈម​នៅ​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​មាន​ការ​យក​ចិត្តទុក​ដាក់​ស្រប​តាម​សារៈសំខាន់​របស់​វា។​

មន្ត្រី​ការពារ​ជាតិ​ម្នាក់​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃពុធ​ថា​កិច្ចខិត​ខំ​ប្រឹងប្រែង​នេះ​មិន​មែន​ជា​«យុទ្ធសាស្ត្រ​ថ្មី​ឬការ​ផ្លាស់​ប្តូរ​ទិស​ដៅ​ដែល​រដ្ឋបាល​លោក ​Biden​ បាន​ធ្វើ​មក​ដល់​សព្វ​ថ្ងៃ​នេះ​ទេ»។​

គំនិត​ផ្តួចផ្តើម​ទាំង​នេះ​គឺ​ផ្អែក​លើ​ក្រុម​ការងារ​ពិសេស​របស់​ក្រសួង​ការពារជាតិ​អាមេរិក​ស្តីពី​ប្រទេស​ចិនដែល​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ខែកុម្ភៈ​ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវ​គោល​នយោបាយ​ទាក់ទង​នឹង​ប្រទេស​ចិន​និង​អាទិភាព​កំពូលៗ។

មន្រ្តី​សហរដ្ឋ​អាមេរិក​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​អំពីចារកម្ម​ឧស្សាហកម្ម​របស់​ចិន​ការ​លួច​ព័ត៌មាន​ជីវសាស្រ្ត​និង​បច្ចេកវិទ្យា ដូចជា​បណ្តាញ​ 5G​ ជាដើម៕​