រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Mark Esper បានថ្លែងថា លោកមិនគាំទ្រការប្រើប្រាស់យោធា ដើម្បីបង្ក្រាបការតវ៉ានៅទូទាំងប្រទេស ដូចដែលបានស្នើឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីដើមសប្តាហ៍នេះឡើយ។
ថ្លែងនៅក្នុងសន្និសីទព័ត៌មានមួយ នៅក្រសួងការពារជាតិ នៅថ្ងៃពុធ ទី ៣ ខែមិថុនានេះ លោក Mark Esper បានប្រាប់អ្នកយកព័ត៌មានថា លោកមិនគាំទ្រការអំពាវនាវឲ្យមានច្បាប់បះបោរដែលនឹងអនុញ្ញាតឲ្យលោក ត្រាំ ប្រើកងទ័ពកំពុងបំពេញភារកិច្ចក្នុងការអនុវត្តច្បាប់ ដើម្បីជួយទប់ទល់នឹងបាតុកម្មតវ៉ាតាមដងផ្លូវ អំពីការស្លាប់របស់លោក George Floyd ដែលជាពលរដ្ឋអាមេរិកាំងដើមកណើតអាហ្រ្វិកមួយរូប ដែលបានស្លាប់ ខណៈពេលប៉ូលិសឃាត់ខ្លួនលោក នៅទីក្រុង Minneapolis រដ្ឋមីនីសូតានោះ។
លោក Esper បានថ្លែងក្នុងសម្តីដើមថា៖
«ជម្រើសក្នុងការប្រើកងកម្លាំងដែលកំពុងបំពេញភារកិច្ចក្នុងការអនុវត្តច្បាប់ គួរតែត្រូវបានប្រើជាជម្រើសចុងក្រោយបំផុត ហើយប្រើតែនៅក្នុងស្ថានការណ៍បន្ទាន់ និងធ្ងន់ធ្ងរបំផុតប៉ុណ្ណោះ។ ឥឡូវនេះ យើងមិនស្ថិតនៅក្នុងស្ថានការណ៍ណាមួយ ក្នុងចំណោមស្ថានការណ៍ខាងលើនេះទេ»។
ក្នុងការថ្លែងសុន្ទរកថាពីសួនផ្កាកុលាបនៅក្នុងបរិវេណនៃសេតវិមាន កាលពីថ្ងៃច័ន្ទ ទី ១ ខែមិថុនា កន្លងទៅនេះ លោក ត្រាំ បាននិយាយថា ប្រសិនបើអភិបាលរដ្ឋនានានៅក្នុងប្រទេស មិនអាចគ្រប់គ្រងការតវ៉ានៅក្នុងរដ្ឋរបស់ពួកគេបានទេ នោះលោកនឹងបញ្ជូនយោធាអាមេរិកដើម្បីបញ្ឈប់បាតុកម្មតវ៉ាទាំងនោះ។
ជាមួយគ្នានោះ លោក Esper ក៏ត្រូវបានគេសួរអំពីរូបថតបែបឆ្លៀតឱកាសនៅព្រះវិហារ St. John's Church ដែលត្រូវបានថតកាលពីថ្ងៃចន្ទផងដែរ។ រូបថតនោះកំពុងតែទាក់ទាញការរិះគន់ ដែលលោក Esper ក៏មានចំណែកដែរ។ នៅពេលនោះ មន្រ្តីអនុវត្តច្បាប់ បានបណ្តេញអ្នកតវ៉ាដោយសន្តិវិធីដោយបង្ខំពីឧទ្យាន Lafayette ដែលនៅពីមុខសេតវិមាន ដើម្បីឲ្យលោកប្រធានាធិបតី ត្រាំ អាចដើរឆ្លងកាត់បាន។ ក្រោយមកលោក Esper បានឈរអម គ្រាដែលលោកប្រធានាធិបតីលើកកាន់គម្ពីរមួយក្បាល។
លោក Esper បាននិយាយថា នៅពេលនោះ លោកមិនបានដឹងថា ខ្លួនលោកហៀបនឹងចូលរួមនៅក្នុងការថតរូបនោះទេ។ លោកបាននិយាយថា លោកព្យាយាម ធ្វើយ៉ាងណាឲ្យក្រសួងការពារជាតិ មិនពាក់ព័ន្ធនៅក្នុងនយោបាយ ប៉ុន្តែលោកនិយាយទៀតថា ជាញឹកញាប់ លោកមិនបានទទួលជោគជ័យនោះទេ។
រដ្ឋមន្រ្តីក្រសួងការពារជាតិរូបណេះ ក៏បានថ្លែងថ្កោលទោសចំពោះទង្វើរបស់ប៉ូលិសនៅក្នុងទីក្រុង Minneapolis ចំពោះការស្លាប់របស់លោក George Floyd។ លោកបានថ្លែងថា លោកសង្ឃឹមថា ក្នុងពេលអនាគត នឹងមានបាតុកម្មអហិង្សា ដែលជាការគោរពដល់លោកGeorge Floyd ដែលជំរុញឲ្យមានការទទួលខុសត្រូវចំពោះការស្លាប់របស់លោក និងជំរុញឲ្យប្រទេសជាតិទាំងមូល គិតឡើងវិញអំពីការរើសអើងជាតិសាសន៍នៅអាមេរិក៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់