ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ចិន​ខឹង​សម្បា​នឹង​​​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ដែល​​ធ្វើ​ទស្សនកិច្ច​​នៅ​​តៃវ៉ាន់​


ប្រធានាធិបតី​តៃវ៉ាន់​ អ្នកស្រី Tsai Ing-wen ឈរ​ថ្លែង​ក្នុង​អំឡុង​ជំនួប​ជាមួយ​​​​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក អ្នកស្រី Tammy Duckworth (ស្តាំ) លោក Dan Sullivan និង លោក Chris Coons នៅ​ទី​ក្រុង​តៃប៉ិ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០២១។

ប្រទេស​ចិន​បានសម្តែង​នូវ​ការ​ខឹង​សម្បាយ៉ាងខ្លាំង​ចំពោះ​ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ដែលទៅ​បំពេញ​ទស្សនកិច្ច​កោះ​តៃវ៉ាន់​ដើម្បីប្រកាស​ផ្តល់​វ៉ាក់សាំងកូវីដ​១៩​ដោយ​និយាយ​ថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​លើក​ទឹកចិត្ត​ដល់ «កម្លាំងផ្តាច់​ខ្លួន» នៅ​លើ​ដែន​កោះ​មួយ​នេះ។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​តែង​ចាត់​ទុក​ដែន​កោះ​តៃវ៉ាន់​ដែល​គ្រប់គ្រង​ដោយ​ខ្លួន​ឯងតាម​បែប​ប្រជាធិបតេយ្យ​នោះ​ថាជា​ដែន​អធិបតេយ្យភាព​របស់​ខ្លួន​ដែល​ខ្លួន​នឹង​ដណ្តើម​គ្រប់​គ្រង​មក​វិញ​នៅ​ថ្ងៃ​ណា​មួយ​ហើយខ្លួន​អាចនឹង​ប្រើ​កម្លាំង​យោធា​ប្រសិន​បើ​ចាំបាច់​នោះ។ ប្រទេស​ចិន​ក៏​បាន​ខឹង​ក្រេវក្រោធផង​ដែរ​ចំពោះរាល់​ការ​ប៉ុនប៉ង​ផ្នែក​ការទូត​ណា​មួយ​ដើម្បី​ទទួល​ស្គាល់​ដែន​កោះ​មួយ​នេះ​ថា​ជា​ប្រទេស​ឯករាជ្យ​នោះ។

គណៈប្រតិភូ​សមាជិក​សភា​អាមេរិក​មួយ​ក្រុម​ដែល​មានសមាជិក​ចំនួន​៣នាក់​បាន​ឈប់​សំចត​ក្នុង​ទីក្រុង​តៃប៉ិកាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ដោយ​បាន​ប្រកាស​ថា រដ្ឋាភិបាល​អាមេរិក​នឹងផ្តល់​វ៉ាក់សាំង​កូវីដ​១៩ចំនួន​៧សែន​៥ម៉ឺនដូស​ដល់​កោះ​តៃវ៉ាន់។

ការផ្តល់​ជំនួយ​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​តៃវ៉ាន់​បាន​ចោទ​ប្រកាន់​ចិន​ដីគោក​ថា បាន​រារាំង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ក្នុង​ការ​ស្វែង​រកវ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​១៩ ដោយលើក​ឡើង​ថា​នេះ​ជាផ្នែក​មួយ​នៃ​យុទ្ធនាការរបស់រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​ការធ្វើ​ឲ្យ​កោះ​តៃវ៉ាន់​ស្ថិត​ក្នុង​ភាព​ឯកោ​នោះ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិនលោក Wang Wenbin បាន​ទាម​ទារ​ឲ្យ​សហរដ្ឋ​អាមេរិក «មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ទាក់​ទង​ជា​មួយ​កោះ​តៃវ៉ាន់​និង​ជៀស​វាង​បញ្ជូន​នូវ​សញ្ញា​ខុស​ឆ្គង​ណា​មួយ​ទៅ​កាន់កម្លាំង​បំបែក​រដ្ឋ» នៅ​លើ​ដែន​កោះ​នេះ៕

XS
SM
MD
LG